ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដកហូត​គ្រឿងញៀន​២០​កញ្ចប់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយ​ដកហូត​បាន​គ្រឿងញៀន​២០​កញ្ចប់​។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ ប៊​ន ច័ន្ទ​ណា​វី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទី​២.​ឈ្មោះ ថា​ច់ ភារ​ម្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៣៥ ក្រុម​៣ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក និង​ទី​៣.​ឈ្មោះ ឡេ ស៊ី​ឡុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន  ធ្លាប់​ជាប់ពន្ធ​ធានា​គារ​។

នៅ​ពេល​ឃាត់ខ្លួន​ក្រៅពី​គ្រឿងញៀន​សមត្ថកិច្ច​ដកហូត​នៅ​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​មាន​ដូច​ជា កាំបិត​បុ័ងតោ​៤ ដាវ​៥​ដើម និង​កូនកាំបិត ២​ផង​ដែរ​។ តាម​សម្ដី​មន្ត្រី​នគរបាល​បាន​ឲ្យ​យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន​ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​តែ​ម្តង​៕