សាំង​ស៊ុប​ពែរ និង​ម៉ា​ស៊ូ​ត បន្ដ​ចុះថ្លៃ​50​រៀល​ក្នុង 1​លី​ត្រ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​១១ សីហា ម្សិលមិញ បាន​បង្ហាញ​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ បន្ដ​ចុះថ្លៃ​៥០​រៀល​ពី​៣.២៥០​រៀល មក​៣.២០០​រៀល សម្រាប់​សាំង​ស៊ុប​ពែរ និង​ម៉ា​ស៊ូ​ត​ពី​២.៩៥០​រៀល មក​២.៩០០​រៀល ។ ដោយឡែក សាំង​ធម្មតា​ឃើញ​ថា តម្លៃ​នៅ​រក្សា​ដដែល គឺ​ក្នុង​១​លី​ត្រ​ថ្លៃ​៣.១៥០​រៀល ។ តម្លៃ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី​១២​នេះ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ ។

តាម​ការ​អង្កេត តម្លៃ​ប្រេងឥន្ធនៈ​ចាប់ពី​ចុងខែ​កក្កដា រហូត​មក ឃើញ​ថា មានការ​ចុះថ្លៃ​៣​លើក​មក​ហើយ ដោយ​តម្លៃ​លក់រាយ​ពី​ថ្ងៃ​ទី​២២ កក្កដា ដល់​ថ្ងៃ​ទី​១ សីហា សាំង​ស៊ុប​ពែរ​ថ្លៃ​៣.៣០០​រៀល​, សាំង​ធម្មតា​ថ្លៃ​៣.២០០​រៀល និង​ម៉ា​ស៊ូ​តថ្លៃ​៣.០៥០​រៀល​ក្នុង​១​លី​ត្រ​។ រីឯ​ការ​ចុះ​លើក​ទី​២ គឺ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ សីហា ម្សិលមិញ ឃើញ​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​នានា តម្លៃ​សាំង​ស៊ុប​ពែរ​ថ្លៃ​៣.២៥០​រៀល​, សាំង​ធម្មតា​ថ្លៃ​៣.១៥០​រៀល និង​ម៉ា​ស៊ូ​តថ្លៃ​២.៩៥០​រៀល ក្នុង​១​លី​ត្រ​។ ចំណែក​ពេល​នេះ ជា​ការ​ចុះថ្លៃ​លើក​ទី​៣​ហើយ​នៅ​ក្នុង​ខែសីហា ដោយ​សាំង​ស៊ុប​ពែរ និង​ម៉ា​ស៊ូ​ត បន្ដ​ចុះថ្លៃ​៥០​រៀល​ក្នុង​១​លី​ត្រ ។

ការ​ឡើង​ចុះ​នៃ​តម្លៃ​ប្រេង​នេះ បើ​តាម​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​ប្រាប់​ថា គឺ​អាស្រ័យ​ទៅ​លើ​ការ​ប្រែប្រួល​តម្លៃ​ប្រេង​អន្តរជាតិ ហើយ​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើការ​គណនា​តាម​រូបមន្ត​កំណត់​ថ្លៃ​ប្រេង​ដូច​ៗ​គ្នា​សម្រាប់​ក្រុមហ៊ុន​ប្រេង​នៅ​កម្ពុជា ។

យោង​តាម​តម្លៃ​ប្រេង​ទីផ្សារ​អន្តរជាតិ​បង្ហាញ​ថា តម្លៃ​ប្រេង​បាន​បន្ត​ធ្លាក់​ចុះ​គិត​ត្រឹម​ថ្ងៃ​ទី​១០ សីហា កន្លង​ទៅ ដោយសារ​តែ​ការ​ស្តុក​ប្រេង​ឆៅ​អា​មេ​រិ​ក​កើនឡើង និង​ការ​ផ្គត់ផ្គង់​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ច្រើន​លើស​តម្រូវការ ។

ទីផ្សារ​ដោះ​ដូរ​ទំនិញ​ទីក្រុង​ញូ​វ​យ៉​ក ប្រេង​ប្រភេទ WTI សម្រាប់​ចែកចាយ​ក្នុង​ខែកញ្ញា បាន​ធ្លាក់​ចុះ​១,០៦​ដុល្លារ មក​ត្រឹម​៤១,៧១​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល ។ រីឯ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រេង​ប្រភេទ Brent សម្រាប់​ចែកចាយ​ក្នុង​ខែតុលា បាន​ធ្លាក់​ចុះ​៩៣​សេន មក​ត្រឹម​៤៤,០៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។

តួលេខ​ប្រចាំ​ស​ប្តា​ហ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ សីហា ដោយ​នាយកដ្ឋាន​ថាមពល​អា​មេ​រិ​ក បង្ហាញ​ថា  ការ​ស្តុក​ប្រេង​ឆៅ​កាលពី​ស​ប្តា​ហ៍​មុន​នៅ​តែ​ខ្ពស់​ដដែល មាន​ចំនួន​៥២៣,៦​លាន​បារ៉ែល ដោយ​កើន​០,២% ពី​ស​ប្តា​ហ៍​មុន​ៗ និង​នៅ​តែ​ច្រើន​ជាង​១៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ការ​ស្តុក​ប្រេងសាំង​បាន​ធ្លាក់​ចុះ​១,២% មក​ត្រឹម​២៣៥,៤​លាន​បារ៉ែល ។ ទន្ទឹម​គ្នា​នេះ​ដែរ ផលិតកម្ម​ក្នុងស្រុក​បាន​ថយ​ចុះ​បន្តិច មក​ត្រឹម ៨,៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដែល​បង្ហាញ​ការ​ធ្លាក់​ចុះ​៥,៧% ធៀប​នឹង​តួលេខ​ឆ្នាំ​មុន ៕