កំណើន​ឧស្សាហកម្ម​រ៉ែ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​7​ខែ​ដំបូង​ឆ្នាំ​នេះ

ប្រទេស​វៀតណាម ៖ ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) បាន​និយាយ​ថា ឧស្សាហកម្ម​រុករក​រ៉ែ​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​នូវ​កំណើន​ផលិតកម្ម​របស់​ខ្លួន នា​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ ដែល​អាច​នឹង​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​ដំណាច់ឆ្នាំ​នេះ​ទៀត​ផង ។

លោក Pham Dinh Thuy តំណាង​មក​ពី​នាយកដ្ឋាន​ស្ថិតិ​ឧស្សាហកម្ម​នៃ GSO ថ្លែង​ថា កំណើន​ការ​ផលិត​របស់​ឧស្សាហកម្ម​រ៉ែ​ក្នុងស្រុក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​៩%​ក្នុង​ឆមាស​ទី​២​ឆ្នាំ​នេះ ។

មន្ត្រី​រូប​នេះ​បន្ថែម​ថា កំណើន​ផលិតកម្ម​ឧស្សាហកម្ម​រ៉ែ​បាន​ធ្លាក់​ចុះ​២,៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ដោយសារ​តែ​តម្លៃ​រ៉ែ ធ្យូងថ្ម និង​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​ពិភពលោក ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ ខណៈ​ការ​ចំណាយ​លើ​ការ​ផលិត​នៅ​តែ​ខ្ពស់​ដដែល ។

ក្រុមហ៊ុន​វិនិយោគ​ភាគហ៊ុន​រួម An Thong ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Hoa Phat បាន​ប្រគល់​ទីតាំង​រ៉ែ​ដែក​ចំនួន​២​កន្លែង​ជូន​រដ្ឋាភិបាល​វិញ បន្ទាប់​ពី​តម្លៃ​រ៉ែ​នៅ​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​ពី​៣០% ទៅ​៥០% បើ​ធៀប​នឹង​ដើមឆ្នាំ​២០១៤ ។ យ៉ាងណាមិញ ក្រុមហ៊ុន Hoa Phat នឹង​នាំ​ចូល​រ៉ែ​ដែក​វិញ​សម្រាប់​ផលិតកម្ម​របស់​ខ្លួន ជំនួស​ការ​ជីក​រ៉ែ​ក្នុង​មូលដ្ឋាន ។

ខេត្ត Ha Giang មាន​គម្រោង​រុករក​រ៉ែ​ចំនួន​៥២​ទីតាំង ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៥ មាន​តែ​១១​គម្រោង​ប៉ុណ្ណោះ​បាន​ចាប់ផ្តើម​ដំណើរការ ។ រីឯ​២០​គម្រោង​ទៀត​ត្រូវ​បាន​ផ្អាក និង​នៅ​សល់​ប៉ុន្មាន​គម្រោង​ផ្សេង​ទៀត​ត្រូវ​បាន​បិទ ។

GSO បាន​និយាយ​ថា ដើម្បី​ជួសជុល​ការ​ខាតបង់​ផ្នែក​ផលិតកម្ម​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ឧស្ម័ន និង​ប្រេង​ជាតិ​វៀតណាម (PVN) ត្រូវ​តែ​បង្កើន​ទំហំ​ប្រេង​ឆៅ​ចំនួន​២​លាន​តោន​បន្ថែម​ទៅ​លើ​ប្រេង​បច្ចុប្បន្ន​ចំនួន​១៤​លាន​តោន ។

យោង​តាម​ក្រុម​អ្នកជំនាញ​បានឱ្យ​ដឹង​ថា ឧស្សាហកម្ម​រុករក​រ៉ែ​ក្នុងស្រុក ក៏​អាច​ប្រឆាំង​លើ​ការ​បង្កើន​ពន្ធ​លើ​ធនធានធម្មជាតិ​ពី​៩% ទៅ​១២%​ផង​ដែរ​សម្រាប់​ការ​រុករក​ធ្យូងថ្ម និង​ពី​៧% ទៅ​១០% ចំពោះ​ការ​រុករក​រ៉ែ​ក្នុង​ដី ។

លោក Thuy បាន​ថ្លែង​ទៀត​ថា ការ​ដំឡើង​ពន្ធ​របស់​រដ្ឋាភិបាល គឺ​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​កេងប្រវ័ញ្ច​លើ​អាជីវកម្ម​រ៉ែ ដោយសារ​តែ​ការ​បម្រុង​មាន​កំណត់ ៕