ឯកអគ្គរដ្ឋទូត​ចិន​ចប់​អាណត្តិ​សន្យា​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​សម្តែង​ការ​គួរសម​និង​ជម្រាបលា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចប់​អាណត្តិ លោក​ជំទាវ ប៊ូ ជាន​គួ នៅ​តែ​សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា ទោះបីជា​ទៅ​ធ្វើ​ផ្នែក​ការទូត​នៅ​ប្រទេស​ផ្សេង​ក៏​ដោយ​។

ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា នៅ​វិមាន​រដ្ឋសភា លោក​ជំទាវ ប៊ូ ជាន​គួ ថ្លែង​ថា ក្នុង​បេស​កម្ម​រយៈពេល​៣​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា លោក​ជំទាវ​សូម​ថ្លែងអំណរគុណ​សម្តេច​ប្រធានរដ្ឋសភា និង​ថ្នាក់ដឹកនាំ​នានា​របស់​កម្ពុជា ដែល​បាន​គាំទ្រ​និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កិច្ច​សហ​ប្រិប​ត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ និង​ផ្តល់​ឱកាស​ចូលរួម​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​ចិន​ផង​ដែរ ។

លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌​មាននៅ​ក្រោយ​ជំនួប​នេះ​ថា​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កម្ពុជា ដែល​យកចិត្តទុកដាក់​ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​ចំណង​មេត្រីភាព​រឹង​មារ​វាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ។ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ ដែល​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​រដ្ឋសភា​កម្ពុជា និង​សភា​ប្រជាជន​ចិន​មានការ​រីក​ចម្រើន ។ ទន្ទឹម​នឹង​នេះ សភា​ប្រជាជន​ចិន​តែងតែ​ផ្តល់​ជំនួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា និង​ផ្តល់​សម្ភារ​ផ្សេង​ៗ​មក​កម្ពុជា​ផង​ដែរ​» ។

លោក​ជំទាវ​ថ្លែង​ទៀត​ថា មាន​សម្ភារ​មួយ​ចំនួន​បាន​បញ្ជូន​ពី​ប្រទេស​ចិន​មក​កម្ពុជា ហើយ​នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​ពិធី​ប្រគល់​ជូន ។ សម្រាប់​លោក​ជំទាវ​វិញ នៅ​ថ្ងៃ​ទី​១២ ខែសីហា  លោកស្រី​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ។

ក្នុង​ជំនួប​នោះ​ដែរ លោក​ជំទាវ​បាន​សន្យា​ថា បើ​ទោះបីជា​លោក​ជំទាវ​ត្រូវ​ទទួល​បេសកកម្ម​ថ្មី​នៅ​ទីណា​ក៏​ដោយ ក៏​លោក​ជំទាវ​នៅ​តែ​បន្ត​ជំរុញ​លើកកម្ពស់​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ចិន​-​កម្ពុជា​ជា​និច្ច ។

សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ ការ​រយៈពេល​៣​ឆ្នាំ​ក្នុង​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ ដែល​បាន​ចូលរួម​ចំណែក​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន ឱ្យ​ឈាន​ដល់​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ពី​មុន ។

សម្តេច​ពញា​ចក្រី​បញ្ជាក់​ថា «​រដ្ឋសភា​កម្ពុជា​មានការ​ពេញចិត្ត​ចំពោះ​សមិទ្ធផល​ដែល​កើត​ចេញពី​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដល់​ប្រជាជាតិ​ទាំង​សងខាង ។ ជា​ពិសេស បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​លើ​គ្រប់​វិស័យ​» ។

ជា​ការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ជំទាវ ក្នុង​បេសកកម្ម​ការទូត​រយៈពេល​៣​ឆ្នាំ​នៅ​កម្ពុជា ដែល​បាន​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២ ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឱ្យ​ឈាន​ដល់​ការ​រីក​ចម្រើន​ខ្ពស់​មួយ សម្តេច ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជូន​ដល់​លោក​ជំទាវ​ផង​ដែរ ៕