សា​រ៉ា​យ ស​ក្ខ​ណា ៖ ​​ម្តាយ​ខ្ញុំ​មិនមែន​ជា​ម៉ែយ៉ែមទេ​

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​សា​រ៉ា​យ ស​ក្ខ​ណា មិន​សប្បាយចិត្ត​ទេ​ ចំពោះ​ការ​លើក​ឡើង​ថា ​ម្តាយ​របស់​នាង​ជា​ម៉ែ​យ៉ែ​ម ។ ក្រុម​គ្រួសារ​ស​ក្ខ​ណាចាត់​ទុក​ថា​ នោះ​ជា​ព័ត៌មាន​ប៉ះពាល់​ដល់​កិត្តិយស​បំផុត ។

ព័ត៌មាន​ពី​តារា​សម្តែង និង​ម៉ូ​ដែល​កញ្ញា​សូរ អេ​ណា ដែល​រង​ការ​ចោទ​ថា​ ដណ្តើម​ប្តី​គេ​នោះ ក៏​បាន​សាយភាយ​ធ្លាយ​ទៅ​ដល់​អ្នកស្រី​ផា​ន សម្ផស្ស ម្តាយ​របស់​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា​ ដែរថា​ ជា​អ្នក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល ។ សា​រ៉ា​យ ស​ក្ខ​ណា ធានា​អះអាង​ថា ម្តាយ​នាង​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ ដោយ​នាង​ហ៊ាន​យក​កិត្តិយស ​ដែល​នាង​សាង​ជា​ច្រើន​ឆ្នាំ​មក​ធានា ។

ទោះបីជា​ពាក្យ​ជេរ​ប្រមាថ​ទៅ​កាន់​ពិធី​ការិនី​ទូរទស្សន៍​ប៉ុស្តិ៍ CTV 8 HD កញ្ញា​សូរ អេ​ណា បាន​ស្ងប់ស្ងាត់​ក្តី តែ​ពាក្យ​ចោទប្រកាន់​លើ​ម្តាយ​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា នៅ​មិន​ទាន់​ជ្រះស្រឡះ​នៅឡើយ ។ បន្ថែម​លើ​ពាក្យពេចន៍​ហែកកេរ្តិ៍​នាង​សូរ អេ​ណា នោះ ហ្វេ​ស​ប៊ុ​ក Marie Young បាន​បង្ហាញ​ពី​រូបថត អ្នកស្រី​សម្ផស្ស ជា​ម្តាយ​របស់​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ជា​ថៅកែ​ហាង​ស៊ុប​ថា​ជា​អ្នក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល គឺ​ទាក់ទង​នាង​សូរ អេ​ណា ឱ្យ​បុរស​ជា​ប្តី​គេ​នោះ ។

អ្នកស្រី​ផា​ន សម្ផស្ស បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​ថា​ជា​ការ​និយាយ​បំផ្លើស​មិន​ពិត​។ អ្នកស្រី​មិន​ប្រព្រឹត្ត​អំពើ​បែប​ថោកទាប​នោះ​ទេ ហើយ​អ្នកស្រី​ក៏​ដូច​ជា​មិនសូវ​យល់​ដឹង​ពី​រឿង​ហ្វេ​ស​ប៊ុ​ក​ច្រើន​ដែរ ។ «​រឿង​ទទួលភ្ញៀវ គឺជា​ភារកិច្ច​របស់ខ្ញុំ​ដែល​ជា​ម្ចាស់​ហាង ដែល​បើក​របរ​បម្រើ​អាហារ​នេះ​ស្រាប់ ហើយ​ខ្ញុំ​ស្វាគមន៍ និង​រាក់ទាក់​គ្រប់​តែ​ភ្ញៀវ ។

ឯ​ក្មួយ​សូរ អេ​ណា នោះ​វិញ​គ្រាន់តែ​ស្គាល់​ នាង​ថា​ជាតា​រា​ស្រី​ដូច​ជា ក្មេង​ៗ​តារា ផ្សេង​ៗ​ដទៃ​ដែរ ហើយ​ត្រង់​គេ​ហៅ​ខ្ញុំ​ថា​ម៉ាក់​នោះ គឺ ក្មេង​ៗ​ប្រុស​ស្រី​ជាតា​រា​តែងតែ​ហៅ​បែប​នេះ ព្រោះ​ពួក​គេ​ក៏​មាន​វ័យ​អាច​ចាត់ទុកជា​កូន​ខ្ញុំ ។ រឿង​ចោទប្រកាន់​នេះ មានការ​ប៉ះ ពាល់​ដល់​កិត្តិយស ហើយ​ក៏​មិន​ចង់​ធ្វើ​អ្វី​ដោយ​ភាព​តក់ក្រហល់​ដោះស្រាយ​បញ្ហា ទើប​បានជា​ខ្ញុំ​ត្រូវ​សាកសួរ​ផ្ទាល់​ជាមួយនឹង​អ្នក ចោទ​នោះ​សិន​» ។

បន្ថែម​លើស​ម្តី​ម្តាយ​នោះ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បញ្ជាក់​ថា នាង​មិន​ចង់​ឲ្យ​រឿង​នេះ​កាន់តែ​វែង​ឆ្ងាយ​ទេ ប៉ុន្តែ​អ្វី​ដែល​នាង​ចង់​បញ្ជាក់​គឺ​ម្តាយ​នាង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ ។ ម្តាយ​ដើរ​តាម​នាង​ចាប់តាំងពី​នាង​ចាប់​អាជីព​សិល្បៈ​មក ហើយ​អ្នក សិល្បៈ​ជា​ច្រើន និង​អ្នក​ក្រៅ​រង្វង់​សិល្បៈ​មួយ​ចំនួន​សុទ្ធតែ​ដឹង​ថា​នាង​និង​ម្តាយ​ជា​មនុស្ស​ប្រភេទ​ណា ។

«​ប្រសិនបើ​ម្តាយ​នាង​ខ្ញុំ​ជា​ម៉ែ​យ៉ែ​មមែ​ន ម្ល៉េះ​មិន​សម​ឲ្យ​ម្តាយ​ប្រឹងប្រែង​លក់ដូរ​មិន​ស្គាល់​យប់​ថ្ងៃ​ទេ ។ កិត្តិយស​ពិតជា​សំខាន់​សម្រាប់​នាង​ខ្ញុំ​និង​គ្រួសារ  ហើយ​នាង​ខ្ញុំ​សុខចិត្ត​យក​កិត្តិយស​ខ្លួន​មក​ធានា​អះអាង​ថា ម្តាយ​នាង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ ប្រកាន់​ទេ ។ មុខមាត់​នាង​ខ្ញុំ​ប៉ុណ្ណឹង​ដែរ ហេតុ​អី​ឲ្យ​ម្តាយ​ទៅ​ប្រព្រឹត្ត និង​ប្រកបការងារ​បែប​ហ្នឹង​» ។

សា​រ៉ា​យ ស​ក្ខ​ណា រំពឹង​ថា ទស្សនិកជន​នឹង​ជឿជាក់​លើ​ភាព​ស្អាតស្អំ​របស់​នាង និង​ម្តាយ​។ ទោះជា​យ៉ាងណា​ក្តី ស​ក្ខ​ណា​និង​ក្រុម​គ្រួសារ​មាន​បំណង​ចង់​ឲ្យ​ស្ត្រី​ដែល​ចោទប្រកាន់​នោះ​ចេញ​មុខ​និយាយ​តទល់​គ្នា ដើម្បី​ចៀសវាង​យល់​ខុស​ណាមួយ​មក​លើ​ម្តាយ​នាង ។

រហូត​មក​ទល់​ពេល​នេះ​ក្រុម​គ្រួសារ​សា​រ៉ា​យ ស​ក្ខ​ណា មិន​ថា​ខាង​ប្តី និង​ខាង​សា​រ៉ា​យ ស​ក្ខ​ណា​ទេ គឺ​បាន​ស្រុះស្រួល​គ្នា​ឲ្យ​ស​ក្ខ​ណា​បើកមុខរ​បរជា​ថៅកែ​ហាង​កែ​សម្រស់​មួយ​នៅ​ភ្នំពេញ​ដែល​ជិត​សម្ពោធ​នា​ពេល ឆាប់​ៗ​ខាង​មុខ ក៏​ព្រោះ​ពង្រឹង​ជីវភាព ។ ប្រការ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​កំហឹង​ឆួល​ឡើង​ក្នុង​ពេល​មាន​ពាក្យ​មិនល្អ​មក​លើ​ម្តាយ​តារា​សម្តែង​រូប​នេះ ៕