របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស៊ីសុវត្ថ ធម្មិកោ ត្រៀម​ឡើង​តុលាការ

នៅចំពោះការព្រមាន របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលថានឹងសិក្សាពីទិដ្ឋភាពច្បាប់ ដើម្បី​ដាក់​បណ្ដឹង​ប្រឆាំង នឹង​ការ​លើក​ឡើង​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទាក់ទងនឹងរបបដឹកនាំ បែប​«តិរច្ឆាន»​នោះ នៅ​ថ្ងៃ​នេះ​ព្រះអង្គ​ម្ចាស់ បានមានបន្ទូលថា ព្រះអង្គកំពុងត្រៀមខ្លួន​ឲ្យហើយ ប្រសិនជា​មាន​បណ្ដឹង​​នោះ​មែន។
របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស៊ីសុវត្ថ ធម្មិកោ ត្រៀម​ឡើង​តុលាការ

រូបថតរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលទ្រង់ឈរថត នៅខាងមុខសាលាដំបូង ខេត្តសៀមរាប។

ការប្រៀបធៀប ដែលបង្កឲ្យមាន ជាសង្គ្រាមពាក្យសំដីមួយនេះ អាចនឹងប្រើរយៈពេលវែងទៅមុខ ដើម្បី​បញ្ចប់​វា។ ប្រើរយៈពេលវែង ដោយហេតុថា អ្នកលើកឡើងចេះតែបន្តនិយាយ ខណៈភាគីម្ចាងទៀត ទទួលយក​មិន​បាន ជា​ពិសេស​ការ​ប្រៀបធៀប​របបដឹកនាំសព្វថ្ងៃ ទៅនឹងរបបណាមួយ ដែលមានលក្ខណៈ ដូច«តិរច្ឆាន»។

ជាករណីរបស់មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលកំពុងរង​ការ​ព្រមាន ពីគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការលើកឡើង​របស់ព្រះអង្គ ដែលថារបបដឹកនាំសព្វថ្ងៃ នៅ​ប្រទេស​កម្ពុជា គឺជារបប«តិរច្ឆាន»។ កាលពីថ្ងៃទី១០ ខែសីហា ព្រះអង្គម្ចាស់បានសរសេរ នៅលើគណនី​ហ្វេសប៊ុក​របស់​ព្រះអង្គ ដូច្នេះថា៖ «ខ្ញុំ​គោរព​ស្រលាញ់​ព្រះមហាក្សត្រ ក៏ប៉ុន្តែ​ខ្ញុំ​ប្រឆាំង​របប​តិរច្ឆាន ដឹកនាំ​ដោយ CPP ជាដាច់ខាត!»។

សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាអតីតគណបក្ស​កុម្មុយនីស​នៅកម្ពុជា ការហៅរបបមួយ ដែលស្ថិត​ក្រោម​​ការដឹកនាំរបស់ខ្លួន ថាមានលក្ខណៈ«តិរច្ឆាន» គឺជាការប្រមាថធ្ងន់ធ្ងរ ទៅដល់ថ្នាក់ដឹកនាំ​របស់​ពួកគេ និង​គណបក្ស។ ការមិនទទួលយក ការលើកឡើងទាំងនេះ បាននាំទៅដល់ការព្រមាន ដែលអ្នកនាំពាក្យ​គណបក្ស អះអាងថា នឹងប្រើប្រាស់ផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងជនណាក៏ដោយ ដែលបានលើកឡើងដូច្នេះ។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យម្នាក់ទៀត របស់គណបក្សកាន់អំណាច បានថ្លែងទៅកាន់​សារព័ត៌មាន​ក្នុង​ស្រុក ថាការលើកឡើង របស់ព្រះអង្គម្ចាស់ ធម្មិកោ ចាត់ទុករបបសព្វថ្ងៃ ថាជារបបតិរច្ឆាន គឺមានន័យស្មើ នឹង​ការ​វាយ​ប្រហារលើរបបរាជានិយម នៅកម្ពុជា និងបាន«ប្រមាថប៉ះពាល់​ ដល់​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ហើយ​ប្រមាថ​ដល់​គណបក្ស​ប្រជាជន»។

អ្នកនាំពាក្យ បាន​និយាយ​ថា៖ «សូម្បី​តែ​​កាតព្វកិច្ច​ ក្នុងការ​រួមចំណែក​លើក​ស្ទួយ​​របបរាជានិយម លើកស្ទួយ​នៅ​តម្លៃ​រាជវង្សា​នុវង្ស គឺ​បុគ្គល ស៊ីសុវត្ថិ ធម្មិកោ គ្មាន​សមត្ថភាព​ផង​។ សម្រាប់​យើង​ចាត់ទុកថា បុគ្គល​នេះ គឺជា​បុគ្គល​ដ៏​ថោក​ទាប​​បំផុត ​ដែល​យើង​មិន​ត្រូវការ និង​មិន​ឲ្យ​តម្លៃ​សោះ។»

ទាក់ទងនឹងបណ្ដឹង ដែលគណបក្សប្រជាជនកម្ពុជា ត្រៀមធ្វើដើម្បីប្រឆាំងនឹងព្រះអង្គម្ចាស់ ធម្មិកោ នោះ ត្រូវ​បាន​លោក ឈឹម ផលវរុណ អះអាងថា គណបក្សគ្រោងធ្វើកាសិក្សា ជាមួយអ្នកច្បាប់របស់ខ្លួន។ លោក​បាន​ថ្លែង​ឡើង​ថា៖ «ជន​ណាក៏ដោយ​ដែល​ប្រមាថ​ ជន​នោះ​នឹង​ត្រូវតែ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។ ត្រង់​ថា តើ​យើង​​មាន​​ចំណាត់​ការ​​យ៉ាងម៉េច ហើយនៅ​ពេលណា​តាមផ្លូវ​ច្បាប់ គឺជា​នីតិវិធី និង​ការសិក្សា​របស់​យើង ដែល​មេធាវី​​សិក្សា​​អំពី​​ទិដ្ឋភាព​ច្បាប់ និង​ស្ថានភាព​ច្បាប់​ ដើម្បី​ដាក់​បណ្តឹង​ ចំពោះ​បុគ្គល​រូបនេះ (​ធម្មិកោ​)។»

នៅចំពោះការព្រមាននេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសរសេរតបទៅវិញ នៅលើបណ្ដាញសង្គម ជា​មួយ​នឹង​រូបថតមួយសន្លឹក ដែលព្រះអង្គឈរថត នៅខាងមុខសាលាដំបូង ខេត្តសៀមរាបថា៖ «ខ្ញុំត្រៀម​ប្រឈម​មុខ នឹងច្បាប់ឲ្យហើយ»។ ជាចម្លើយឆ្លើយតប ទៅនឹងក្ដីសង្ឃឹមរបស់លោក ឈឹម ផលវរុណ ដែលថា ព្រះអង្គ​ត្រូវ​តែ​​ក្លាហាន នឹង​ប្រឈមមុខ​ទទួលខុសត្រូវ ​នូវ​ពាក្យសំដី​របស់ខ្លួន​ នៅ​លើទឹកដី​ និង​​ចំពោះ​​តុលាការ​កម្ពុជា។

ព្រះអង្គម្ចាស់បានមានបន្ទូលបន្ថែម នៅព្រឹកថ្ងៃសុក្រនេះថា៖ «ខ្ញុំ​ដូចជា​អត់​មាន ការព្រួយបារម្ភ​អ្វី​ទេ ដោយសារ​ថា អ្វីដែល​ខ្ញុំ​និយាយ គឺ​ខ្ញុំ​ចំណាំតែ​និយាយ​អំពី​ការពិត។ ខ្ញុំ​មិនដែល​បំប៉ោង​អ្វី(ទេ)។ ដូច្នេះ​ ខ្ញុំ​អត់​មានការ​ព្រួយ​បារម្ភ​​អ្វី​ទេ។»៕