4KhmeriPhone នឹង​ស្នើ Apple បញ្ចូល​ក្តារ​ចុច​ភាសា​ខ្មែរ ក្រោយ​ជោគជ័យ​ពុម្ព​អក្សរ

4KhmeriPhone ដែល​ជា​ក្រុម​ត្រួសត្រាយ​ស្នើ​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​លើ iPhone នឹង​បន្ត​ស្នើ​ទៅ Apple បញ្ចូល​ក្ដារចុច​ភាសា​ខ្មែរ​លើ iOS ជំនាន់​ក្រោយៗ ក្រោយ​ពុម្ព​អក្សរ​ត្រឹមត្រូវ ១០០ ភាគរយ។

 

4KhmeriPhone នឹង​ស្នើ Apple បញ្ចូល​ក្តារ​ចុច​ភាសា​ខ្មែរ ក្រោយ​ជោគជ័យ​ពុម្ព​អក្សរ

 

ប្រធាន​ក្រុម 4KhmeriPhone មួយ​រូប​ឲ្យ​ដឹង​ថា លើ iOS 10 Beta 5 បច្ចុប្បន្ន​ក្រុមហ៊ុន Apple បាន​​កែ​សម្រួល​កំហុស​ជើង​តម្រួត​នៃ​ភាសា​ខ្មែរ​ដែល​តែង​តែ​ដាច់​ដៃ​ដាច់​ជើង​និង​ត្រួត​ជាន់​គ្នា បាន​ជោគជ័យ​ទាំង​ស្រុង។

 

ប្រធាន​ក្រុម​នេះ​ថា នឹង​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ Font នៅ​ម៉ាឡេស៊ី​បន្ត​ទៀត ដើម្បី​ស្នើ Apple បញ្ចូល​ក្តារ​ចុច​ភាសា​ខ្មែរ​ស្តង់ដារ​លើ iOS។ ដោយ​សារ​កន្លង​មក​ក្រុម 4KhmeriPhone និង​ក្រុមហ៊ុន​រចនា Font នៅ​ម៉ាឡេស៊ី​នេះ មាន​ទំនាក់​ទំនង​ល្អ​តាម​រយៈ​ការ​កែសម្រួល​បញ្ហា​កំហុស​ពុម្ព​អក្សរ​ខ្មែរ វា​នឹង​កាន់​តែ​ងាយ​ក្នុង​ការ​ស្នើ​ឲ្យ Apple ដាក់​បញ្ចូល​ក្តារ​ចុច​ខ្មែរ​លើ iOS ជំនាន់​ក្រោយ។

 

កន្លង​មក ប្រធាន​ក្រុម​ខាង​លើ​បន្ថែម​ថា នៅ​ពេល​ពុម្ព​អក្សរ​ខ្មែរ​លើ iOS ​ត្រឹមត្រូវ​ពេញ​លេញ នោះ​នឹង​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ក្រុម​លោក រៀប​ចំ​ស្តង់ដារ​ពុម្ព​អក្សរ​ខ្មែរ​ត្រឹមត្រូវ​រួម​តែ​មួយ ដើម្បី​ឲ្យ Apple ពិចារណា​បញ្ចូល​ក្តារ​ចុច​ភាសា​ខ្មែរ​​លើ iPhone។

 

ជោគជ័យ​យ៉ាងណា លោក​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់ ដោយ​អះអាង​ថា​​វា​ត្រូវ​ការ​ស៊ី​ពេល​យូរ​គួរ​សម ដើម្បី​ឲ្យ​ខាង Apple សម្រេច​ចិត្ត។ ប៉ុន្តែ លោក​ថា ​ដោយ​បច្ចុប្បន្ន​ពុម្ព​អក្សរ​ខ្មែរ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទាំង​ស្រុង​​លើ iOS 10 Beta 5 ហើយ​នោះ ភាគ​រយ​ក្នុង​ការ​ស្នើ​បញ្ចូល​ក្ដារចុច​ភាសា​ខ្មែរ នឹង​មាន​សង្ឃឹម​ច្រើន៕

 

អាន៖ ពុម្ព​អក្សរ​ខ្មែរ​លើ iOS 10 ផ្លូវការ នឹង​ត្រូវ​កែ​សម្រួល​លែង​បាត់​ដៃ​ជើង​ដូច​មុន

 

អត្ថបទ៖ ប៉ែត ផាន់និត