សេដ្ឋកិច្ច​អាស៊ាន​សង្ឃឹម​ងើបឡើង​វិញ ខណៈ​ចិន​នៅ​តែ​ព្រួយបារម្ភ​ពី Brexit

ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​ថា កំណើនសេដ្ឋកិច្ច​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ពី​៤,៧%​កាលពី​ឆ្នាំ​មុន មក​ត្រឹម ៤,៥%​ក្នុង​ឆ្នាំ​២០១៦​នេះ ដោយសារ​តែ​ការ​ធ្លាក់​ចុះ និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ប្រទេស​ចិន ទាក់ទង​ទៅ​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ។

ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឡាវ​នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា កំណើនសេដ្ឋកិច្ច​ក្នុង​បណ្តា​រដ្ឋ​សមាជិក​ទាំង​១០​ប្រទេស ចំនួន​២,៤​ទ្រី​លាន​ដុល្លារ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ងើបឡើង​វិញ​ក្នុង​អត្រា​៤,៧%​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​ការ​ប្រើប្រាស់​ច្រើន​ពី​វិស័យ​ឯកជន និង​សាធារណៈ រួម​ទាំង​ភាព​ប្រសើរ​ឡើង​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ ។

ចិន គឺជា​ដៃគូ​ខាងក្រៅ​ដ៏​ធំ​មួយ​របស់​បណ្តា​ប្រទេស​អាស៊ាន ដោយ​មាន​ពាណិជ្ជកម្ម​សរុប​ចំនួន​១៥% និង​បន្ទាប់​មក​គឺ​ជប៉ុន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ។

រដ្ឋ​សមាជិក​អាស៊ាន​បាន​លើក​ឡើង​ថា ពួក​គេ​មាន​គោលបំណង​ចង់​បង្កើត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​បន្ថែម ដើម្បី​ពង្រឹង​ស្ថានភាព​សេដ្ឋកិច្ច ការ​ទទួលស្គាល់​លក្ខណៈ​ជំនាញ​របស់​ប្រទេស​នីមួយ​ៗ កែសម្រួល​ទំនៀមទម្លាប់ ច្បាប់​កម្មសិទ្ធិបញ្ញា និង​លុប​បំបាត់​គម្លាត​ក្នុង​ការ​អភិវឌ្ឍ​រវាង​ប្រទេស​សមាជិក​ក្រីក្រ​ដូច​ជា កម្ពុជា ឡាវ វៀតណាម មី​យ៉ា​ន់​ម៉ា និង​តំបន់​ផ្សេង​ៗ​ទៀត ។

ពួក​គេ​ក៏​បាន​យល់ព្រម​នឹង​បង្កើន​កា​រត​ភ្ជាប់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទំនាក់ទំនង សម្រួល​ដល់​ដំណើរការ​ប្រតិបត្តិការ​អេ​ឡិច​ត្រូ​និក​ឱ្យ​ប្រសើរ​ជាង​មុន​ធ្វើ​សមាហ​រណ​កម្ម​ឧស្សាហកម្ម ដើម្បី​លើកកម្ពស់​ប្រភព​ធនធាន​នៅ​តាម​តំបន់ និង​បង្កើន​ការ​ចូលរួម​ពី​សំណាក់​ផ្នែក​ឯកជន​ក្នុង​វិស័យសេដ្ឋកិច្ច ។

ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​កាន់តែ​ខិត​ជិត​មក​ដល់ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះទៅ​មុខ ពី​អ្វី​ដែល​បាន​គ្រោង​នា​ពេល​កន្លង​មក​នៃ​គោលនយោបាយ​សម្រាប់​ការ​ទំនាក់ទំនង​ក្នុង​តំបន់​ប្រកបដោយ​សន្តិភាព ។

របាយការណ៍​រួម​មួយ​ដែល​ចេញផ្សាយ​ដោយ AmCham Singapore និង​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​បង្ហាញ​ថា ៥៣%​នៃ​ក្រុមហ៊ុន​អា​មេ​រិ​ក​យល់​ឃើញ​ថា អាស៊ាន​បាន​ក្លាយជា​តំបន់​កាន់តែ​សំខាន់​ក្នុង​លក្ខខណ្ឌ​ប្រាក់​ចំណូល​ទូ​ទាំង​ពិភពលោក នា​អំឡុង​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ក្នុង​នោះ​ក្រុមហ៊ុន​ប្រមាណ​២​ភាគ​៣ បាន​និយាយ​ថា អាស៊ាន​នឹង​ក្លាយជា​តំបន់​កាន់តែ​សំខាន់​ជាង​នេះ​ទៀត​ក្នុង​រយៈពេល​២​ឆ្នាំទៅ​មុខ ។

វៀតណាម ឥណ្ឌូ​ណេ​ស៊ី និង​មី​យ៉ា​ន់​ម៉ា គឺជា​ទិស​ដៅ​ប្រទេស​ចម្បង​បំផុត​សម្រាប់​ផែនការ​ពង្រីក​សាខា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក ខណៈ​សិង្ហ​បុរី ឡាវ និង​ព្រុយ​ណេ ពុំ​មែន​ជា​ទិស​ដៅ​សំខាន់ ។

របាយការណ៍​ខាងលើ​បាន​បង្ហាញ​ថា អំពើ​ពុក​រលួយ តម្លាភាព និង​អភិបាលកិច្ច​ល្អ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​សម្រាប់​ទស្សនវិស័យ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ៕