សំ​ វ៉ាន់ដេត ​នឹង​ធ្វើ​ឲ្យ​ការពារ​ជាតិ​ពិបាក ទោះ​ប្រាក់ មុន្នីឧត្តម ​នៅ​ឈឺ​ក្ដី

លោក​ សំ​ វ៉ាន់ដេត​ ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ថា​ក្រុម​ក្រសួងការពារជាតិ​ នឹង​ពិបាក​សម្រាប់​ការ​ប្រកួត​ជើង​ទី២​ជាមួយ​ក្រុម​របស់​លោក នៅ​ថ្ងៃ​សៅរ៍​ម៉ោង​៣:៣០​នាទី នា​កីឡដ្ឋាន​ស្ដាត​ចាស់​នេះ ​មិន​ដូច​ជើង​ទី​១ ស៊ី​៥-១ ស្រួល​ៗ​ទេ បើ​ទោះ​ជា​ ប្រាក់ មុន្នីឧត្តម មិនទាន់​ជា​សះស្បើយ​ក្ដី​។

 

សំ​ វ៉ាន់ដេត ​នឹង​ធ្វើ​ឲ្យ​ការពារ​ជាតិ​ពិបាក ទោះ​ប្រាក់ មុន្នីឧត្តម ​នៅ​ឈឺ​ក្ដី លោក​ សំ​ វ៉ាន់ដេត​

 

គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូបនេះ​ ​នឹង​ដូរ​ទម្រង់​លេង​ថ្មី​ខុស​ពី​ការ​ជួប​គ្នា​លើក​ទី១។​ លោក​ជឿជាក់​ការ​ផ្លាស់​ប្ដូរ​ទម្រង់​លេង​លើក​នេះ​ប្រហែល​​ជា​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ពិបាក​ក្នុង​ការ​យក​ជ័យជម្នះ​៣ពិន្ទុ​បន្ថែម​ទៀត​ណាស់។​ «យើង​ចង់​ឈ្នះ​២ប្រកួត​ធំៗ​ចុង​ក្រោយ​នេះ​គឺ​ឈ្នះ​​ក្រុម​ការពារជាតិ​ ​រួច​ឈ្នះ​បឹងកេតអង្គរ​នៅ​ប្រកួត​ក្រោយ​ទៀត​នេះ​ជា​គោល​ដៅ​របស់​យើង​» ។ សម្ដី​គ្រូ​ សំ វ៉ាន់​ដេត។

 

ចំពោះ​បញ្ហា​កីឡាករ​វិញ គ្រូ​បង្វឹក​ខាង​លើ​បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​ប្រាក់ មុន្នីឧត្តម អាច​នឹង​ខកខាន​លេង​ក្នុង​ប្រកួត​ធំ​នេះ ដោយសារ​តែ​បញ្ហា​របួស​របស់​គេ​មិន​ទាន់​ជា​សះស្បើយ​១០០​%។ ដូច្នេះ​លោក ចង់​ឱ្យ​រូបគេ​សម្រាក​ឱ្យ​គ្រប់គ្រាន់​សិន។

 

ប្រកួត​នេះ ជា​ប្រកួត​សំខាន់​ណាស់​សម្រាប់​ក្រុម​ក្រសួង​ការពារ​ជាតិ​ដើម្បី​ប្រជែង​យក​ពាន​ជាមួយ​បឹង​កេត​អង្គរ ខណៈ​ដែល​ក្រុម​ស្វាយ​រៀង​វិញ អស់​ឱកាស​ទៅ​ហើយ ប៉ុន្តែ​ក្រុម​របស់​លោក សំ វ៉ាន់ដេត ​មិន​ចង់​ឱ្យ​បាក់​មុខ​នោះ​ទេ។ សូម​បញ្ជាក់​ថា​ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ប៉ះ​គ្នា​១៤​កន្លង​មក​នេះ ​ក្រុម​ទ័ព ឈ្នះ​បាន​៧​ដង ​ស្មើ​១​ដង ​និង​ស្វាយ​រៀង​ឈ្នះ​បាន​៦​ដង៕

 

អត្ថបទ៖ នួន សីណា