ក្រោយ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច​ភូមា​ និពន្ធដោយ : VOA       August-12-2016, 7:39 am         38

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រោយ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច​ភូមា​​វ៉ាស៊ីនតោន ៖ ពួក​មន្ត្រី​សហរដ្ឋអាមេរិក កំពុង​ស្វះស្វែង​ធ្វើការ​ទាក់ទង​ខាង​សេដ្ឋកិច្ច​ឲ្យ​កាន់តែខ្លាំង​ឡើងជា​មួយ​ភូមា​ជា​ប្រទេសមួយ​ដែល​ត្រូវបាន​ចាត់ទុក​ដោយ​មនុ​ស្ស​ខ្លះ​ថា​ជា​ដែនដី​ចុងក្រោយ​សម្រាប់​ការវិនិយោគ ពី​ព្រោះតែ​ប្រទេស​នេះ​ជាទី​ផ្សារ​ចុងក្រោយ​មួយ​ដែល​ក្រុមហ៊ុន​ប្រទេស​លោកខាងលិច​មិនបាន​ចូលទៅ​ដល់​។​

​សហរដ្ឋអាមេរិក បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងខ្លាំង​ប្រឆាំងនឹង​ប្រទេស​ភូមា​នៅ​ឆ្នាំ​១៩៩៧​ដោយសារ​ការជិះជាន់​ស​ង្ក​ត់​សង្កិន​របស់​ក្រុមប្រឹក្សា​យោធា​ទៅលើ​គណបក្សប្រឆាំង​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ជាច្រើន​បន្ទាប់ពី​ការធ្វើកំណែទម្រង់​តាមបែប​ប្រជាធិបតេយ្យ​មក​។​

​ដោយ​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​បន្ថែមទៀត ដែល​ត្រូវ​ប្រកាស​កាលពី​ខែឧសភា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច​យ៉ាងខ្លាំង​នៅក្នុង​អ្វី​ដែលជា​ប្រទេស​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​ដី​ដែល​អាច​ដាំ​ដំណាំ​បាន ក៏ប៉ុន្តែ​ធនាគារពិភពលោក បាន​ប្រាប់​ឲ្យ​ដឹងថា ពលរដ្ឋ​តែ​១​ភាគ​៣ មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​។​

​លោក Charles Rivkin ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្មបាន​ប្រាប់ VOA នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ថា «​ការជាប់ឆ្នោត​ចូលកាន់​អំណាច​របស់លោក​ស្រី អង់ សាន​ស៊ូ​ជី និង​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងនោះ​ជិត​៨០​ភាគរយ បានផ្តល់​ឱកាស​ថ្មី​នាំ​ឲ្យ​មានការ​ចាប់ផ្តើម​សករាជ​ថ្មី​មួយ​ជាមួយ​ពាណិជ្ជករ​អាមេរិកាំង​ហើយ​និង​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​សហរដ្ឋ​អា​មេ​រិ​ក‍​»​។​

​លោក Rivkin នឹង​ដឹកនាំ​គណៈប្រតិភូ​ពាណិជ្ជកម្ម​ទៅកាន់​ប្រទេស​ភូមា​ដើម្បី​សម្របសម្រួល​ចំណងទាក់ទង​ខាង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២​នៅ​សប្តាហ៍​ក្រោយ​។​

​ក្នុងចំណោម​ក្រុមហ៊ុន​ល្បីៗ​ដែល​ចូល​រួមមាន ក្រុមហ៊ុន IBM ក្រុមហ៊ុន GE ក្រុ​ម៊​ហុន GM ក្រុមហ៊ុន Chevrolet ក្រុមហ៊ុន Deloitte និង​ក្រុមហ៊ុន​ភេសជ្ជៈ​កូ​កា កូ​ឡា​។ ទស្សនកិច្ច​ផ្សព្វផ្សាយ​អំពី​ការច្នៃប្រឌិត «Innovation Roadshow» ជា​កិច្ច​ផ្តួចផ្តើម​ដោយ​រដ្ឋបាល​របស់លោក​អូ​បា​ម៉ា​ដើម្បី​ទាក់ទង​ជាមួយ​សហគ្រិន​អាស៊ី​ដើម្បី​ពង្រឹង​ចំណងទាក់ទង​ជាមួយ​ក្រុមហ៊ុន​ឆ្នៃប្រឌិត​សហរដ្ឋអាមេរិក ហើយ​និង​លើកទឹកចិត្ត​រដ្ឋាភិបាល​នានា​នៅក្នុង​ទ្វីបអាស៊ី​ឲ្យ​អភិវឌ្ឍ​បទបញ្ញត្តិ​ដែល​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការឆ្នៃប្រឌិត ទាក់ទាញ​ពួក​វិនិយោគទុន ហើយនឹង​បង្កើត​ការងារ​។​

​គណៈប្រតិភូ​ពាណិជ្ជកម្ម ដែល​ដឹកនាំ​ដោយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​កើតមាន​ឡើង​បន្ទាប់ពី​ការប្រកាស​របស់​សហរ​ដ្ឋ​អាមេរិក​កាលពី​ខែកក្កដា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​សន្យា​ផ្តល់ជំនួយ​ជា​ប្រាក់​២១​លាន​ដុល្លារ​ដើម្បី​សម្រួល​ការកសាង​សមត្ថភាព​រយៈពេល​យូរ​សម្រាប់​ប្រទេស​ភូមា​។​

​លោក Ben Rhodes ទីប្រឹក្សា​សន្តិសុខ​រង​របស់​សេត​វិមាន​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ភូមា​កាលពី​ខែកក្កដា បាន​មានប្រសាសន៍ថា ជំនួយ​ថ្មី​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​មានការ​រីកលូតលាស់​សេដ្ឋកិច្ច​របស់​ភូមា ដោយមាន​គោលបំណង​បង្កើន​ការនាំចេញ​ទំនិញ​កើនឡើង​៣​ដង​នៅក្នុង​រយៈពេល​៥​ឆ្នាំ ហើយ​និង​ជួយ​ធ្វើ​ឲ្យ​ជឿនលឿន​ផ្នែក​កសិកម្ម​ដែល​នឹង​ក្លាយជា​កម្លាំង​មួយ​ដើម្បី​បង្កើត​ការងារ​នៅក្នុង​រយៈពេល​១០​ឆ្នាំ​បន្ទាប់​ទៀត​។​

​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ត្រូវគេ​រំពឹង​នឹង​ជួយ​ភូមា​ក្នុងការ​ធ្វើកំណែទម្រង់​ខាង​នយោបាយ និង​ការរីកលូតលាស់​សេដ្ឋកិច្ច​របស់ខ្លួន ហើយ​និង​សម្របសម្រួល​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​នោះ​។​

​លោក​Rivkin​បាន​មានប្រសាសន៍ថា «​គោលនយោបាយ​សេដ្ឋកិច្ច​ជា​គោលនយោបាយ​ការបរទេស​។ បច្ចុប្បន្ននេះ ភូមា​មាន​សេដ្ឋកិច្ច​ដែលមាន​ទឹកប្រាក់​៦៣​ពាន់​លាន​ដុល្លារ ក៏ប៉ុន្តែ អស់លោក អ្នក អាច​នឹង​ស្រមៃ​ពី​សក្តានុពល​របស់​ប្រទេស​នោះ​ប្រសិនបើ ភូមា​ចាប់ផ្តើម​ក្លាយជា​មជ្ឈមណ្ឌល​មួយ នៅក្នុង​តំបន់​ដែលមាន​ការរីកលូតលាស់​ជឿនលឿន​បំផុត​នៅលើ​ផែន​ដ‍ី​»​។​

​កាលពី​ខែមិថុនា សាជីវកម្ម​វិនិយោគទុន​ឯកជន​ឯនាយសមុទ្រ ឬ (OPIC)​ដែលជា​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួន​បានចាប់ផ្តើម​កិច្ចប្រតិបត្តិការ នៅក្នុង​ប្រទេស​ភូមា​ដោយ​ផ្តល់​ប្រាក់កម្ចី​២៥០​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន​។​

​ខណៈនោះ​ដែរ ក្រុមហ៊ុន Microsoft នាពេល​ថ្មីៗ​នេះ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កុំព្យូទ័រ​មី​យ៉ាន់​ម៉ា ឬ Myanmar Computer Company (MCC) ដើម្បី​បណ្តុះបណ្តាល​មនុស្ស​១​សែន​នាក់​នៅ​ភូមា​ដោយ​ប្រើ​ជំនាញ IT​។​

​នៅពេល​មានការ​វិនិយោគទុន របស់​អាមេរិក​នៅក្នុង​ភូមា ក្រោយពី​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​មក ពួក​អ្នក​រិះគន់ យល់ថា បក្សពួក​ជិតស្និទ្ធ​ដែល​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅនឹង​ពួកយោធា​ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បានទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​។​

​សហរដ្ឋអាមេរិក បាន​និយាយថា គន្លឹះ​ដើម្បី​លុបចោល​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​នៅ​សេសសល់ នឹង​អាស្រ័យ​លើ​ភូមា​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​ដំណើរការ​ឆ្ពោះទៅកាន់​ការធ្វើកំណែទម្រង់​កាន់តែ​ច្រើនឡើង​ថែមទៀត ហើយ​និង​ការ​ជឿនលឿន​នៅក្នុង​ការកាត់បន្ថយ​ឥទ្ធិពល​របស់​ពួកយោធា​នៅក្នុង​ប្រព័ន្ធ​នយោបាយ​៕

​ប្រែ​សម្រួល​ដោយ ជឹ​ង ប៉ូ​ជីន​