ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន បន្ត​ជីករណ្ដៅ​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កណ្ដាលស្ទឹង តាម​អំពើ​ចិត្ត​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​តោក​ម៉ា ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន ដែល​អាង​អំណាច​ខ្លួន​ជាម​ន្ត្រី​ប្រដាប់អាវុធ នៅតែ​បន្តសកម្មភាព​ជីករណ្ដៅ​ដី​និង​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​អាចម៍ដី​លក់​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាស្រុក ដើម្បី​ឲ្យ​ចាត់វិធានការ​ទៅលើ​អាជីវកម្ម​ជីករណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។ ក្រោយពេល​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ គឺ​មន្ត្រី​អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង បាន​ចុះទៅពិនិត្យ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្ដឹង ហើយ​បានឃើញ​យ៉ាងច្បាស់​ថា​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន ជីករណ្ដៅ​ដី​ខុសច្បាប់​នៅជាប់​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ពិតមែន​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​៧​គ្រួសារ​រស់នៅ​ភូមិ​តោក​ម៉ា ភូមិក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន ជីករណ្ដៅ​ដី​នៅជាប់​ដីស្រែ​របស់​ពួកគាត់​ត្រឹម​ចម្ងាយ​៣​ទៅ​៥​ម៉ែត្រ​ប៉ុណ្ណោះ ដែល​អាចធ្វើ​ឲ្យ​ដីស្រែ​របស់​ពួកគាត់​បាក់​ចូល​រណ្ដៅ​ដី​របស់​ឈ្មួញ​រូបនេះ​ជាមិនខាន​។ ការដែល​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន ធ្វើបែបនេះ​គឺជា​ការ​គំរាម​ឲ្យ​ប្រជាពលរដ្ឋ​លក់​ដីស្រែ​ជាប់​រណ្ដៅ​ដី​របស់ខ្លួន​នោះ​ក្នុង​តម្លៃថោកៗ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បាន​ប្ដឹងទៅ​មន្ត្រី​អាជ្ញាធរ​ស្រុក​ឲ្យ​ជួយ​រក​ដំណោះស្រាយ ព្រោះ​ពួកគាត់​មិន​លក់​ដីស្រែ​ឲ្យ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន ដែលជា​មន្ត្រី​ប្រដាប់អាវុធ​ដ៏​មានអំណាច​នោះទេ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹងថា រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន មាន​ទំហំ​៦៥០០​ម៉ែត្រការ៉េ និង​មាន​ជម្រៅ​យ៉ាងជ្រៅ​អាចធ្វើ​ឲ្យ​ដីស្រែ​ប្រជាពលរដ្ឋ​បាក់​ចូលទៅក្នុង​រណ្ដៅ​ដី​នោះ ហើយ​បើតាម​គម្រោង​គឺ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន អាច​ជីករណ្ដៅ​ដី​កាន់តែ​ជ្រៅ និង​មាន​ទំហំ​កាន់តែ​ធំ​ថែមទៀត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​ពិនិត្យ​មើល​អាជីវកម្ម​រណ្ដៅ​ដី​ខុសច្បាប់​របស់​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ត្អូញត្អែរថា ពួកគេ​គ្មាន​អំណាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បានទេ ហើយ​មានតែ​អាជ្ញាធរ​ខេត្តកណ្ដាល និង​ក្រសួង​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​កុំ​ឲ្យ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌិន ប្រើ​អំណាច​ជា​មន្ត្រី​ប្រដាប់អាវុធ​បន្ត​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ក្នុងភូមិ​តោក​ម៉ា ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

23-3 24-3