សមាជិកសភា​អាមេរិក​ឃ្លាំ​មើល​គោលការណ៍​ប្រជាធិបតេយ្យ និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​

ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​ត្រូវបាន​សហគមន៍​អន្តរជាតិ ក៏ដូចជា​សមាជិកសភា​សហរដ្ឋអាមេរិក​មួយ​ចំនួន​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​មិនអាច​បិទបាំង​ការពិត​បានឡើយ​។ ជាក់ស្ដែង​ថ្មីៗ​នេះ​សមាជិកសភា​អាមេរិក​មួយរូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ បាន​ថ្លែងថា ប្រសិនបើ​កម្ពុជា​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុ​តិ្ត​ធម៌​ទេនោះ សហរដ្ឋអាមេរិក​នឹង​លុប​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ជាមួយ​កម្ពុជា​។ ទន្ទឹមនឹងនេះ​លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ ក៏បាន​លើកឡើង​អំពី​សេចក្ដីសម្រេច​លេខ​៧២៨ ដែលជា​សេចក្ដីសម្រេច​ជុំវិញ​ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ផងដែរ​។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ សេចក្ដីសម្រេច​៧២៨​ត្រូវបាន​អនុម័ត​នូវ​អនុគណៈកម្មការ​ទទួល​បន្ទុក​កិច្ចការបរទេស​នៃ​សភា​សហរដ្ឋ​អា​មេ​រិ​ករួ​ច​ទៅហើយ ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សមាជិកសភា​ទាំង​២​គណបក្ស គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណៈរដ្ឋ​។ ដូច្នេះ​សេចក្ដីសម្រេច​លេខ​៧២៨​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ចង់បាន​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​នៅ​កម្ពុជា​។ លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ បាន​បញ្ជាក់ថា សហគមន៍​ខ្មែរ​នៅ​ទូទាំង​សហរដ្ឋអាមេរិក ត្រូវ​ប្រាប់​ទៅ​មិត្តភក្ដិ ឬ​បងប្អូន​របស់​ពួកគេ ត្រូវតែ​នាំគ្នា​ប្រាប់​ទៅ​សមាជិកសភា​ប្រចាំ​រដ្ឋ​របស់​ពួកគេ​ដើម្បី​ឲ្យ​គាំទ្រ​សេចក្ដីសម្រេច​លេខ​៧២៨ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆាប់ៗ​ខាងមុខនេះ​។

ជុំវិញ​ខ្លឹមសារ​នៃ​សេចក្ដីសម្រេច​លេខ​៧២៨ លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ បាន​បញ្ជាក់ថា សេចក្ដីសម្រេច​នេះ​មិនអាច​បង្ខំ​ឲ្យ​លោក ហ៊ុន សែន គោរព​នោះទេ ប៉ុន្តែ​សេចក្ដីសម្រេច​អាច​បង្កើន​ការយល់ដឹង​ដល់​សមាជិកសភា​សហរ​ដ្ឋ​អាមេរិក​ទាំងឡាយ ឲ្យ​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា ទំនាក់ទំនង​របស់ខ្លួន​នៅពេល​អនាគត​ជាមួយ​សហរដ្ឋអាមេរិក គឺ​អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់គេ​តែប៉ុណ្ណោះ​។ លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ បាន​សង្កត់ធ្ងន់ថា​«​តើ​គេ​នឹងធ្វើ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុត្តិធម៌​ដូចដែល​កម្ពុជា​ធ្លាប់បាន​ព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​ដែរឬទេ​? យើង​នឹង​ឃ្លាំមើល​បញ្ហា​នេះ​។ យើង​មិន​ខ្វល់​ទេ​ថា​គណបក្ស​ណា​ឈ្នះ​ឬ​ចាញ់ តែ​អ្វីដែល​សំខាន់​គឺ​ទំនាក់ទំនង​ខាង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​នីតិរដ្ឋ ដែល​កម្ពុជា​ធ្លាប់បាន​ព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​»​។

លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ ដែល​ឃ្លាំមើល​ការបោះឆ្នោត​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​នោះ បាន​ឲ្យ​ដឹងថា លោក​មិនដែល​ឃើញ​មានការ​បោះឆ្នោត​ដោយ​សេរី​និង​យុ​តិ្ត​ធម៌​នោះទេ​។ លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ កត់សម្គាល់ថា ភាគច្រើន​គឺ​ឃើញ​មាន​ការយាយី​ខាង​ផ្នែក​នយោបាយ​លើ​គណបក្សប្រឆាំង​ដូចជា ការចោទប្រកាន់​តាមផ្លូវ​តុលាការ​លើ​ប្រធាន​គណបក្សប្រឆាំង ការឃុំខ្លួន​ក្នុង​ស្នាក់ការ​គណបក្ស​ទៅលើ​អនុប្រធាន​គណបក្សប្រឆាំង ការឃុំខ្លួន​មន្ត្រី សកម្មជន​គណបក្សប្រឆាំង និង​ការសម្លាប់​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត កែម ឡី កាលពីពេល​ថ្មីៗ​នេះ​។ លើស​នេះ​ទៅទៀត​លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ បាន​អះអាងថា​ស្ថានការណ៍​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់ចុះ​យ៉ាងគំហុក ហើយ​ឧក្រិដ្ឋកម្ម​ទៅលើ​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ គឺជា​រឿង​ដ៏​អាក្រក់​បំផុត​៕

Alan_Lowenthal_with_seal-770x434លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ សមាជិកសភាអាមេរិក

images