ពលរដ្ឋ​ស្រុក​ក្រឡាញ់​១៤​គ្រួសារ​ផ្ទុះ​ការតវ៉ា​ខណៈដែល​កុង​ទ័​រ​ភ្លើង​ឡើង​ខុស​ប្រក្រតី​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-12-2016, 11:47 am         460

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ពលរដ្ឋ​ស្រុក​ក្រឡាញ់​១៤​គ្រួសារ​ផ្ទុះ​ការតវ៉ា​ខណៈដែល​កុង​ទ័​រ​ភ្លើង​ឡើង​ខុស​ប្រក្រតី​​សៀមរាប​៖ ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ចំនួន​១៤​គ្រួសារ បានកើត​ទុក្ខ​មិន​សុខចិត្ត ទាក់ទង​នឹង​កុង​ទ័​រ​ភ្លើង​ឡើង​ខុស​ប្រក្រតី ហើយ​ពួកគេ​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជួយ​រក​ដំណោះស្រាយ​។ ករណីនេះ បាន​កើតឡើង​អំឡុង​ខែកក្កដា​កន្លងទៅ ហើយ​រហូតមកដល់​ពេលនេះ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​កំពុង​ចូលរួម​ដោះស្រាយ​។​

​ពលរដ្ឋ​១៤​គ្រួសារ រស់នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ បាន​សម្តែង​ការហួសចិត្ត នៅពេល​កុង​ទ័​រ​ភ្លើង​របស់​ពួកគេ ឡើង​ទ្វេ​១០ និង​ខ្លះ​លើសពីនេះ​។ ពលរដ្ឋ​ខ្លះ​ធ្លាប់ប្រើ​អស់​ត្រឹម ១០០​គីឡូ ឡើងដល់​៣០០ ទៅ​៤០០​គីឡូ​។ ក៏មានដែរ​ពលរដ្ឋ​ខ្លះទៀត ដែល​វិ​ក្ក័​យ​ប​ត្រ​ប្រើប្រាស់​របស់​ពួកគាត់​បង្ហាញថា គឺ​ប្រើ​អស់​ជាង​៦០០០ ទៅ​ជាង​៩០០០​គីឡូ ខណៈដែល​ធម្មតា គាត់​ប្រើ​ភ្លើង​អស់​ត្រឹម​ជាង​១០០​គីឡូ​តែប៉ុណ្ណោះ​។​

​ការលើកឡើង​ពី​ភាពមិនប្រក្រតី​នៃ​ការប្រើប្រាស់​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រឡាញ់ គឺ​បាន​ធ្វើឡើង​ក្នុង​វេទិកាសាធារណ​មួយ​នៅ​រសៀល​ថ្ងៃទី​១១ សីហា​ម្សិលមិញ​។ ជំហាន​ដំបូង ប្រជាពលរដ្ឋ​ប្រកាន់​ជំហ​មិន​បង់ថ្លៃ​ភ្លើង ចំណែក​ខាង​ក្រុមហ៊ុន​សន្យា​រក​ដំណោះស្រាយ និង​មិន​ផ្តាច់​បណ្តាញ​អគ្គិសនី​ពួកគេ​ឡើយ​។​

​តំណាង​ក្រុមហ៊ុន​អគ្គិសនី​វឌ្ឍនៈ​អិន​ធឺ​អង្គរ លោក លុច ផ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ទទួលស្គាល់ថា កុង​ទ័​រ​របស់​ប្រជាពលរដ្ឋ​ទាំង​១៤​គ្រួសារ ពិតជា​ឡើង​ហួស​កម្រិត​មួយ ដែល​មិនអាច​ទទួលយកបាន​ពិតប្រាកដ​មែន​។ លោក លុច ផ បាន​សន្យាថា នឹង​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​មន្ទីរ​រ៉ែ និង​ថាមពល ដើម្បី​រក​ខុសត្រូវ​លើ​បញ្ហា​នេះ​។ «​ករណី​ដែល​រកឃើញថា​កុង​ទ័​រ​មាន​បញ្ហា យើង​នឹង​សុំ​គោលការណ៍​ដោះស្រាយ​ទៅខាង​អគ្គិសនី ដើម្បី​ដោះស្រាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន​អគ្គសិ​នី​ឯកជន ដែល​ទទួល​សិទ្ធិ​ចែកចាយ​អគ្គិសនី​ខេត្តសៀមរាប​។​

​អនុប្រធាន​អគ្គិសនី​ខេត្តសៀមរាប លោក សេង វិបុល បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​លោក​ក៏​ធ្លាប់​ជួប​ករណី​ដូចគ្នានេះដែរ​។ លោក វិបុល បាន​លើកយក​បទពិសោធន៍​ចាស់ៗ​ថា ការឡើង​កុង​ទ័​រ​ខុស​ប្រក្រតី​នេះ អាច​បណ្តាលមកពី​ឆ្លង​ខ្សែ​ក្រោម​ដី ឫ​បញ្ហា​ត្រង់​ប្រអប់​នា​ទ្បិ​កា​ជាដើម​។ សម្រាប់​បញ្ហា​កើតឡើង​នៅ​ស្រុក​ក្រឡាញ់​នេះ លោក វិបុល នៅ​មិនទាន់​អាចសន្និដ្ឋាន ថា​បណ្តាលមកពី​អ្វី​ឲ្យ​ប្រាកដ​នោះទេ​។​

​លោក ជា ច័ន្ទ​បូ​រិ​បូ​ណ៌ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់របស់​គណបក្សប្រជាជនកម្ពុជា​ បាន​ឲ្យ​ដឹងថា បញ្ហា​អគ្គិសនី​ជា​ចំណុច​មួយ​សំខាន់ ដែល​ស្ថិតក្នុង​ការងារ​របស់​លោក​។ លោក​សន្យាថា នឹង​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​បំផុត​។ «​វា​លំបាក ព្រោះថា​បញ្ហា​ភ្លើង​នេះ​យើង​មើលមិនឃើញ​។ វា​អាចមកពី​កុង​ទ័​រ ការឆ្លង តែ​វា​នៅតែ​ឡើង អា​ឡើង​តិចតួច​មិន​អី​ទេ តែ​នេះ​ឡើង​រហូតដល់​គេ​មិនអាច​ទទួលយកបាន ហើយ​មិនមែន​ម្នាក់ទៀត​...»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក បូ​រិ​បូ​ណ៌​។ ទន្ទឹមនឹងនេះ លោក បូ​រិ​បូ​ណ៌ ក៏បាន​លើកឡើង​ផងដែរ​ទាក់ទិន​នឹង​ក្រុមហ៊ុន​អគ្គិសនី​មួយចំនួន ដែល​មិន​អនុវត្តន៍​តាម​គោលការណ៍​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​អគ្គិសនី​ជាតិ ហើយ​លោក​ថា នឹង​យក​ចំណុច​ទាំងនោះ ទៅប្រាប់​ថ្នាក់លើ ដើម្បី​ត្រួត​ពិនិត្យឡើងវិញ​៕