ធ្លាយ​រឿង​ម្ចាស់​ទស្សនៈ​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”​ អាច​ទប់ខ្លួន​ជាប់​ដោយសារ​មាន​តំណែង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​កាលពីដើម​ខែមករា​ឆ្នាំ​២០១៦​កន្លង​ទៅ​ មាន​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​ពេញ​និយម​ជា​ច្រើន​ បាន​សម្តែង​នូវ​ការ​គាំទ្រ​ទៅ​លើ​ទស្សនៈ​យោបល់​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ដែល​បាន​លើក​ឡើង​សំដៅ​ថា​ "​ពេទ្យ​ខ្មែរ​អាក្រក់​៩"​ ខណៈ​ទស្សនៈ​កើត​ចេញពី​ការ​ជួប​ប្រទះ​ផ្ទាល់​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ នេះ​ បាន​ទទួល​រង​នូវ​ប្រតិកម្ម​ខ្លាំងក្លា​ពី​សំណាក់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ មាន​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ធា​ គ្រុយ​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា​ ចូលរួម​យ៉ាង​សកម្ម​ ដោយ​ទាមទារ​ឲ្យ​មានការ​កែតម្រូវ​ និង​សុំ​ទោស​ជា​សាធារណៈ​ជា​ចាំបាច់​ ។​

ធ្លាយ​រឿង​ម្ចាស់​ទស្សនៈ​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”​ អាច​ទប់ខ្លួន​ជាប់​ដោយសារ​មាន​តំណែង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​លើស​ពី​នេះ​ ក្រៅ​អំពី​ប្រតិកម្ម​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​នោះ​ ទស្សនៈ​យល់​ឃើញ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ក៏​បាន​ទទួល​រង​នូវ​ការ​ "​វាយប្រហារ​"​ ក្រោម​អំណាច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​សម្ពាធ​ធ្លាក់​មក​លើ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ យ៉ាងធ្ងន់ធ្ងរ​បំផុត​ សឹង​មិន​អាច​ "​ទប់ខ្លួន​ជាប់​"​ ។​

ធ្លាយ​រឿង​ម្ចាស់​ទស្សនៈ​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”​ អាច​ទប់ខ្លួន​ជាប់​ដោយសារ​មាន​តំណែង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​

ធ្លាយ​រឿង​ម្ចាស់​ទស្សនៈ​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”​ អាច​ទប់ខ្លួន​ជាប់​ដោយសារ​មាន​តំណែង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​បន្ទាប់​ពី​រឿងរ៉ាវ​ប្រទាំង​ប្រទើស​រវាង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ ជាមួយ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ កើន​កំ​ដៅ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​រហូត​ដល់​មានការ​គំរាម​លើ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​របស់​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ផង​នោះ​ ក្រោយមក​ក៏​បាន​ធូរស្រាល​វិញ​ និង​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ បាន​បង្ក​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ចោទសួរ​ជា​សំណួរ​ថា​ តើ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ អាច​"​ទប់ខ្លួន​ជាប់​"​ឈាន​ទៅ​បញ្ចប់​រឿងរ៉ាវ​បាន​ដោយសារ​អ្វី​ ?

​ប្រភព​ស្និទ្ធ​នឹង​ក្រសួងសុខាភិបាល​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ កម្លាំង​ព្យុះ​បក់​បោក​មក​លើ​ខ្លួន​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ព្រោះតែ​មាន​ទស្សនៈ​យល់​ឃើញ​ថា​ "​ពេទ្យ​ខ្មែរ​អាក្រក់​៩"​នោះ​ បាន​រលាយ​ ឬ​បញ្ឈប់​ទៅ​វិញ​បាន​ គឺ​ដោយសារ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ក៏​ជា​អ្នកមាន​ឥទ្ធិពល​ម្នាក់​ដែរ​ក្នុង​មុខ​តំណែង​ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​)​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ពោល​មាន​ឋានៈ​ជា​ "​ឯកឧត្តម​"​ ។​

​លោក​ គួ​ច​ ម៉េ​ង​លី​ អាយុ​៤៧​ឆ្នាំ​ ទទួល​បាន​ចំណេះដឹង​ខាង​វិជ្ជាពេទ្យ​កម្រិត​ថ្នាក់​វេជ្ជបណ្ឌិត​ពី​សហរដ្ឋអាមេរិក​ ជានា​យក​ក្រុមហ៊ុន​ Mengly​ J.Quach​ Holding​ និង​ជានា​យក​គ្រប់គ្រង​វិទ្យាស្ថាន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង​ (AIS)​ ដ៏​ល្បីឈ្មោះ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៩/៣៣៤​ ចុះ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០០៩​ ។​ ក្រោយ​ការ​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/៩៩៨​ ចុះ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

ធ្លាយ​រឿង​ម្ចាស់​ទស្សនៈ​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”​ អាច​ទប់ខ្លួន​ជាប់​ដោយសារ​មាន​តំណែង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​ធ្វើការ​ Comments​ ថា​ ការ​ផ្តល់​សេវា​សុខភាព​សាធារណៈ​របស់​គ្រូពេទ្យ​កម្ពុជា​បច្ចុប្បន្ន​ មាន​កម្រិត​ទន់ទាប​ខ្លាំង​ណាស់​ ពីព្រោះ​ពេទ្យ​ភាគច្រើន​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ និង​គ្មាន​ក្រមសីលធម៌​នៅ​ក្នុង​ខ្លួន​ គឺ​គិតតែ​ពី​លុយ​ ជា​ហេតុ​ធ្វើ​ឲ្យ​សូ​ម្បី​តែ​អ្នកមាន​អំណាច​កំពុង​ដឹកនាំ​ប្រទេស​ និង​អ្នកមាន​លុយ​លែង​មាន​ទំនុកចិត្ត​លើ​សេវា​សុខភាព​ផ្តល់​ដោយ​គ្រូពេទ្យ​ខ្មែរ​ ហើយ​ចាកចេញ​ទៅ​ទទួលយក​សេវា​ព្យាបាល​នៅ​បរទេស​ព្រោងព្រាត​ ខណៈ​ចំណាត់ការ​របស់​ក្រសួងសុខាភិបាល​ក៏​គ្មាន​ប្រសិទ្ធភាព​ទៅ​លើ​អំពី​អសកម្ម​នានា​ក្នុង​វិស័យ​សុខាភិបាល​ ។​ ដូច្នេះ​ ទស្សនៈ​យល់​ឃើញ​របស់​ឯកឧត្តម​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ មាន​ភាព​ត្រឹមត្រូវ​ភាគច្រើន​ ដែល​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​មួយ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្វើការ​ពិចារណា​ និង​ឈាន​ទៅ​សម្រេចចិត្ត​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​សុខាភិបាល​ឲ្យ​បាន​ជាក់លាក់​ និង​មាន​ប្រសិទ្ធភាព​ ៕​

Related