ក្រុមហ៊ុន​អាមេរិក​ចុះ​ហត្ថលេខា​ទិញ​កាបូន​ពី​កម្ពុជា​ក្នុង​តម្លៃ​ទឹក​ប្រាក់​២,៦​លាន​ដុល្លារ

ក្រុមហ៊ុន ឌីសនី (Disney) របស់​សហរដ្ឋអាមេរិក សម្រេច​ចុះ​ហត្ថលេខា​ទិញ​កាបូន រេដបូក (Carbon Redd+) នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ចំនួន ២,៦​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន ក្នុង​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ។ អ្នក​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន​គាំទ្រ​ចំពោះ​គម្រោង​នេះ។

ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ដែល​អាច​រក​លុយ ២,៦​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​លើ​ផ្ទៃ​ព្រៃ​ជិត ២​សែន​ហិកតារ (១៦៥.០០០) ដោយ​មិន​ចាំបាច់​កាប់​បំផ្លាញ​ព្រៃឈើ ខណៈ​ឈ្មួញ​មួយ​ចំនួន​កំពុង​កាក់កប​នឹង​របរ​កាប់​ព្រៃឈើ​លក់។ ដើម្បី​ការពារ​បុព្វហេតុ​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ប្រកាស​ដាក់​ជីវិត​នយោបាយ​លើ​គម្រោង​នេះ។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​គម្រោង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់ និង​រេចរឹល​ព្រៃឈើ ឬ​ហៅ​ថា ដេកបូក (REDD+) ធ្វើ​នៅ​ក្រសួង​បរិស្ថាន ថ្ងៃ​ទី​១១ ខែ​សីហា មាន​ការ​ពី​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) ដែល​បាន​ធ្វើ​ការងារ​ទាក់ទង​កិច្ច​ការពារ​ព្រៃឈើ​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បញ្ជាក់​ថា គម្រោង​នេះ គឺ​ជា​គម្រោង​សាកល្បង​លើក​ទី​មួយ ហើយ​លោក​មាន​ជំនឿ​ថា នឹង​មាន​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​មក​ចាប់​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​អភិរក្ស​ព្រៃឈើ​បែប​នេះ៖ «ខ្ញុំ​ដាក់​ជីវិត​នយោបាយ ខ្ញុំ​លើ​រឿង​ហ្នឹង​ហើយ អ៊ីចឹង​ទេ​សុំ​អំពាវនាវ​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ចូលរួម នេះ​ជា​ឱកាស​មាស ឱកាស​ប្រាក់​ហើយ»

ដូច​គ្នា​នេះ​ដែរ តំណាង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា លោក រ៉ូស ស៊ីនក្លែរ (Ross Sinclair) ថា នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ លោក​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ កម្ពុជា​បាន​ទុក​ឲ្យ​ជីវចម្រុះ​​នៅ​ស្ថិត​ក្នុង​ភាព​ឯកា​មួយ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់  មិន​ទាន់​ឲ្យ​ដឹង​ថា ថវិកា​ដែល​ទទួល​បាន​នេះ ផ្តល់​ដល់​ថ្នាក់​មូលដ្ឋាន ឬ​ពលរដ្ឋ​ដែល​ចូលរួម​ការពារ និង​ថែរក្សា​ព្រៃឈើ​ក្នុង​កម្រិត​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ក្រសួង​នឹង​ផ្ដល់​កញ្ចប់​ថវិកា​ទៅ​ពលរដ្ឋ​ក្នុង​តំបន់​ព្រៃ​ការពារ​ឲ្យ​ពួកគេ​ចេះ​បច្ចេកទេស​ចិញ្ចឹម​សត្វ និង​ដាំ​ដំណាំ​ជាដើម។

ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា មណ្ឌលគិរី ៨៥៥
ទឹក​ធ្លាក់​ក្នុង​ភូមិ​អូរអណ្ដូងក្រឡឹង ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ រូបថត​ចេញ​ពី​រូបភាព។ RFA/Brach Chev

​មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ លោក ជា សំអាង បញ្ជាក់​ថា ក្រៅ​ពី​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ធ្វើ​ជា​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់ និង​ការ​រេចរឹល​ព្រៃឈើ ឬ​ហៅ​ថា រេដបូក ក្រសួង​កំពុង​រៀបចំ​យក​តំបន់​ព្រៃឈើ​ផ្សេង​ទៀត ឬ​ព្រៃឡង់ ដើម្បី​លក់​បន្ត​ទៀត។

មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន​ដដែល​បញ្ជាក់​ថា ឥណទាន​កាបូន​នេះ ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ដោយ​មាន​ការ​ចុះ​បញ្ជី​ជា​អន្តរជាតិ​ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​អង្គការ​ធ្វើការ​បង់ប្រាក់ ខណៈ​ក្រុម​អ្នក​ទាំង​នោះ​ធ្វើ​សកម្មភាព​ប៉ះពាល់​បរិស្ថាន។ លោក​ថា នៅ​ពេល​នេះ​ខាង​មុខ​ក្រុម​អ្នក​ទាំង​នោះ​នឹង​កាតព្វកិច្ច​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់៖ «ពេល​នេះ​តម្លៃ​អត់​ទៀង​ទេ ព្រោះ​ឥឡូវ​ជា​ទីផ្សារ​ស្ម័គ្រចិត្ត ប៉ុន្តែ​យើង​សង្ឃឹម​ថា ទៅ​ថ្ងៃ​អនាគត​វា​នឹង​ក្លាយ​ទៅ​ជា​ទីផ្សារ​កាតព្វកិច្ច​ដែល​យើង​អាច​លក់​ថ្លៃ​ខ្ពស់»

​ផ្ទៃដី​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា មាន​សរុប​ជិត ៣​សែន​ហិកតារ (២៩២.០០០)  ប៉ុន្តែ​ផ្ទៃដី​ដែល​អាច​ធ្វើ​កាបូន រេដបូក ដែល​មិន​ទាន់​កាប់​បំផ្លាញ​ព្រៃឈើ មាន​ចំនួន ១៦៥.០០០​ហិកតារ។

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ថា គម្រោង​នេះ​នឹង​ដោះស្រាយ​បាន​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ផ្ដល់​ជម្រក​សត្វព្រៃ និង​រក្សា​កម្មសិទ្ធិ​ដីធ្លី។ លោក​ថា គម្រោង​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សហគមន៍​អន្តរជាតិ៖ «មាន​កិច្ច​ព្រមព្រៀង​ថ្ងៃ​នេះ ព្រោះ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សហភាព​អឺរ៉ុប ទី​ភ្នាក់ងារ​ជប៉ុន ទីភ្នាក់ងារ​អភិវឌ្ឍន៍​​បារាំង...»

សព្វថ្ងៃ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា មាន​កាបូន រេដបូក ១២​លាន​តោន ហើយ​ការ​ដែល​លក់​ពេល​នេះ ត្រឹមតែ​ជា​ផ្នែក​ខ្លះ​ប៉ុណ្ណោះ។ តំបន់​ដែល​លក់​កាបូន​បាន គឺ​ជា​តំបន់​ដែល​ធានា​ថា គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​ស្តុក​កាបូន​នោះ​មាន​ស្ថិរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។