រត់​បុក​អាជ្ញាកណ្ដាល​តិចតួច​សោះ​ឲ្យ​កាត​ក្រហម​ ទ្រាំ​មិន​បាន​កីឡាករ​វ៉ៃ​​ផ្អើល​ទីលាន​ប្រកួត​ (វីដេអូ)​

លីគលំដាប់បីនៅប្រទេសហ្គាតេម៉ាឡា មិនមែនជាលីគបាល់ទាត់ដ៏គួរឲ្យចាប់អារម្មណ៍អ្វីនោះទេក្នុងពិភពបាល់ទាត់ តែរហូតមកដល់ពេលនេះ មានព្រឹត្តិការណ៍មួយដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង គឺការបើកការវាយប្រហាររបស់កីឡាករម្នាក់ ទៅលើអាជ្ញាកណ្ដាល។

រឿងនេះបានកើតឡើងនៅក្នុងការប្រកួតរវាងក្រុម Deportivo Chicacao ជាមួយនឹងក្រុម Obereños ហើយមើលទៅកីឡាករលេខ៧ Daniel Pedrosa ប្រហែលជាត្រូវបានពិន័យឲ្យនៅក្រៅការប្រកួតរយៈពេលយូរ ដោយសារទប់អារម្មណ៍មិនជាប់ ក្រោយពេលទទួលបានកាតក្រហម ហើយទន្ទឹមគ្នានឹងការបានកាត បញ្ជូនចេញពីការប្រកួតនេះ រូបគេបានយកក្បាលជល់ និងដាល់កណ្ដាលមុខអាជ្ញាកណ្ដាល។

ដំណើររឿងនៃការបានកាតក្រហមនេះគឺ Daniel បានរត់ទៅយកបាល់ រួចហើយក៏ជ្រុលទៅទើសអាជ្ញាកណ្ដាលបន្តិច តែទោះបីជាយ៉ាងនេះក្ដីអាជ្ញាកណ្ដាលខាងលើមើលទៅហាក់ដូចជាមិនពេញចិត្តប៉ុន្មានទេ ហើយភ្លាមៗនោះរូបគេក៏បានដកកាតក្រហមឲ្យកីឡាករលេខ៧រូបនេះតែម្ដង។

មិនបង្អង់យូរ គឺគ្រាន់តែបានកាតក្រហមភ្លាម Daniel មើលទៅរាងឆេះដុំ ហើយបានយកក្បាលទៅជល់អាជ្ញាកណ្ដាល បន្ទាប់មកក៏បានដាល់មួយដៃកណ្ដាលមុខបន្ថែមទៀត ធ្វើឲ្យអាជ្ញាកណ្ដាលរត់ស្រវេស្រវាចេញពីទីលាន។ ប្រិយមិត្តមិត្តអ្នកអានអាចឃើញសកម្មភាពនេះ នៅក្នុងវីដេអូខាងក្រោម ដូច្នេះសូមទស្សនា។

ប្រភព៖ news.kqube


Related Posts