តម្លៃ​ប័ណ្ណ​ថ្មី​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នឹង​ចាប់​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​ធ្វើការ​កែប្រែ​តម្លៃ​ប័ណ្ណ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចាប់ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧​ខាង​មុខ​តទៅ​។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ។ ការ​ជូនដំណឹង​នេះ ធ្វើ​ឡើង បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​កាលពី​ស​ប្ដា​ហ៍​មុន​ថា នឹង​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយសារ​តែ​តម្លៃ​បច្ចុប្បន្ន​វា​ថោក​ពេក បើ​ធៀប​នឹង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ល្បី​ៗ​លើ​លោក ។

សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា ប័ណ្ណ​ដែល​ចូល​ទស្សនា​មាន​៣​ប្រភេទ​ដូច​ជា ៖
- ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​១​ថ្ងៃ មាន​តម្លៃ​៣៧​ដុល្លារ​។
- ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​៣​ថ្ងៃ មាន​តម្លៃ​៦២​ដុល្លារ និង​មាន​សុពលភាព​១០​ថ្ងៃ​។
- ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​៧​ថ្ងៃ មាន​តម្លៃ​៧២​ដុល្លារ និង​មាន​សុពលភាព​១​ខែ​។

នៅ​ក្នុង​តម្លៃ​របស់​ប័ណ្ណ​ខាងលើ​នេះ គឺ​ចំនួន​២​ដុល្លារ​សម្រាប់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុង​ការ​ព្យាបាល​ជំងឺ​ដល់​កុមារ​ក្រីក្រ​កម្ពុជា ។ ចំនួន​២​ដុល្លារ​នេះ ក៏​មានការ​បញ្ជាក់​ជា​អក្សរ​នៅ​លើ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ពី​ការ​រួមចំណែក​ដោយ​ផ្ទាល់​ពី​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ការ​ចូលរួម​ជួយ​ព្យាបាល​ជំងឺ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ដំឡើង​ថ្លៃ​ប័ណ្ណ​នេះ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​មួយ​ភាគ​ធំ​បាន​រអ៊ូរទាំ​ថា តម្លៃ​សំបុត្រ​ដែល​បាន​ដំឡើង​ដោយ​ក្រសួង គឺ​ថ្លៃ​ខ្លាំង​ណាស់​សម្រាប់​ពួក​គាត់ ។ ប្រសិនបើ​ក្រសួង​លក់​ក្នុង​តម្លៃ​នោះ​មែន កម្ពុជា​នឹង​ប្រឈម​ក្នុង​ការ​បាត់​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ជា​មិន​ខាន​។ ជាមួយ​គ្នា​នេះ ក៏​បាន​សំណូមពរ​ក្រសួង​ធ្វើការ​ពិចារណា​ឡើង​វិញ ព្រោះថា ប្រ​សិនបើ​ដូច្នោះ​មែន ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរ អាច​ប្រឈម​នឹង​អត់​ការងារ​ធ្វើ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​មិន​ខាន ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ធ្វើការ​សម្រេច​ដំឡើង​ថ្លៃ​ប័ណ្ណ​នេះ គឺ​បាន​ធ្វើការ​សិក្សា និង​ស្ទាបស្ទង់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ជា​លទ្ធ​ផល គឺ​គាំទ្រ​ឲ្យ​មានការ​ដំឡើង​ថ្លៃ​នេះ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ថា ៖ « យើង​បាន​សិក្សា​លើ​ការងារ​ហ្នឹង​ច្បាស់លាស់​ច្រើន​ឆ្នាំ​មក​ហើយ ។ ទន្ទឹម​នឹង​នេះ យើង [​ក្រសួងទេសចរណ៍​] និង​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ធ្វើការ​ស្ទាបស្ទង់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ដល់​នៅ​ព្រ​លាន​យន្ដ​ផង​ដែរ ហើយ​គេ​និយាយ​ថា អង្គរវត្ត​អស្ចារ្យ​ណាស់ ដូច្នេះ​យើង​អាច​ដំឡើង​ថ្លៃ​សំបុត្រ​បាន ។ ចំណែក​ទីភ្នាក់ងារ​ទេសចរណ៍​បរទេស​ធំ​ៗ​ក៏​បាន​ប្រាប់​យើង​ថា ថ្លៃ​ដែល​យើង​លក់​ជូន​នេះ​ថោក​ណាស់ បើ​ធៀប​នឹង​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​ល្បី​ៗ​លើ​ពិភពលោក គេ​មាន​តែ​ប្រាសាទ​១ គេ​លក់​៧០​ទៅ​៨០​ដុល្លារ ចំណែក​យើង​លក់​ក្នុង​តម្លៃ​ពី​៣៧ ទៅ​៧២​ដុល្លារ អាច​ទស្សនា​បាន​២៧​ប្រាសាទ និង​មាន​សុពលភាព​រហូត​ដល់​១​ខែ​ទៀត ដូច្នេះ​មាន​ន័យ​ថា អត់​ថ្លៃ​ទេ » ។

ប្រាសាទអង្គរវត្ត​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទាំង​ក្នុង​តំបន់​អាស៊ី និង​ពិភពលោក​ថា ជាទី​តាំង​ទេសចរណ៍​សម្គាល់​អត្តសញ្ញាណ​ជាតិ​ដ៏​ទាក់ទាញ​ជាងគេ​បំផុត ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​សម្គាល់​អត្ដសញ្ញាណ​ជាតិ​ទាំង​២៥​លើ​ពិភពលោក ។ ចំណែក​ទីក្រុង​សៀមរាប​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តំបន់​អាស៊ី និង​លេខ​២ ក្នុង​ពិភពលោក​ថា ជា​គោលដៅ​ទេសចរណ៍​ដែល​ទាក់ទាញ​ជាងគេ ។ សម្រាប់​ឆ្នាំ​២០១៦​នេះ Trip advisor ក៏​បាន​ជ្រើសរើស​ទីក្រុង​សៀមរាប​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី និង​ជ្រើសរើស​ប្រាសាទអង្គរវត្ត​ជាទី​តាំង​ទេសចរណ៍​សម្គាល់​អត្តសញ្ញាណ​ជាតិ​ដ៏​ទាក់ទាញ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ផង​ដែរ ។

តាម​របាយការណ៍​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រចាំខែ​កក្កដា ឆ្នាំ​នេះ របស់​គ្រឹះស្ថាន​អង្គរ បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​សរុប​មាន​ចំនួន​១៦៨.២១៥​នាក់ ទទួល​បាន​ចំណូល​៤.៦០៥.២៨០​ដុល្លារ​អា​មេ​រិ​ក ។ បើ​គិត​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់ និង​ទទួល​បាន​ចំណូល​ចំនួន​ជាង​៣៥​លាន​ដុល្លារ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន កើនឡើង​២,៣៣​ភាគរយ ៕