ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ​2​នៅ​ហ៊ួ​ហ៊ី​ន​ថៃ​ស្លាប់​ម្នាក់ របួស​19​នាក់

ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ​២​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១១ សីហា នៅ​ទីក្រុង​ហ៊ួ​ហ៊ី​ន ប្រទេស​ថៃ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​១៩​នាក់ ក្នុង​នោះ​មាន​ពួក​អ្នកទេសចរ​បរទេស​ផង ។ ការ​វាយប្រហារ​នេះ​កើត​មាន​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ​នៅ​ក្រុង​បាងកក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០​នាក់ ។

យោង​តាម​ប៉ូលិស​មូលដ្ឋាន​ថា គ្រាប់បែក​២​គ្រាប់​បាន​ផ្ទុះ​ចន្លោះ​ពេល​គ្នា​៣០​នាទី ហើយ​ឃ្លាត​ពី​គ្នា​ត្រឹម​៥០​ម៉ែត្រ ក្នុង​តំបន់​មួយ​ជិត​មាត់សមុទ្រ​ដែល​មាន​បារ និង​ភោជនីយដ្ឋាន​ជា​ច្រើន​និយម​ចូល​ដោយ​ពួក​អ្នកទេសចរ ។ ស្ត្រី​អ្នក​លក់ដូរ​ចល័ត​ជនជាតិ​ថៃ​ម្នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ផ្ទុះ​ទី​មួយ ដែល​កើត​មាន​នា​វេលា​ម៉ោង​២២​ម៉ោង​ក្នុងស្រុក ហើយ​មនុស្ស​១៩​នាក់​រង​របួស ក្នុង​នោះ​មាន​ជនបរទេស​៧​នាក់ នារី​៤​នាក់ និង​បុរស​៣​នាក់ ដែល​រួម​មាន​ជនជាតិ​ហូ​ឡង់​២​នាក់ ។ ពួក​អ្នក​របួស​ដែល​៣​នាក់​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ហ៊ួ​ហ៊ី​ន​ជា​កន្លែង​កម្សាន្ត​មាត់សមុទ្រ​មួយ​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ ខាងត្បូង​ក្រុង​បាងកក ។

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​បាន​ចេញផ្សាយ​រូបភាព​នានា​នៃ​អ្នកទេសចរ​បរទេស​ដែល​រង​របួស​នៅ​មន្ទីរពេទ្យ ។

ការ​បំផ្ទុះ​គ្រាប់បែក​ទាំង​២​គ្រាប់​នេះ​ពុំ​ទាន់​មាន​ខាង​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ក៏​ប៉ុន្តែ​នៅ​ថៃ​ជា​រឿយ​ៗ​កើត​មាន​ជម្លោះ​ផលប្រយោជន៍​រឿង​រកស៊ី និង​ជម្លោះ​នយោ​បាយ​​ដែល​នាំ​ឱ្យ​មានការ​គប់​គ្រាប់បែក ឬ​គ្រឿងផ្ទុះ​ឯទៀត​ៗ ក៏​ប៉ុន្តែ​ប៉ូលិស​ក៏​ពុំ​បដិសេធ​សេណា​រី​យ៉ូ​ណាមួយ​ដែរ ។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន​លោក SITTHICHAI SRISOPACHAROENRAT ថ្លែងប្រាប់ AFP ថា ការ​ស៊ើបអង្កេត​កំពុង​ធ្វើ​ដើម្បី​បំភ្លឺ​ពី​ប្រភេទ​នៃ​គ្រាប់បែក និង​ពី​មូលហេតុ​នៃ​ការ​វាយប្រហារ​នេះ ។

ហ៊ួ​ហ៊ី​ន​ជា​តំបន់​កម្សាន្ត​មាត់សមុទ្រ​មួយ​និយម​ទៅ ដោយ​ពួក​អ្នកទេសចរ​បរទេស ហើយ​ជនជាតិ​ថៃ​ក៏​និយម​ទៅ​លេង​នៅ​ទីនោះ​ដែរ ។ រួច​នា​យប់​ថ្ងៃ​ទី​១១ សីហា មាន​មនុស្ស​ទៅ​ច្រើន​កុះករ​ជាមួយ​ថ្ងៃ​សុក្រ ទី​១២ សីហា ជា​ទិវា​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្សត្រី​យា​នី​ថៃ ។ នៅ​ហ៊ួ​ហ៊ី​ន​ពិសេស​នៅ​តាម​មាត់សមុទ្រ​មាន​សណ្ឋាន​អន្តរជាតិ​ធំ​ៗ ព្រមទាំង​បារ និង​ក្លិប​រាត្រី​ជា​ច្រើន ហើយ​នៅ​ទីនោះ​មាន​ព្រះរាជ​ដំណាក់​របស់​គ្រួសារ​រាជវង្ស​ផង ។

ការ​វាយប្រហារ​ភេរវកម្ម​សំខាន់​មួយ​នា​ពេល​មុន​នេះ​នៅ​ថៃ​កើត​មាន​កាលពី​ខែសីហា ឆ្នាំ​២០១៥ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០​នាក់ ក្នុង​នោះ​មាន​អ្នកទេសចរ​ជនជាតិ​ចិន​ច្រើន​នាក់​ពេល​គ្រាប់បែក​មួយ​គ្រាប់​ផ្ទុះ​នៅ​កណ្តាល​ក្រុង​បាងកក ។ រួច​កាលពី​ខែមេសា ឆ្នាំ​២០១៥ រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​បាន​ផ្ទុះ​នៅ​ចំណតរថយន្ត​មួយ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​កន្លែង​លើ​កោះ​សា​មុ​យ បណ្តាល​ឱ្យ​មនុស្ស​របួសស្រាល​៧​នាក់​ក្នុង​នោះ​មាន​យុវនារី​ជនជាតិ​អីុ​តា​លី​ម្នាក់​។

ប្រទេស​ថៃ​ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​ទទួល​អ្នកទេសចរ​ជា​ច្រើន​លាន​នាក់​នោះ​ពុំ​គេច​ផុត​ពី​ការ​វាយប្រហារ​ភេរវកម្ម​នានា​ឡើយ ។ រួច​តំបន់​ដែល​តាម​ធម្មតា​កើត​មានការ​ផ្ទុះ​គ្រាប់បែក​ច្នៃ​ញឹកញាប់​នោះ គឺ​តំបន់​ចុង​ខាងត្បូង​ថៃ ជាប់​ព្រំដែន​ជាមួយ​ម៉ា​ឡេ​ស៊ី ។

របប​យោធា​ថៃ​សង្ឃឹម​ខ្លាំង​លើ​ផ្នែក​ទេសចរណ៍ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ហើយ​រំពឹង​ថា ក្នុង​ឆ្នាំ​២០១៦ ទទួលភ្ញៀវ​ទេសចរ​ដល់​ទៅ​៣២​លាន​នាក់ ៕