អាជ្ញាធរ​​អន្តរាគមន៍​បញ្ហា​កម្មករ​ដែល​ថៅកែ​រោងចក្រ​រត់​ចោល​នៅ​ខេត្ត​កណ្ដាល

កម្មករ​រោងចក្រ​តម្បាញ​នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ជាង ៩០០​នាក់ ដែល​ថៅកែ​រត់​ចោល​ឡើង​មក​តវ៉ា​នៅ​សាលា​ខេត្ត​កណ្ដាល ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា។ គណៈកម្មការ​ចម្រុះ​របស់​រដ្ឋាភិបាល​ចាប់​ផ្ដើម​អន្តរាគមន៍​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។

គណៈកម្មការ​ចម្រុះ​របស់​រដ្ឋាភិបាល ចាប់​ផ្ដើម​ចុះ​កត់​បញ្ជី​សម្ភារៈ​សេសសល់ នៅ​ក្នុង​រោងចក្រ ហ្គ្រេត អននើរ ថិកស្ថាយ (Great Honour Textile Factory Ltd.) នៅ​ពេល​ដែល​តុលាការ​ចេញ​ដីកា​រក្សា​ការពារ ក្រោយ​ពេល​ថៅកែ​រត់​ចោល។

នៅ​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​នៅ​ឯ​សាលា​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម បាតុកម្ម នៃ​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហែម ហឿន មាន​ប្រសាសន៍​ថា អ្វី​ដែល​អាច​ធ្វើ​បាន​នៅ​ដំណាក់កាល​ទី​មួយ​នេះ គឺ​គ្រាន់​តែ​អាច​កត់​ចំនួន​សម្ភារៈ​សម្រាប់​លក់​ឡាយឡុង​ទូទាត់​ប្រាក់​ឈ្នួល​កម្មករ​ដែល​កំពុង​ខ្វះ​ខាត​ជីវភាព៖ «គណៈកម្មការ​យើង​នឹង​រាប់​ចំនួន​របស់របរ​ដែល​មាន​នៅ​ក្នុង​នេះ ហើយ​ទី​ពីរ យើង​នឹង​ប្រើ​នីតិវិធី​តុលាការ​ថា ផ្លូវ​ច្បាប់​ហ្នឹង​ធ្វើ​យ៉ាង​ម៉េច ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​មាន​ទាំង​អស់​នេះ។ ទី​បី នីតិវិធី​បន្ត អា​ហ្នឹង​អាស្រ័យ​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​ខាង​តុលាការ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​ប្រឹង​ពន្លឿន​កិច្ចការ​នេះ។ សំណូមពរ​តុលាការ​ឱ្យ​ពន្លឿន​កិច្ចការ​នេះ​ឱ្យ​បាន​ឆាប់ ព្រោះ​ដល់​អ៊ីចឹង​ហើយ យើង​មាន​តែ​នីតិវិធី​ច្បាប់​ដែល​យើង​ធ្វើ​ទៅ​បាន»

គណៈកម្មការ​ចម្រុះ​ដែល​រដ្ឋាភិបាល​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​រោងចក្រ មាន​សមាសភាព​ពី​ស្ថាប័ន​តុលាការ អាជ្ញាធរ​ខេត្ត សហជីព មន្ត្រី​ក្រសួង​ការងារ និង​មេធាវី។

តំណាង​កម្មករ​មួយ​រូប អ្នកស្រី កេន សុខចាន់ ថ្លែង​ថា នៅ​រោងចក្រ ហ្គ្រេត អននើរ ថិកស្ថាយ ចាប់​ផ្ដើម​មាន​ការងារ​ធ្វើ​មិន​គ្រប់គ្រាន់ ១០​ខែ​មក​ហើយ ហើយ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល ៥០%។ ប៉ុន្តែ​ក្នុង​រយៈ​ពេល ២​ខែ​ចុង​ក្រោយ​នេះ ពួក​គាត់​មិន​បាន​បើក​ប្រាក់​ខែ​ទេ ដោយសារ​ថៅកែ​រោងចក្រ​រត់​ចោល៖ «ចូល​ថ្ងៃ​សៅរ៍ ទី​៦ គឺ​ពេលវេលា​ដែល​ពួក​ខ្ញុំ​បើក​លុយ តែ​ក្រុមហ៊ុន​បែរ​ជា​អត់​នៅ។ ក្រុមហ៊ុន​អត់​នៅ​ហើយ គាត់​ប្រមូល​ចិន​ទៅ​អស់ ហើយ​គាត់​បន្ត​ដឹក​ទំនិញ​ជា​បន្តៗ។ អ៊ីចឹង ពួក​ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ទេ មាន​តែ​ពាក្យ​ថា ថៅកែ​រត់​ចោល។ បើ​សិន​ជា​ក្រុមហ៊ុន​នៅ​តែ​អះអាង​ថា មិន​បិទ គឺ​ត្រូវ​ការ​ឱ្យ​គាត់​មាន​ការងារ​គ្រប់គ្រាន់។ តែ​បើ​សិន​ជា​គាត់​បិទ​ហើយ គឺ​ខ្ញុំ​សុំ​លក្ខខណ្ឌ​ការងារ ៥​ចំណុច​ពេញ​តែ​ម្ដង»

កន្លង​មក ក្រុម​កម្មករ​ធ្លាប់​បាន​ស្វែង​រក​អន្តរាគមន៍​ច្រើន​កន្លែង​មក​ហើយ រាប់​ទាំង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ផង ប៉ុន្តែ​មិន​បាន​លទ្ធផល​ទេ។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កណ្ដាល លោក គីម រិទ្ធី បញ្ជាក់​ថា អាជ្ញាធរ​មិន​អាច​អន្តរាគមន៍​បាន ព្រោះ​តែ​មាន​ការ​ធានា​អះអាង​ពី​ភាគី​ថៅកែ​រោងចក្រ៖ «ចំពោះ​ទ្រព្យសម្បត្តិ​នោះ ទើប​តែ​ថ្ងៃ​នេះ​ទេ យើង​សម្រេច​រឹបអូស​ហ្នឹង។ កន្លង​មក ឧទាហរណ៍​ថា ម៉េច​មិន​រឹបអូស ៣​ខែ​មុន ចុះ ៥​ខែ​មុន​ម៉េច​មិន​អាច​រឹប​អូស? យើង​អត់​អាច​រឹប​អូស​បាន​ដោយសារ​ភាគី​រោងចក្រ​គាត់​ថា គាត់​នឹង​បន្ត។ គាត់​អត់​បាន​លើក​ទង់ជ័យ​ស​ទេ។ គាត់​ថា នឹង​រក order (ការ​កុម្ម៉ង់) ឱ្យ​ធ្វើ។ អ៊ីចឹង ឱ្យ​តែ​សួរ​គាត់​ថា រោងចក្រ​ហ្នឹង​បិទ ឬ​អត់ គាត់​រោងចក្រ​នៅ​បើក នៅ​បន្ត។ អ៊ីចឹង​ខ្ញុំ ក្នុង​នាម​ជា​អាជ្ញាធរ​មិន​អាច​ចាប់​បង្ខំ ហើយ​ឡាយឡុង​រោងចក្រ​នោះ នៅ​ក្នុង​កាលៈទេសៈ ដែល​ពួក​គាត់​ពុំ​បាន​ថា គាត់​បិទ​ផង។ អ៊ីចឹង​ស្អែក ឧទាហរណ៍​ថា ខ្ញុំ​ឃើញ​ថា រោងចក្រ​ណា​មាន​បញ្ហា ខ្ញុំ​ចង់​ទៅ​ឡាយឡុង​ភ្លាម​តែម្ដង ខ្ញុំ​អត់​អាច​ទៅ​ធ្វើ​បាន​ទេ»

ទាំង​លោក គីម រិទ្ធី និង​មន្ត្រី​ក្រសួង​ការងារ​នៅ​ក្នុង​គណៈកម្មការ​ចម្រុះ​បញ្ជាក់​ថា បទពិសោធន៍​ដោះស្រាយ​ការ​លក់​ឡាយឡុង​សម្ភារៈ​ក្នុង​ករណី​ដូច​គ្នា​អាច​ស៊ី​ពេល​ពី ២ ទៅ ៥​ខែ​យ៉ាង​តិច។ ប៉ុន្តែ​ក្នុង​ករណី​នេះ លោក​ទទួល​បាន​ការ​បញ្ជាក់​ពី​តុលាការ​ថា អាច​នឹង​ដោះស្រាយ​ចេញ​នៅ​ក្នុង​រយៈពេល​តិច​ជាង ២​ខែ ក្នុង​ដំណាក់​កាល​ទី​១។

ក្រុម​កម្មករ​ដែល​បាន​ធ្វើ​ការ​តាំង​ពី​ឆ្នាំ​១៩៩៨ មក ទាមទារ​សំណង ៥​ចំណុច​ពី​ថៅកែ​រោងចក្រ។ ក្នុង​នោះ​ក៏​មាន​ប្រាក់​អតីតភាព​ការងារ​ដែរ។ កម្មការិនី កេន សុខចាន់ ថ្លែង​ថា ទោះ​ជា​មាន​អន្តរាគមន៍​ពី​គណៈ​កម្មការ​ចម្រុះ​ពេល​នេះ​ក្ដី ក៏​អ្នកស្រី​នៅ​មិន​ទាន់​ពេញ​ចិត្ត​ប៉ុន្មាន​ទេ ព្រោះ​មាន​មន្ទិល​ពី​ទំហំ​សំណង​ដែល​នឹង​ត្រូវ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។