ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ខុសច្បាប់​ជាង​៧០​នាក់​ និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       August-11-2016, 9:19 pm         120

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ខុសច្បាប់​ជាង​៧០​នាក់​​គិត​ចាប់ពី​ខែកក្កដា ដល់​ថ្ងៃទី​១១ សីហា នេះ ស្ថានទូត​ខ្មែរ​ប្រចាំ​ថៃ បាន​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ខុសច្បាប់​ជាង​៧០​នាក់​ហើយ ដែល​ត្រូវ​ប៉ូលីស​ថៃ​ចាប់ខ្លួន ដាក់ពន្ធនាគារ​ក្នុងប្រទេស​ថៃ​។ ក្នុងចំណោម​ពលករ​ខ្មែរ​ខុសច្បាប់​ទាំងនោះ មាន​ពលករ​ខ្លះ ត្រូវបាន​ស្ថានទូត​ខ្មែរ​ជួយ​ដោះស្រាយ​បញ្ហា​រួចរាល់​ប​ញ្ចូ​ន​មក​កម្ពុជា​វិញ ហើយ​ខ្លះទៀត​ស្ថានទូត​ខ្មែរ បាននិងកំពុង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ប្រទេស​ថៃ​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បាន​អន្តរាគមន៍​ដោះស្រាយ​ករណី​ពលករ​ជួប​បញ្ហា និង​ត្រូវបាន​ចាប់ឃុំខ្លួន​ពីបទ​ចូល​ប្រទេស​ធ្វើការ​ខុសច្បាប់​។ ពលករ​ខុសច្បាប់​ទាំងនោះ​មាន​ចំនួន​៧៨​នាក់ ដែល​ស្ថានទូត​កម្ពុជា បាន​ជួយ​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា ចាប់តាំងពី​ចុងខែ​កក្កដា​មក​។​

​បើតាម​ក្រសួងការបរទេស ក្នុងចំណោម​ពលករ​ខ្មែរ​ចំនួន​១៦​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខេត្ត​អាយុ​ធ្យា កាលពី​ថ្ងៃទី​០៨ កក្កដា កន្លងមក​នោះ ត្រូវបាន​ស្ថានទូត​ខ្មែរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពួកគេ​ហើយ​។ ហើយ​ក្រុមហ៊ុន World Asia Success ដែលជា​និយោជក បាន​រ៉ាបរង​ប​ញ្ចូ​ន​ពលករ​១៤​រូប ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្រោយពី​តុលាការ​យល់ព្រម​ដោះលែង​កាលពី​ថ្ងៃទី​០១ សីហា ។ នៅសល់តែ​ពលករ​ចំនួន​២​នាក់​ទៀត មិនទាន់​ត្រូវបាន​ដោះលែង ព្រោះ​មាន​ប្រវត្តិ​ធ្លាប់​ប្រព្រឹត្តិ​បទល្មើស​កន្លងមក​។​

​ដោយឡែក​ពលករ​ខ្មែរ​ចំនួន​៩​នាក់​ទៀត ដែល​ចូលទៅ​ធ្វើការ​ខុសច្បាប់ ដោយ​ប្តូរ​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ តាមរយៈ​ការសន្យា​របស់​មេខ្យល់​នោះ ត្រូវបាន​ស្ថានទូត​ខ្មែរ​ជួយ​អន្តរាគមន៍​បញ្ជូន​ពួកគេ​ត្រឡប់មក​កម្ពុជា​ចំនួន​៧​នាក់​។ ចំណែក​ពលករ​ពីរ​នា​ក់ទៀត ដែល​ចេះ​និយាយ​ភាសា​ថៃ​នោះ មិន​ព្រម​វិល​មក​កម្ពុជា ហើយ​បាន​ចេញពី​ស្ថានទូត​បន្ត​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ដដែល​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឲ្យ​ដឹង​ទៀតថា ស្ថានទូត​ខ្មែរ ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ចំនួន​៣៤​នាក់​ទៀត ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខេត្ត​ឈុន​បុរី កាលពី​ថ្ងៃទី​០៧ កក្កដា ពីបទ​«​ធ្វើការ​គ្មាន​ការអនុញាត​» ។ មន្ត្រី​ទូត បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន និង​ប៉ូលីស​ទទួលខុសត្រូវ​ខាងលើ ដើម្បី​ជំរុញ​ការបើក​សវ​នា​កាត់ទោស​ឲ្យ​បាន​ឆាប់ និង​ដោះស្រាយ​បញ្ហា​ពលករ​ទាំងអស់​ឲ្យ​ឆាប់​បាន​វិល​ត្រឡប់មក​កម្ពុជា​។ តាមរយៈ​ការជួប​ចរចា​តុលាការខេត្ត​ឈុន​បុរី គ្រោង​បើកសវនាការ​លើ​ករណី​ពលករ​ទាំងនេះ នៅ​ថ្ងៃទី​២៦ សីហា​ខាងមុខនេះ​។​

​ចំណែក​ពលករ​ខ្មែរ​១៩​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ជើង​ទឹក​ថៃ ចាប់ខ្លួន​នាវា​ដឹក​ប្រេង ដែលមាន​ពលករ​ខ្មែរ​ធ្វើការ​ខុសច្បាប់​តាមរយៈ​មេខ្យល់ ដោយ​ពុំមាន​ឯកសារ​ត្រឹមត្រូវ​។ ហើយ​ពលករ​ទាំងនេះ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ដែល​រងចាំ​ការ​ទោស​ពីបទ ចូល​ប្រទេស​ថៃ​ខុសច្បាប់ និង​ធ្វើ​ការងារ​ដោយ​គ្មាន​ការអនុញ្ញាត​។ ជុំវិញ​បញ្ហា​ស្ថានទូត​ខ្មែរ នឹង​បញ្ជូន​មន្ត្រី​ខ្លួន​រួមជាមួយ​មេធាវី ទៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ដើម្បី​ជំរុញ​ឲ្យ​មានការ​កាត់ទោស និង​ដោះស្រាយ​បញ្ចប់​បញ្ហា​ពលករ​ទាំងនេះ​ឲ្យ​បាន​ឆាប់​ផងដែរ​។ 

​ក្នុងអំឡុងពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខុសច្បាប់​ត្រឡប់មក​កម្ពុជា​វិញ​ចំនួន​២៥ ៩២៥ នាក់ ស្មើរ​នឹង ៣៧៨​លើក តាម​ច្រកព្រំដែន​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​កាលពី​ចុងខែ​កក្កដា​ថា អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ចំនួន ១១១៦៤ នាក់ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​តាម​ច្រករបៀង​នានា​មាន​ចំនួន ១៤៧៦១ នាក់​។ ក្រៅពីនោះ ពលករ​ប្រមាណ ៣៥៨​នាក់ ត្រូវ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​លើសពី​រយៈពេល​មួយខែ​ទៀតផង​៕