​​ដេក​ស្លាប់​ក្នុងកាប៊ីន​ឡាន ម្ខាងថាខ្យល់.គរ ម្ខាង​ថាឃាតកម្ម

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​ផែស្ងួត​ «តេ​ង​ឡាយ» ម្នាក់ ​ត្រូវ​​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង ដែល​ធ្វើ​ឱ្យ​​គេ​សង្ស័យ​​ថា ការ​ស្លាប់​នោះ​ជា​អំពើ​​មនុស្សឃាត ​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ឡើង ​កាល​ពី​វេលា​​ម៉ោង០​៧ ​និង​១០​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា ​​២០១៦ ​​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​អូរ​​ដឹ​ម​កប់​ស្រូវ ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​តែដោយឡែក សមត្ថកិច្ច​បាន​សន្និដ្ឋានថា ជនរងគ្រោះ​​អាច​ស្លាប់​ដោយសារ​​ជំងឺ​គាំងបេះដូង​ ឬ​ខ្យល់គ​រ ដែល​ទំនង​​​ធ្វើការ​ហួស​កម្លាំង​ពេក ដេក​មិន​បាន​គ្រប់គ្រាន់ ​មិនសូវ​បាន​សម្រាក ទើប​ពេលដេក​ ក៏​គាំងបេះដូង​ស្លាប់​បែប​នេះ​តែ​ម្ដង ​។ ចំណែក​ខាង​ម្ចាស់​ទីតាំង​​នោះ​វិញ បាន​ព្យាយាម​បិទ​បាំង​ព័ត៌មាន​មិន​បាន​បញ្ចេញ​ឱ្យ​​ដឹង​នោះ​ទេ ។ មិនតែប៉ុណ្ណោះ​ ថែម​ទាំងបាន​បញ្ជា​ឱ្យ​​ក្រុម​សន្តិ សុខ ធ្វើការ​រាំង​ឃាត់​មិន​ឱ្យ​ក្រុម​អ្នក​​កាសែត​ចូល​ទៅ​ថតរូប​​ឡើយ ដែល​រឹតតែ​ធ្វើ​ឱ្យ​​មហាជន​មានការ​សង្ស័យ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​​​បុរស​ខាងលើ ។

អ្នកបើកបររថយន្ត​​ដែល​ស្លាប់​នោះ ឈ្មោះ​ផាត់ វី​រៈ ហៅ​រឿង អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ​និង​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ ​ស្លាប់​ក្នុងរថយន្ត​១​គ្រឿង​ម៉ាក​នី​ស្សាន់​ឌី​សែ​ល ព​ណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-8639 ហើយ​ក៏​ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​នេះ​តែម្តង ​។

តាម​ប្រភព​​ថា យុវជន​រូប​នោះ​​ត្រូវ​បាន​មេការ​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ ប្រើ​ឱ្យ​​បើករថ​យន្ត​ដឹក​កុងតឺន័រ​ទៅ​កាន់​ខេត្ត​ឆ្ងាយ​ៗ មិនសូវ​បាន​ឈប់​សម្រាក​នោះ​ទេ ហើយ​មិនសូវ​បាន​​ដេក​គ្រប់គ្រាន់​ដែរ ។ ដោយ​ឡែ​ក នៅ​មុន​ពេល​កើតហេតុ​ ​ថ្ងៃ​ទី​១០ ​សីហា ​២០១៦  យុវជន​នោះ​ បាន​ចូល​ដេក​នៅ​ក្នុង​កាប៊ី​ន​រថយន្ត លុះដល់​ពេល​កើតហេតុ ត្រូវ​​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​នោះ​តែ​ម្ដង ដោយ​ពុំ​ដឹង​ថា ​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ​នោះ​ឡើយ ប៉ុន្តែ​អ្នក​រស់នៅ​ក្បែរ​នោះ​បាន​សង្ស័យ​ថា ជន​រង​គ្រោះ​ខាងលើ ស្លាប់​ដោយសារ​តែ​អំពើ​ឃាតកម្ម​ ។​

ដោយឡែក​ ខាង​កម្លាំង​នគរ​បាល​មិន​បាន​ប្រាប់ពី​មូលហេតុ​ជន​រង​គ្រោះ​ស្លាប់​នោះ​​ទេ សង្ស័យ​ធ្វើការ​ហួសកម្លាំង ដេក​មិន​គ្រប់គ្រាន់​ទៀត​ផង រីឯ​តំណាង​ក្រុមហ៊ុន​ផែស្ងួត​នោះ​វិញ គ្មាន​អ្វី​ក្រៅ​តែ​ពី​ការបញ្ជា​ឱ្យ​​ក្រុម​សន្តិសុខរារាំង​ក្រុម​អ្នកកាសែត​ចូល​ថតរូប​យក​​​​ព័ត៌​មាន​ឡើយ​ ។