លោក Duterte ៖ កម្ទេច​ក្រុម​ភេរវជន Abu Sayyaf ចោល​ទៅ​,​នេះ​ជា​បទបញ្ជា​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-11-2016, 8:19 pm         430

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte ៖ កម្ទេច​ក្រុម​ភេរវជន Abu Sayyaf ចោល​ទៅ​,​នេះ​ជា​បទបញ្ជា​​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte  បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កងទ័ព​ហ្វីលីពីន​កម្ទេច​ក្រុម​ភេរវជន Abu Sayyaf ឲ្យ​អស់​។ ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ​អះអាងថា បើសិនជា​មិន​កម្ចាត់​ក្រុម​ប្រដាប់អាវុធ​នេះ ទេ ក្នុង​រយៈពេល​បី​ទៅ ៧​ឆ្នាំ ហ្វីលីពីន​អាច​នឹង​ឆ្លង​ជំងឺ​របស់​«​ភេរវជន​រដ្ឋ​ឥស្លាម​» ដែរ​។ វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ ព្រោះ​កាលពី​ខែមិថុនា ក្រុម​ប្រដាប់អាវុធ​នៅ​Mindanao នេះ​បានបង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​ដែរ​។ លោក Duterte ក៏​សន្យាថា ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​កម្ចាត់​ក្រុម​ភេរវជន ដោយ​ធ្វើយ៉ាងណា​បំពាក់​សព្វាវុធ​ចាំបាច់​និង​ទំនើប​ដល់​កងទ័ព ហើយ​លោក​ក៏បាន​រំលឹក​ពី​ផែនការ​ជ្រើសរើស​កងទ័ព​បន្ថែមចំនួន ២​ម៉ឺន​នាក់​ផងដែរ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


 សង្គ្រាម​ប្រឆាំង​ក្រុម​ឧទ្ទាម Abu Sayyaf ចាប់ផ្តើម​កាន់តែខ្លាំង ក្រោយ​ពេលដែល​ប្រធានាធិបតី​ជើង​ខ្លាំង Rodrigo Duterte បញ្ជា​ឲ្យ​កងទ័ព​ហ្វីលីពីន​កម្ទេច​ក្រុម​ប្រដាប់អាវុធ​នេះ​ឲ្យ​អស់​។ លោក​បានចេញ​បញ្ជា​យ៉ាង​កំហិត​បែបនេះ ក្នុងពេល​លោក​ត្រួតពិនិត្យ​ជំរំ​ទ័ព​និង​សំណេះសំណាល​ជាមួយ​កងទ័ព​ដែល​ឈរជើង​នៅក្នុង​ក្រុង  Zamboanga del Sur នា​ខេត្ត​ដែល​ញាំញី​ដោយ​ជម្លោះ Mindanao កាលពី​ថ្ងៃ​អង្គារ​។

​កាល​ខែកក្កដា រដ្ឋបាល​លោក Duterte ក៏​ធ្លាប់​ចរចា ជាមួយ​ក្រុម​ប្រដាប់អាវុធ​នេះ​បាន​ជោគជ័យ ដើម្បី​ឲ្យ​មានការ​ដោះលែង​ជនជាតិ​ន័​រវេ​ស​ដែល​ពួកគេ​ចាប់ជំរិត​។ តែ​ក្រុម​ប្រដាប់អាវុធ​នេះ​បានសម្លាប់​ជនជាតិ​កាណាដា​ដោយ​កា​ត់ក ព្រោះតែ​មិនបាន​ទទួល​ប្រាក់​លោះ​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ផង​កាលពី​ខែកក្កដា​ដែរ​។ ចាប់តាំងពី​ពេលនោះ​មក លោក Duterte បាន​សន្យា​បញ្ចប់​ឲ្យ​អស់​ការចាប់​ជំរិត ហើយ​លោក​ក៏​ទាត់ចោល​រាល់​សំណើរ​ពាក់ព័ន្ធ​ការចរចា​ជាមួយ​ក្រុម​ប្រដាប់អាវុធ​មួយ​នេះ​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

១.​លោក Duterte ប្រាប់​កងទ័ព​៖ កម្ទេច​ពួកគេ​,​នេះ​ជា​បទបញ្ជា​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​នាយទាហាន​និង​កងទ័ព​នៅ​តំបន់​ខាងលើ​លោក​ប្រធានាធិបតី Duterte បាន​ហៅ​ក្រុម Abu Sayyaf នេះ​ចំៗ​ថា ជា​ក្រុម​ភេរវជន និង​ក្រុមចោរប្លន់​។ ហើយ​លោក​សង្កត់ធ្ងន់ថា វា​ដល់​ពេលដែល​រដ្ឋាភិបាល​ត្រូវ​កម្ចាត់​ក្រុម​ដែល​គំរាមកំហែង​សន្តិសុខ​និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាជន​ជាពិសេស​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ហ្វីលីពីន​ឆ្លង​ជំងឺ​ភេរវកម្ម «​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​»​នៅពេល​អនាគត​។ លោក​ថ្លែង​លះៗ​ថា ៖«​កម្ទេច​ក្រុម Abu Sayyaf ចោល​ទៅ​។ នេះ​ជា​បទបញ្ជា​។ ការ​កម្ចាត់​ក្រុម​នេះ​ចោល​វា​សំខាន់​ណាស់​បច្ចុប្បន្ននេះ​។ បើ​មិន​ដូច្នោះ​ទេ​ហ្វីលីពីន​អាច​ប្រឈម​គ្រោះថ្នាក់​ដោយ​ឆ្លង​ជំងឺ​រាតត្បាត​របស់​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ផង​»​។​

​ប្រធានាធិបតី​រូបនេះ​ក៏​វាយតម្លៃ​ជាមុន​ផងដែរ​ថា ហ្វីលីពីន​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ជាពិសេស​រង​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ក្នុងពេល​អនាគត​។ លោក​បាន​បន្តថា​៖«​ខ្ញុំ​មើលឃើញថា បញ្ហា​កំពុង​ផុស​ឡើង ហើយ​ក្នុង​រយៈពេល​ពី​បី​ទៅ​ប្រាំពីរ​ឆ្នាំ​ទៅមុខទៀត ហ្វីលីពីន​អាច​នឹងមាន​បញ្ហា​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​មិន​ខាន​»​។

​រយៈពេល​ជាង ២០​ឆ្នាំ​មកនេះ ក្រុម​ប្រដាប់អាវុធ Abu Sayaff បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ហ្វីលីពីន ហើយ​បង្ក​អសន្តិសុខ​ខ្លាំង​នៅក្នុង​ប្រទេស​។ ការចាប់​ជម្រិត កាត់​ក្បាល បង្ក​ឲ្យ​ប្រជាជន​ភ័យខ្លាច និង​បំផ្ទុះ​គ្រាប់បែក​ជា​ជំនាញ​និង​អត្ត​សញ្ញាញ​របស់​ក្រុម​ប្រដាប់អាវុធ​នេះ​។ ថ្វីបើ​វា​តូច​មែន តែបើ​គ្មាន​ចំណាត់ការ​ត្រឹមត្រូវ វា​នឹង​រីក​ធំធាត់ និង​ចង​បណ្តាញ​ជាមួយ​ក្រុម​ភេរ​ជន​នៅក្រៅ​ប្រទេស​ដើម្បី​បង្កើត​សាខា​ថ្មី​ទៀត​។ ដូច​ឃើញស្រាប់​ហើយ កាលពី​ខែមិថុនា អង្គភាព​ប្រឆាំង​ភេរវកម្ម​ហ្វីលីពីន​បាន​អះអាងថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហបាន​ទទួលស្គាល់​ការប្រកាស​បង្ហាញ​ភក្តីភាព​របស់​ក្រុម  Abu Sayaff រួចហើយ​។ នេះ​មានន័យថា ពួកគេ​នឹង​អាចធ្វើ​សកម្មភាព​ក្រោម​ការណែនាំ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅពេល​ខាងមុខ​។​

២. លោក Duterte សន្យា​ផ្តល់​អាវុធ​ទំនើប​ឲ្យ​កងទ័ព​ដើម្បី​ធ្វើសង្គ្រាម​កម្ចាត់​ក្រុម​ភេរវជន​
​ស្រប​ពេលដែល​ដាក់បទបញ្ជា​ឲ្យ​កងទ័ព​កម្ទេច​ក្រុម​ភេរវជន ប្រមុខរដ្ឋ​ហ្វីលីពីន​ដែល​កំពុង​ជាប់ដៃ​ធ្វើសង្គ្រាម​ប្រឆាំង​ឧក្រិដ្ឋជន​គ្រឿងញៀន​ផង​នោះ បាន​សន្យា​ជាមួយ​កងទ័ព​ថា លោក​នឹង​ផ្តល់​សព្វាវុធ​និង​សម្ភារៈ​យោធា​ដែល​ទំនើប​សម្រាប់​បំពេញ​ប្រតិបត្តិការ​កម្ចាត់​ក្រុម Abu Sayaff​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា សម្ភារៈ​យោធា​ទំនើបៗ​បែបណា​នឹងត្រូវ​នាំចូល​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន ដើម្បី​ពង្រឹងសមត្ថភាព​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ឡើយ ។

​កាលពី​សប្តាហ៍​មុន លោក​បានប្រកាសថា លោក​នឹង​បែងចែក​លុយ​ជំនួយ​អាមេរិក​ប្រហែល ៣២ លាន​ដុល្លារ​ដែល​ប្រកាស​ផ្តល់​ឲ្យ​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី សម្រាប់​បំពាក់បំប៉ន​សមត្ថភាព​ដល់​យោធា​ហ្វីលីពីន ដើម្បី​យកទៅ​ទិញ​សព្វាវុធ​ល្អៗ​និង​បំពាក់​ដល់​កងទ័ព​សម្រាប់​យុទ្ធនាការ​ប្រឆាំង​ភេ​វក​ម្ម​។​

​កាលពី​ខែកក្កដា លោក Duterte បាន​ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី ៦៩​នៃ​ការបង្កើត​កងទ័ព​ជើង​អាកាស​ហ្វីលីពីន​ថា រដ្ឋាភិបាល​លោក​ទិញ​ឧទ្ធម្ភាគចក្រ​បន្ថែម​និង​សម្ភារៈ​យោធា​នានា​ដែល​បង្កើន​សមត្ថភាព​ក​ង​ទ័ព​ក្នុងការ​ប្រយុទ្ធ​ពេលយប់​ផង​។ «​អ្នក​ទាំងអស់គ្នា​នឹងមាន​អ្វី​គ្រប់យ៉ាង​ដែល​អ្នកត្រូវការ​។ យើង​នឹង​ទិញ​ឧទ្ធម្ភាគចក្រ និង​សម្ភាៈ​យោធា​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ពេលយប់​បន្ថែម​។ ប្រើ​សិន​យើង​មាន​សម្ភារៈ​ទាំងនេះ យើង​នឹង​អាចបំពេញ​ប្រតិបត្តិការ​បាន​កាន់តែ​ល្អ​និង​មាន​ប្រសិទ្ធភាព​»​។​

​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ក្រុម​ភេរវជន ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​ក៏​ឆ្លៀត​បញ្ជាក់​ជាថ្មី​ពី​ការគាំទ្រ​សម្ព័ន្ធភាព​ជិតស្និទ្ធ​រវាង​ហ្វីលីពីន​ជាមួយ​សហរដ្ឋអាមេរិក​ដែលមាន​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​ផងដែរ​។ ដូច្នេះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ចែករម្លែក​បទពិសោធន៍​ក្នុងការ​ប្រឆាំង​ភេរវកម្ម​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​នឹង​បន្ត​លូតលាស់​ទៀត​។​

៣.​ហ្វីលីពីន​នឹង​រើស​កងទ័ព​បន្ថែម​២​ម៉ឺន​នាក់​ដើម្បី​រក្សា​សន្តិសុខ​និង​ការពារ​ទឹកដី​
​ដោយឡែក ក្រៅពី​មាន​ផែ​ការ​នាំចូល​សព្វាវុធ​បន្ថែម រដ្ឋាភិបាល​ហ្វីលីពីន​ក៏មាន​គម្រោង​រើស​ទ័ព ២​ម៉ឺន​នាក់​បន្ថែម​ដែរ​។ វា​ជា​វិធានការ​ក្នុង​ការរក្សាសន្តិសុខ និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការគំរាមកំហែង​ខាងក្នុង​និង​ពី​ក្រៅប្រទេស​ផងដែរ​។ ប៉ុន្តែ​ការ​រើស​កងទ័ព​រាប់ម៉ឺន​នាក់​បន្ថែម​នេះ ទំនងជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ថែរក្សា​បូរណភាព​ដែនដី និង​អ​ធិ​តេ​យ្យ​របស់​ហ្វីលីពីន ដែល​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ច្រើនជាង​។​

​យោងតាម​ទីភ្នាក់ងារ​ខាងលើ​ដដែល លោក Duterte បាន​បកស្រាយ​ពាក់ព័ន្ធ​គម្រោង​រើស​ទ័ព​បន្ថែមថា​៖«​យើង​ចង់​គ្រប់គ្រង​តំបន់​ទាំងអស់ និង​មិន​ចង់​បាត់បង់​ទឹកដី​ឡើយ​»​។​សម្តី​របស់លោក​បង្ហាញ​ច្បាស់​ថា ហ្វីលីពីន​ត្រូវការ​កងទ័ព​បន្ថែម​ដើម្បី​ការពារ​រាល់​ការឈ្លានពាន​ពី​ខាងក្រៅ និង​រក្សា​ឲ្យ​បាន​នូវ​បូរណភាព​ទឹកដី​ដែល​ខ្លួន​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​អាច​ថា វា​ការ​ជាការ​ឆ្លើយតប​ចំពោះ​សកម្មភាព​គឃ្លើន​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​ក្រោយ​ពេលដែល​មហា​យក្ស​មួយ​នេះ​ទាត់ចោល​សេចក្តីសម្រេច​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដែល​បដិសេធ​ការទាមទារ​របស់ខ្លួន​នោះ​៕