មន្ត្រី​អាដហុក​ខេត្ត​ក្រចេះ​ចូល​បំភ្លឺ​នៅ​តុលាការ​ករណី​ប្ដឹង​ឧកញ៉ា​ពីរ​រូប​រឿង​ឈូស​ឆាយ​ដី​ព្រៃ

មន្ត្រី​អាដហុក (ADHOC) មួយ​រូប​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១១ សីហា ក្នុង​សំណុំ​រឿង​ប្ដឹង​ឧកញ៉ា​ពីរ​រូប​ដែល​ឈូស​ឆាយ​ដី​ព្រៃ​ជា​សម្បត្តិ​សាធារណៈ​ជាង ៣​ពាន់​ហិកតារ ឋិត​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ។ ព្រះរាជអាជ្ញា​រង​ខេត្ត​ក្រចេះ បញ្ជាក់​ថា តំណាង​អយ្យការ​កំពុង​ចំណាត់ការ​សំណុំ​រឿង​នេះ និង​រៀបចំ​ដីកា​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ច្រើន​នាក់​ទៀត។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ សីហា ថា សមាគម​អាដហុក និង​អ្នក​ភូមិ​មាន​ភស្តុតាង​ជាក់លាក់​ដែល​បញ្ជាក់​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ស្រោង​ជាង ៣​ពាន់​ហិកតារ (.២១០​ហិកតារ) ឋិត​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ជាប់​ពាក់ព័ន្ធ​ឧកញ៉ា​ចំនួន​ពីរ​រូប​ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា សមាគម​អាដហុក និង​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​តំបន់​នោះ បាន​ប្ដឹង​ករណី​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ ទាមទារ​ដី​ព្រៃ​ស្រោង​ទាំង​នោះ​ជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សង​សំណង​ការ​ខូចខាត​ព្រៃ​ឈើ​នៅ​តំបន់​នោះ។ លោក​រំពឹង​ថា តំណាង​អយ្យការ​នឹង​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ទាំងមូល៖ «បើ​ចង់​ឈ្នះ យើង​ទាល់​តែ​លើក​ដី​ព្រៃ​មក​ដាក់​ដូច​ដើម​មក នឹង​ឈ្នះ។ ខ្ញុំ​ក៏​បាន​បញ្ជាក់​ជាមួយ​ព្រះរាជអាជ្ញា​ដែរ។ ខ្ញុំ​ថា​សកម្មភាព​ដែល​កាប់​រំលំ​ហ្នឹង​ត្រូវ​តែ​ទទួល​ទោស»

លោក ប៉ែន ប៊ុណ្ណារ៍ សង្កត់​ធ្ងន់​ថា ក្រម​ព្រហ្មទណ្ឌ​មាត្រា​៥២៩ ចែង​ថា បើ​ជន​ណា​ម្នាក់​ប្រទះ​ឃើញ​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង មិន​បាន​ដាក់​ពាក្យ​ប្ដឹង ជន​នោះ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ។ លោក​ថា តំបន់​ព្រៃ​ស្រោង​នោះ​ក៏​ធ្លាប់​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំនួន​ជាង ៣​ពាន់​ហិកតារ។ បច្ចុប្បន្ន ក្លាយ​ជា​វាល​មាន​ដំណាំ​កៅស៊ូ និង​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន៖ «អ្វី​ដែល​យើង​ទាមទារ​មក​វិញ មិន​មែន​ទាមទារ​ដាក់​ព្រៃ​តំបន់​ហ្នឹង​ឲ្យ​អ្នក​ភូមិ​ឃុំ​ឫស្សីកែវ ទេ គឺ​ទាមទារ​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ»

តំណាង​អយ្យការ​ខេត្ត​ក្រចេះ លោក ហាក់ ហ៊ាន់ បញ្ជាក់​យ៉ាង​ខ្លី​ថា តំណាង​អយ្យការ​បាន​កោះ​ហៅ​ឧកញ៉ា​ទាំង​នោះ​មក​ឆ្លើយ​បំភ្លឺ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ហើយ​ឧកញ៉ា​ទាំង​នោះ​បាន​ចាត់​ឲ្យ​មេធាវី​ឆ្លើយ​ជំនួស។ លោក​ថា តំណាង​អយ្យការ​នឹង​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​មក​ឆ្លើយ​បំភ្លឺ​ជា​បន្តបន្ទាប់។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​តំណាង​អយ្យការ​រក​ឃើញ​ថា មាន​ឧកញ៉ា និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់​ពាក់ព័ន្ធ​ករណី​នេះ តំណាង​អយ្យការ​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​នីតិវិធី៖ «ប្រសិន​បើ​ជន​ណា​មួយ​ល្មើស​ច្បាប់​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់ យើង​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​នីតិវិធី»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​ឧកញ៉ា ប៊ុត ប៊ុនអេង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១១ សីហា។

កាល​ពី​ដើម​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ចំនួន ៥៤៥​គ្រួសារ បាន​ផ្ដិត​មេដៃ​ប្ដឹង​ឧកញ៉ា ២​រូប និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ពី​បទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ។ ពលរដ្ឋ​ទាមទារ​ឲ្យ​ឧកញ៉ា​ទាំង​នោះ និង​អ្នក​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​តំបន់​ព្រៃ​ស្រោង​ជាង ៣​ពាន់​ហិកតារ។

តំណាង​ពលរដ្ឋ លោក អិប វេងអៀ រៀបរាប់​ថា តំបន់​ព្រៃ​ស្រោង​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (.២១០​ហិកតារ) និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ផ្សេង​ទៀត ឋិត​នៅ​តំបន់​អូរ​ស្ទឹងឡា នៃ​ឃុំ​ឫស្សីកែវ និង​ឃុំ​សោប ត្រូវ​បាន​ឧកញ៉ា អេង និង​ឧកញ៉ា ខ្នា ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​រំលោភ​បំពាន​ដោយ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ​២០០៩។ លោក​ថា ពលរដ្ឋ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ពី​ការ​បាត់បង់​ព្រៃ​ស្រោង​នោះ ដែល​គ្រប់គ្រង​ដោយ​អ្នក​មាន​ឥទ្ធិពល បង្ក​ឲ្យ​ប៉ះពាល់​មុខ​របរ​ចិញ្ចឹម​ជីវិត​អ្នក​ភូមិ​ធ្ងន់ធ្ងរ ដែល​ធ្លាប់​ប្រមូល​អនុផល​ព្រៃ​ឈើ៖ «ពលរដ្ឋ​ដែល​អត់​មាន​ដី​ពិត​ប្រាកដ​ហ្នឹង​ឋិត​នៅ​តំបន់​របស់​ខ្លួន​អត់​មាន​ទទួល​បាន​ទេ។ ដល់​ពេល​បាន​ទៅ​អ្នក​មាន​លុយ​មាន​អំណាច​ទៅ​គ្រប់គ្រង គឺ​យក​មិន​ចេញ​អត់។ ដល់​គ្នា​ក្រីក្រ​អត់​មាន​ដី គឺ​នៅ​តែ​អត់​ដដែល។ ចឹង​សុំ​ឲ្យ​រដ្ឋាភិបាល ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់»

មេ​ឃុំ​ឫស្សីកែវ លោក ម៉ែន អុក ទទួល​ស្គាល់​ថា ព្រៃ​នៅ​តំបន់​នោះ​ពិត​ជា​រង​ការ​កាប់​រាន​ទ្រង់ទ្រាយ​ធំ​ពី​ពលរដ្ឋ​ចំណូល​ថ្មី និង​ឧកញ៉ា​មួយ​ចំនួន។ លោក​សង្ស័យ​ថា ឧកញ៉ា​ដែល​ជាប់​ពាក់ព័ន្ធ​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​នោះ គឺ​ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង។ ចំណែក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា មិន​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​ឃុំ​ឫស្សីកែវ ទេ គឺ​អាច​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​ឋិត​នៅ​ឃុំ​សោប ជាប់​ព្រំប្រទល់​ឃុំ​ឫស្សីកែវ៖ «ទប់​វា​មិន​ឈ្នះ​ពេល​ទៅ​គេច​ទៅ ដល់​ពេល​កម្លាំង​មក​វិញ​លួច»

តំបន់​ព្រៃ​ស្រោង ឋិត​នៅ​ឃុំ​ឫស្សីកែវ និង​ឃុំ​សោប ស្រុក​ព្រែកប្រសព្វ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រៃ​ឡង់ ហើយ​នៅ​មុន​ឆ្នាំ​២០០៨ ព្រៃ​នៅ​តំបន់​នោះ​ក៏​ជា​ជម្រក​សត្វ​កម្រ​ជិត​ផុត​ពូជ ដូចជា ប្រើស ខ្ទីង ទន្សោង និង​ដំរី ជាដើម។ អ្នក​ភូមិ​នៅ​តំបន់​នោះ​ធ្លាប់​អាស្រ័យ​ផល​ដូចជា​រក​ឧស បោច​វល្លិ រក​ឃ្មុំ និង​ដង​ជ័រ​ទឹក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។