គ្រូភ្នំពេញក្រោន ត្រៀមបិទមិនឲ្យបឹងកេត រកបានគ្រាប់បាល់

ខណៈក្រុមបឹងកេតអង្គរ បានដាក់ទិសដៅថា ត្រូវឈ្នះទាំង៣ប្រកួតដែលសេសសល់ របស់ខ្លួន ដើម្បីលើកពានរង្វាន់ក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦នោះ ភ្នំពេញក្រោន ដែលជាក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមទាំង៣ ដែលបឹងកេត ត្រូវជួបនោះ កំពុងត្រៀមបិទមិនឲ្យបឹងកេត រកបានគ្រាប់បាល់នោះឡើយ ហើយលើសពីនេះ ភ្នំពេញក្រោន កំណត់រកឲ្យបានគ្រាប់បាល់ ដើម្បីយកឈ្នះលើបឹងកេត វិញ។

mm1

លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន ត្រូវបានសម្ភាសដោយក្រុមព័ត៌មានក្លិបភ្នំពេញក្រោន ផ្ទាល់ ដើម្បីបង្ហោះនៅលើផេកហ្វេសបុករបស់ក្លិបមួយនេះ ដែលមានខ្លឹមសារជារួមថា៖«សម្រាប់ការប្រកួតនៅក្នុងឆ្នាំ២០១៦នេះ យើងអាចនិយាយបានថា បឹងកេង ជាក្រុមខ្លាំងជាងគេ ព្រោះខ្សែការពាររបស់គេធ្វើបានល្អ ហើយពួកគេរកបានគ្រាប់បាល់ច្រើនមែនទែន ដូច្នេះយើងត្រូវត្រៀមឲ្យបានល្អមែនទែន ដើម្បីទប់កុំឲ្យគេរកបានគ្រាប់បាល់ តែយើងត្រូវរកឲ្យបានគ្រាប់បាល់សម្រាប់ខ្លួនឯង ស្វែងរកជ័យជម្នះក្នុងការប្រកួតលើកនេះ»។

លោក សែម បានបន្តថា៖«ការជួបជាមួយបឹងកេត រៀងរាល់ឆ្នាំ តែងតែមានអ្នកគាំទ្រច្រើន ដោយសារពួកគេជឿជាក់លើភ្នំពេញក្រោន ពេលប៉ះបឹងកេត ហេតុនេះទាំងគ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រ ចង់ឃើញការប្រកួតដ៏ល្អមួយ។ ប៉ុន្តែយើងអត់មានការរៀបចំអ្វីផ្សេងនោះទេ ហើយក៏អត់មានហាត់នៅក្រៅអ្វីនោះដែរ គឺយើងធ្វើទៅតាមទម្លាប់ និងបទពិសោធ ដែលធ្លាប់ជួយឲ្យយើងឈ្នះកន្លងមក ដូច្នេះយើងចង់ធ្វើអ៊ីចឹងបន្តទៀត»។

គួរបញ្ជាក់ថា សម្រាប់ការជួបគ្នាជើងទី១ ក្រុមភ្នំពេញក្រោន បានចាញ់ក្រុមបឹងកេតអង្គរ ២-១ ទាំងមិនអស់ចិត្ត ហើយក្រុមទាំង២នេះ និងវិលមកជួបគ្នាជាថ្មី នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ខណៈពេលនេះ បឹងកេត កំពុងឈរនៅកំពូលតារាង ដោយមាន៣៨ពិន្ទុ ឯក្រុមភ្នំពេញក្រោន ឈរនៅលេខរៀងទី៥ មាន២២ពិន្ទុ៕

ចំណាត់ថ្នាក់បណ្តោះអាសន្ននៃការប្រកួតក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦

table

The post គ្រូភ្នំពេញក្រោន ត្រៀមបិទមិនឲ្យបឹងកេត រកបានគ្រាប់បាល់ appeared first on CamboSport.