កម្ពុជា​បាន​ត្រឹម​ធ្វើ​កំណត់​ទូត ក្នុងពេលដែល​ទាហាន​យួន​សាងសង់​ប៉ុស្ដិ៍​ថ្មី​តាម​ព្រំដែន​នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី

ព័ត៌មាន​ជុំវិញ​ករណី​ទាហាន​យួន​សាងសង់​ប៉ុស្ដិ៍​ឈរជើង​២​កន្លែង​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ក៏ដូចជា​សកម្មជន​ព្រំដែន​និង​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ដោយហេតុថា រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កំណត់​ទូត​ជាថ្មី​ដើម្បី​ឲ្យ​ភាគី​យួន​បញ្ឈប់​ការសាងសង់​ប៉ុស្ដិ៍​ថ្មី​នៅក្នុង​តំបន់ស​តាម​ព្រំដែន ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​ជា​ផ្លូវការ​ពី​សំណាក់​ភាគី​យួន​នៅឡើយ​ទេ​។ បញ្ហា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​លើកឡើងថា ការដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​ធ្វើ​កំណត់​ទូត​ស្នើ​ឲ្យ​ប្រទេស​យួន​បញ្ឈប់​សកម្មភាព​នៅ​តាម​ព្រំដែន គឺ​កើតមាន​ជាច្រើនលើក​មកហើយ ប៉ុន្តែ​ភាគី​យួន​មិន​យក​ភ្នែក​មើល​កំណត់​ទូត​របស់​កម្ពុជា​នោះទេ​។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ទទួលស្គាល់ថា ភាគី​យួន​បាន​សាងសង់​ប៉ុស្ដិ៍​រំលោភ​ជាថ្មីទៀត​នៅលើ​តំបន់ហាមឃាត់​រវាង​ភាគី​ទាំង​២ ហើយ​លោក​បាន​ចាត់ទុកថា​ជាការ​រំលោភបំពាន​លើ​ព្រំដែន​កម្ពុជា និង​កិច្ចព្រមព្រៀង​នៃ​ប្រទេស​កម្ពុជា​និង​យួន​។ លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ទៀតថា ខាង​ភាគី​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​សុំ​ឲ្យ​ភាគី​យួន​បញ្ឈប់​អំពើ​ខុសឆ្គង និង​ការរំលោភ​លើ​កិច្ចព្រមព្រៀង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៩៥​។ ទោះជា​យ៉ាងណា​មិនទាន់មាន​ការឆ្លើយតប​ពី​ភាគី​យួន​នៅឡើយ​ទេ ផ្ទុយទៅវិញ​យួន​នៅតែ​បន្តសកម្មភាព​សាងសង់​ប៉ុស្ដិ៍​ថ្មី​២​កន្លែង​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​ខេត្ត បាន​ចុះទៅ​ពិនិត្យមើល​ទីតាំង​ដែល​ទាហាន​យួន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ថ្មី​នោះ​ហើយ ក៏ប៉ុន្តែ​វិធានការ​ទប់ស្កាត់​យ៉ាងណា​នោះ​គឺ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុស្ដិ៍​ថ្មី​ដែល​ទាហាន​យួន​សាងសង់​នោះ​មាន​ទំហំ​៣០០​ម៉ែត្រក្រឡា​បាន​ចាក់គ្រឹះ​និង​ចាក់​សសរ​កាលពី​ចុងខែ​កក្កដា​កន្លងទៅ ហើយ​បច្ចុប្បន្ន​ទាហាន​យួន​នៅតែ​បន្តសកម្មភាព​សាងសង់​យ៉ាង​គឃ្លើន បើទោះបី​រដ្ឋាភិបាល​កម្ពុ​ជា​ផ្ញើ​កំណត់​ទូ​តទៅ​រដ្ឋាភិបាល​យួន​យ៉ាងណាក៏ដោយ​។ មន្ត្រី​អាជ្ញាធរ​ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រជាជន​យួន​នៅតែ​បន្ត​ចូលមក​ដាំ​ដំណាំ​តាម​តំបន់​ព្រំដែន​ដូចជា សណ្ដែក ដំឡូង​មី នៅ​ចំណុច​ដែល​យួន​ចូលមក​ជីក​ស្រះ​ចំនួន​៩ ហើយ​បច្ចុប្បន្ន​លុប​១​វិញ​នៅសល់​៨​។ ជាងនេះទៅទៀត​សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា ហាក់ដូចជា​ពុំមាន​លទ្ធភាព​ក្នុងការ​ទប់ស្កាត់​ករណី​ទាហាន​យួន​សាងសង់​ប៉ុស្ដិ៍​ថ្មី​២​កន្លែង​នៅតាម​ព្រំដែន​នោះឡើយ​៕

Pic178 Pic177 Pic176