ថៅកែ​រោងចក្រ​រត់​ចោល មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ

ខេត្តកណ្ដាល ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ហ្គ្រេ​ន​អន​ន័​រ (GREAT  HONOUR) ចំនួន​៩៧០​នាក់ ដែល​មា​នទី​តាំងនៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង  កាលពី​ព្រឹក​ថ្ងៃ​ទី​១១​សីហា  បាន​នាំ​គ្នា ជិះ​រ៉ឺ​ម៉ក មក​សាលាខេត្ត​កណ្ដាល  ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ ជួយ​អន្តរាគមន៍ ដល់​ពួក​គាត់ ដែល​ត្រូវ​បាន​ថៅកែ​រោងចក្រ​រត់​ចោល មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ ហើយ​បិទទ្វារ​រត់​ចោល​កម្មករ​។

ក្រុម​កម្មករ​បាន​នាំ​គ្នា​មក​ឈរ និង​ឈប់​រ៉ឺ​ម៉ក ត្រៀបត្រា​នៅ​មុខ​សាលា ខេត្ត​ដោយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ និង​មន្ត្រី មន្ទីរ​ការងារ  ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់ ដោយសារ​ថៅកែ​រោងចក្រ បាន​រត់​ចោល​កម្មករ និង​មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​រយៈពេល​មួយ​ខែ គឺ​ប្រាក់ខែ​ក្នុង​ខែកក្កដា​កន្លង​មកនេះ​។ កម្មករ​លើក​ឡើង​ថា ពួក​គាត់​ធ្វើការ​ជា​កម្មករ​សង្ឃឹមលើ​ប្រាក់ខែ ជាង​១០០​ដុល្លារ សម្រាប់​ចាយវាយ ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​ថៅកែ​រោងចក្រ រត់​ចោល​មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ តើ​ពួក​គាត់​មាន​អ្វី​សង្ឃឹម​នោះ​។ កម្មករ​បាន​សំណូមពរ​ដល់​អាជ្ញាធរ ជួយ​ដោះស្រាយ​ឲ្យ​យ​បាន​ឆាប់ បើ​រោងចក្រ​នេះ​ក្ស័យធន បិទទ្វារ សូម​ឱ្យ​ថៅកែ​រោងចក្រ ទូទាត់​ប្រាក់​ផ្សេង​ៗ​ទាំងអស់​ដល់​កម្មករ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​។ តំណាង​សហជីព កម្មករ​កម្ពុជា ប្រចាំ​រោងចក្រ​នេះ លោកស្រី ឡា​ច សុភ​ណ្ឌ័ បាន​ប្រាប់​ឱ្យ​ដឹង​ថា ខាង​តំណាង​រោងចក្រ​នេះ បាន​ប្រកាសប្រាប់​កម្មករ​និង​បុគ្គលិក​ថា រោងចក្រ​ក្ស័យធន បាន​បិទទ្វារ​ហើយ និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផង​ដែរ​។

តំណាង​សហជីព​រូប​នេះ​បាន​បន្ត​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែសីហា​ដដែល អាជ្ញាធរ​ខេត្ត  មន្ត្រី ក្រសួង មន្ទី​ការងារ  បាន​ចុះ​ទៅ​ពិនិត្យ នៅ​រោងចក្រ​នោះ​ផ្ទាល់ និង​បាន​ធ្វើ​កំណត់ហេតុ​រាប់​សម្ភារ​ក្នុង​រោងចក្រ​នោះ និង​ចាក់​សោះ​ទុក​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ពិភាក្សា​ដោះស្រាយ​ជា​ក្រោយ​។ បើ​ទោះជា​បែប​ណា កម្មករ និង​បុគ្គលិក​រោងចក្រ​នេះ បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​មន្ទីរ ក្រសួង​ការងារ​ធ្វើ​យ៉ាងណា សូម​ជួយ​ដោះស្រាយ​ឱ្យ​កម្មករ​ទួល​បាន​ប្រាក់​ផ្សេង​ៗ​គ្រប់​ចំនួន​តាម​ច្បាប់​ស្តី​ពី​ការងារ​ផង​៕