ជនសង្ស័យបួននាក់ត្រូវបានចាប់ខ្លួន​​ពាក់ព័ន្ធករណីបាញ់​​​ប្លន់​​​​យុវជន​​​ម្នាក់​​​នៅខាងក្រៅទូ​អេធីអិម​

កាលពីម្សិលមិញ នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនជនសង្ស័យ៤នាក់នៅក្នុងហេតុការណ៍បាញ់ប្រហារប្លន់បុគ្គលិកសណ្ឋាគារវ័យជំទង់ម្នាក់នៅខាងក្រៅទូអេធីអិមមួយកន្លែង ពេលរំលងអធ្រាត្រឈានចូលថ្ងៃពុធ ដោយលើកឡើងថា ម្នាក់ក្នុងចំណោមពួកគេបានសារភាពថា ខ្លួនជាប់ពាក់ព័ន្ធនៅក្នុងបទល្មើសនេះ។ ប៊ិន ថាវ៉ាត់ អាយុ១៩ឆ្នាំ ត្រូវបុរសពីរនាក់ជិះម៉ូតូដេញតាមពេលយុវជនរូបនេះបើកម៉ូតូទៅកាន់កន្លែងដកប្រាក់មួយកន្លែងនៅតាមបណ្តោយមហាវិថីសុធារសនៅ ម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ នេះបើយោងតាមលោក ជុំ កុយ នាយប៉ុស្តិ៍សង្កាត់បឹងកេងកង២ ដែលស្ថិតនៅក្នុងខណ្ឌចំការមន។ នាយប៉ុស្តិ៍រូបនេះបានលើកឡើងថា ពេលយុវជនរូបនេះចុះពីលើម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីមស៊េរី ២០១៦ដើម្បីទៅដកប្រាក់ពីទូរអេធីអិម បុរសពីរនាក់បានបាញ់យុវជនរូបនេះពីរគ្រាប់ត្រូវត្រង់ស្មាខាងឆ្វេង និងមួយគ្រាប់ទៀតត្រូវត្រង់ភ្លៅខាងស្តាំ។ លោកបានមានប្រសាសន៍ថា “ពួកគេបានតាមពីក្រោយយុវជនរូបនេះ ហើយពេលយុវជនរូបនេះឈប់ដើម្បីដកប្រាក់ពីទូរអេធីអិម ស្រាប់តែមានការបាញ់ប្រហារតែម្តង”។ លោកបានបន្ថែមថា នគរបាលសង្កាត់បានប្រញាប់ប្រញាល់បញ្ជូនយុវជននេះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយថាយុវជននេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែមានសភាពនឹងនរ។ បន្ទាប់ពីបាញ់ប្រហារយុវជន ប៊ិន ថាវ៉ាត់ រួច បុរសទាំងពីររូបនោះបានយកម៉ូតូម៉ាកហុងដាឌ្រីមជិះចេញទៅបាត់។ ដោយដកស្រង់ព័ត៌មានដែលផ្តល់ដោយនគរបាល ស្មៀនសង្កាត់ឈ្មោះ នាង សុផាន់ណា បានលើកឡើងថា យុវជនរូបនេះរងការបាញ់ ប្រហារ ពេលគាត់ព្យាយាមតតាំងជាមួយបុរសទាំងពីរនាក់នោះមិនឲ្យយកម៉ូតូរបស់ខ្លួន។ លោកបាននិយាយថា “បន្ទាប់ពីជនរងគ្រោះតដៃ ពួកគេបានចាប់ផ្តើមបាញ់ប្រហារតែម្តង”។ លោក ឃួន ងួន អធិការរងនគរបាលខណ្ឌដូនពេញបានលើកឡើងថា មន្ត្រីនគរបាលបានឃាត់យុវជនម្នាក់ឈ្មោះ ខាត់ សុឃីម អាយុ១៨ឆ្នាំពីបទបើកបរម៉ូតូដោយគ្មានស្លាកលេខនៅម៉ោងប្រហែល១និង៣០នាទីយប់ម្សិលមិញ ហើយបន្ទាប់ពីសាកសួរ នគរបាលអាចកំណត់បានថា ជននេះគឺជាជនសង្ស័យនៅក្នុងអំពើប្លន់ប្រដាប់អាវុធនេះ។ លោកបានលើកឡើងទៀតថា យុវជន ខាត់ សុឃីម បាន”សារភាព” ថា ខ្លួនពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធនេះមែន ប៉ុន្តែ បានបដិសេធមិននិយាយអ្វីច្រើនឡើយពាក់ព័ន្ធនឹងករណីនេះ។ លោក ហៀង ថារ៉េត ដែលក៏ជាអធិការរងដែរនោះបានលើកឡើងថា ជនសង្ស័យបីនាក់ទៀតត្រូវបានចាប់ខ្លួននៅតាមបណ្តោយផ្លូវលេខ២៧១កាលពីម្សិលមិញ ហើយត្រូវបានប្រគល់ឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីដើម្បីសាកសួរ។ លោក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នេះបានលើកឡើងថា បុរសទាំងបីនាក់ត្រូវបានសាកសួររួចហើយ ប៉ុន្តែ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើក្នុងចំណោមពួកគេម្នាក់ណាដែលជាអ្នកជនដៃដល់៕ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. […]

The post ជនសង្ស័យបួននាក់ត្រូវបានចាប់ខ្លួន​​ពាក់ព័ន្ធករណីបាញ់​​​ប្លន់​​​​យុវជន​​​ម្នាក់​​​នៅខាងក្រៅទូ​អេធីអិម​ appeared first on The Cambodia Daily.