ផ្អើល​ឈុ​ល ! ប៉ូលិស​ជិះ​ម៉ូតូ​ដេញ​អង្គរក្ស

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់​ម៉ូតូ​ផ្តួល​ហើយ​ចាប់​វាយ​បង្ក​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​មក​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ នៅ​ចំណុច​មុខ​គ្លីនិក​ធ្មេញ ផល បណ្ឌិត ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ដេញ​ធាក់​ម៉ូតូ​ផ្តួល​ហើយ​ចាប់​វាយ​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​ជា​អង្គរក្ស​របស់​ឯកឧត្តម​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ។ មុន​ពេល​កើតហេតុ​គាត់​បាន​ទៅ​ខួបកំណើត​បងប្អូន​នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​នៅ​ម៉ោង​ប្រហែលជា​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១​សីហា គាត់​បាន​ចេញ​មក​វិញ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ដោយ​ជិះ​ម៉ូតូ​ម៉ាក AIR BLADE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1B-5777 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ខណៈ​មក​ដល់​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ​ដោយសារ​តែ​គាត់​អត់​បាន​ពាក់មួក​ការពារ​សុវត្ថិភាព ហើយ​មាន​ជាតិ​ស្រវឹង​ផង​នោះ ពេល​ឃើញ​មាន​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ហៅ​ឲ្យ​ឈប់​ត្រួតពិនិត្យ តែ​គាត់​ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ ហើយ​ជិះ​បញ្ច្រាស់ទិស​រត់គេច​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ធាក់​ឲ្យ​ដួល​ម៉ូតូ ហើយ​បាន​វ៉ៃ​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​រង​របួសស្រាល បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​រាប់រយ​នាក់​ចេញ​មក​មើល ទើប​សមត្ថកិច្ច​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ឃើញ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ធំ​ម៉ាក​PCX និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ជិះ​ដេញ​តាម​ជន​រង​គ្រោះ រួច​ហើយ​ធាក់​ផ្តួល និង​ចុះ​មក​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​រហូត​ទាល់តែ​ឃើញ​ពួក​គាត់​ចេញ​មក​គ្រប់​គ្នា ទើប​ចេញ​ទៅ​បាត់​អស់ ។

បើ​តាម​សំដី​របស់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​វិញ​គាត់​បាន​លើក​ឡើង​ថា មុន​ពេល​កើតហេតុ​កម្លាំង​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នៅ​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី បានឃើញ​បុរស​ម្នាក់​ខាងលើ​គាត់​ជិះ​ម៉ូតូ​បញ្ច្រាសទិស ហើយ​បត់​ត្រឡប់​ក្រោយ ទើប​សង្ស័យ ស្មានថា​ពាក់ព័ន្ធ​នឹង​បទល្មើស​ក៏​បាន​ហៅ​ឲ្យ​ឈប់ តែ​បុរស​រូប​នោះ​មិន​ព្រម​ឈប់ គាត់​បាន​ដេញ​តាម តែ​មិន​បាន​ធាក់​ឲ្យ​ដួល​ទេ គឺ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​រត់គេច​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត ទើប​បណ្តាល​ឲ្យ​ដួល​តែ​ម្តង គឺ​សមត្ថកិច្ច​មិន​បាន​វាយដំ​ទេ ។
ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ចោមរោម​មើល ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​មិន​បាន​ស្គាល់​មុខ​សមត្ថកិច្ច​ដែល​ជា​អ្នក​ដេញ​តាម​ធាក់ ហើយ​ក៏​មិន​បានដឹង​ថា ជា​នគរបាល​ខាង​ណា​ពិតប្រាកដ ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​ដែរ ហើយ​យក​មួក​ដែល​ព្យួរ​នៅ​ជាប់​ម៉ូតូ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ប្តឹងផ្តល់​អ្វី​ទេ ៕