​អេ ភូថង៖ ចន្រ្ទា ​ប្រឹង​បន្តិច​​ទៀត ​​នឹង​កក្រើក​​ឆាក​អន្តរជាតិ​​រួម​ទាំង Thai Fight ​

​​អតីត​​ម្ចាស់​ខែ្ស​ក្រវាត់​ ISKA ​ពិភព​លោក​ ​អេ​​ ភូថង ​​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​​​ពី​កម្រិត​ក្បាច់​គុន​​អ្នក​ប្រដាក់​ជំនាន់​ថ្មី​ ឡៅ ចន្ទ្រា​​ ថា​​​បើ​​​បន្ត​តាំង​ចិត្ត​ប្រឹង​​ហ្វឹកហាត់​​​​ទៀត​ ​អ្នកប្រដាល់​​​រូប​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​កក្រើក​​​ក្នុង​កម្មវិធី​ធំ​ៗ​លើ​​ឆាក​អន្តរជាតិ​ រួម​ទាំង​សង្វៀន Thai Fight ។

 

 ​អេ ភូថង៖ ចន្រ្ទា  ​ប្រឹង​បន្តិច​​ទៀត ​​នឹង​កក្រើក​​ឆាក​អន្តរជាតិ​​រួម​ទាំង Thai Fight ​​លោក​ ​អេ​​ ភូថង

 

​អតីត​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុង​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​មើល​ឃើញ​របស់​លោក​​​សមត្ថភាព​​របស់ ឡៅ ចន្ទ្រា ​បច្ចុប្បន្ន​​​ល្អ​គ្រប់​ក្បាច់​​ទាំង​កម្លាំង និង​ចលនា​ប្រកួត។ ​បទ​ពិសោធន៍​លើ​សង្វៀន​ច្រើន​គួរសម ព្រម​ទាំង​មាន​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ ​ការ​ព្យាយាម​​របស់​គេ​ បើ​គេ​រក្សា​បន្ត​ទៀត​​​ ក្នុង​រយៈ​ពេល​​ខ្លី​ខាង​មុខ​នេះ​ គេ​នឹង​អាច​ធ្វើ​ឲ្យកក្រើក​​កម្មវិធី​ធំៗ ពិ​សេស​គឺ Thai Fight ​តែ​ម្ដង។

 

​​បុរស​ប្រឹងប្រែង​ក្នុង​វិស័យ​ប្រដាល់​ជាង​ពាក់​កណ្ដាល​ជីវិត​រូប​នេះ​បន្ត​ថា ប្រ​សិន​​បើ​យុវជន​រូប​នេះ​​ថែរក្សា​ខ្លួន​ឲ្យ​បាន​ល្អ​បន្ត​ទៀត ពិត​ណាស់​ គេ​​នឹង​អាច​លើក​មុខមាត់​​ក្បាច់​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ធំ​ៗ​បាន។ ​ពិសេស​ជាង​នេះ​ទៀត​ ចន្រ្ទា ត្រូវ​ការ​ការ​តាំង​ចិត្ត​ប្រលូក​ប្រដាល់​​​​បន្ត​ទៀត​​​​​ ដើម្បី​អាច​បង្ហាញ​ខ្លួន​នៅ Thai Fight ដែល​អ្នក​ប្រដាល់​ខ្មែរ​គ្រប់​រូប​ស្រមៃ​ចង់​ចូលរួម។

 

​លោក អេ ភូថង បច្ចុប្បន្ន​ជា​​អាជ្ញាកណ្ដាល​​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥​បន្ទាប់​ពី​លាង​ដៃ​ឈប់​ឡើង​សង្វៀន​ប្រកួត​ក្នុង​កំឡុង​ឆ្នាំ​២០១១​ ក្រោយ​ពេល​លោក​ដណ្ដើម​បាន​ខ្សែក្រវាត់​ ISKA ​ពិភព​លោក​ឆ្នាំ​២០០៤៕

 

​អេ ភូថង៖ ចន្រ្ទា  ​ប្រឹង​បន្តិច​​ទៀត ​​នឹង​កក្រើក​​ឆាក​អន្តរជាតិ​​រួម​ទាំង Thai Fight ​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​