បែក​ការណ៍ ! ពេល​លឺ​សំឡេង​ថ្ងូរ​ស្រែក​ឲ្យ​ជួយ​ផង

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ មាន​សំឡេង​ឆ្កែ​ព្រូស​យ៉ាង​ខ្លាំង និង​ឮ​សំឡេង​ថ្ងូរ​ស្រែក​ឲ្យ​ជួយ​ផង ទើប​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​មក​មើល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយ​កន្លែង​ជាប់​របង​វត្ត​អង្គ​តា​មិ​ញ ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឮ​សម្លេង​ឆ្កែ​ព្រូស​យ៉ាង​ខ្លាំង​ និង​ឮ​សម្លេង​ថ្ងូរ​ស្រែក​ឲ្យ​ជួយ​ផង ទើប​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​មក​មើល ឃើញ​មាន​ជនសង្ស័យ​ម្នាក់​ខ្លួន​ប្រលាក់​សុទ្ធតែ​ឈាម​បែក​មុខ​បែក​មាត់ រង​របួសធ្ងន់ ដេក​នៅ​លើ​ស្មៅ​ជាប់​របង​រោងចក្រ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ។ ឃើញ​បែប​នេះ​ក៏​បាន​សួរនាំ​ត្រូវ​ជនសង្ស័យ​ប្រាប់​ថា ពួក​គេ​មាន​គ្នា​៦​នាក់​ចូល​លួច​ក្នុង​រោងចក្រ ដោយ​ជនសង្ស័យ​ម្នាក់​ជា​អ្នក​នៅ​ចាំ​មើលផ្លូវ និង​ចាំ​ម៉ូតូ ចំណែក​បក្សពួក​៥​នាក់​ទៀត​បាន​សម្រុកចូល​ទៅ​ក្នុង​រោងចក្រ​លួច​យក​របស់របរ និង​របស់​មាន​តម្លៃ តែ​​ត្រូវ​ថៅកែ​ជនជាតិ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន បាន​ចេញ​មក​ប្រតាយប្រតប់​​គ្នា​ជាមួយ​ពួក​គេ​ ក៏​ត្រូវ​ពួក​គេ​វាយ​រង​របួសធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត​ដែល​ស្នាក់​នៅ​ក្នុង​រោងចក្រ​ដែរ​ ​ភ័យ​ពេក​បាន​រត់ឡើង​ទៅ​ពួន​លើដំបូល​រោងចក្រ​មិន​មាន​រង​របួស​ទេ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រោងចក្រ​មាន​ជនជាតិ​ចិន​ដេក​៣​នាក់ គឺ​ប្តី​ប្រពន្ធ២​នាក់​ និង​បុរស​ម្នាក់ ចំណែក​ជនសង្ស័យ​មាន​គ្នា​៦​នាក់ តែ​ចូល​ទៅ​ធ្វើ​សកម្មភាព​តែ​៥​នាក់ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​៥​នាក់​បាន​រត់គេច​ខ្លួន​ទៅ​បាត់​អស់ នៅ​សល់​តែ​ជនសង្ស័យ​ម្នាក់​ ដោយ​ដើរ​តាមរ​បងហើយ​ធ្លាក់​ពីលើ​របង​បាក់​ជើង​រង​របួសធ្ងន់ រត់​មិន​រួច ស្រប​ពេល​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ ។ ពេល​សមត្ថកិច្ច​មក​ដល់​ក៏​មាន​ជនជាតិ​ចិន​២​នាក់​បើករថយន្ត​១​គ្រឿង​មក​ដល់​មុខ​រោងចក្រ​បើកទ្វារ​រោងចក្រ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ដួល​នៅ​ជាប់មាត់​ទ្វារ​រង​របួសធ្ងន់​បាក់ជើង និង​បែកក្បាល ហើយ​មាន​ញញួរ​នៅ​ជិត​ស្ត្រី​រង​គ្រោះ ចំណែក​បុរស​ជា​ប្តី​នៅ​ខាងក្នុង​ប្រលាក់​ឈាម​ពេញ​ខ្លួន បែកក្បាល និង​បាក់ជើង​ដូច​គ្នា ។

តាម​ការ​សារភាព​ពី​ជនសង្ស័យ​ឈ្មោះ ចេក ច​ន្នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់​ម្តុំ​លូ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រង​របួសធ្ងន់​បាន​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ពួក​គេ​បាន​មក​លួច​ម្តង​រួច​មក​ហើយ​ជាមួយ​បក្សពួក​ដែល​ធ្វើ​សន្តិសុខ​នៅ​រោងចក្រ​ខាងលើ​នេះ ដោយ​លួច​បាន​ទូរស័ព្ទ​ដៃ និង​លេប​ថប​១​គ្រឿង ។ បន្ទាប់​ពី​លួច​បាន ថៅកែ​បាន​ដេញ​ជនសង្ស័យ​ជា​សន្តិសុខ​ចេញពី​រោងចក្រ​ឲ្យ​ឈប់​ធ្វើការ ។ លុះដល់​យប់​កើតហេតុ ពួក​គេ​មាន​គ្នា​៦​នាក់​បាន​ផឹកស៊ី​ស្រវឹង​ និង​ទៅ​ជក់​ថ្នាំ​ញៀន​នៅ​បឹង​ឈូក​មុខ​ពេទ្យ​ព្រះ​កុសុមៈ រួច​ហើយ​បាន​បបួល​គ្នា​មក​ចូល​ក្នុង​រោងចក្រ​ដើម្បី​លួច​លុយ និង​សម្ភារ​ម្តងទៀត ទើប​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុង​រោងចក្រ ស្រាប់តែ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន ធ្វើ​ឲ្យ​មានការ​ប្រតាយប្រតប់​គ្នា​រង​របួសធ្ងន់​២​នាក់​ប្តី​ប្រពន្ធ និង​រូបគេ​រត់​មិន​រួច​បាន​ធ្លាក់​ពីលើ​របង​បាក់ជើង​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ជនសង្ស័យ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ដោយឡែក​របស់​មាន​តម្លៃ និង​លុយ​ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​អស់ហើយ ។ ជុំវិញ​ករណី​ខាងលើ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ទៀត ៕