ព្រៃ​ឡង់​ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏ដូចជា​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រ​ទប់ស្កាត់​បទល្មើស​កា​ប់​ឈើ​និង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​តំបន់​ព្រៃ​ឡង់ នៃ​ស្រុក​ព្រែក​ប្រសព្វ​នោះទេ​។ ហេតុនេះហើយ​ទើប​ក្រុម​ជនល្មើស​នៅតែ​អាច​កាប់​ឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ចំណែក​អ្នកមាន​លុយ អ្នកមានអំណាច មួយចំនួន​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លោក អ៊ឹង ស៊ីណា​ង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​បទល្មើស​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ព្រែក​ប្រសព្វ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ពួកគាត់​បានឃើញ​គ្រឿងចក្រ​ចំនួន​៣​គ្រឿង​កំពុង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​នៅ​ចំណុច​បុស្ស​សឿន ភូមិ​ត្រពាំង​កកោះ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​។ ទីតាំង​ដែល​ជនល្មើស​ប្រើ​គ្រឿងចក្រ​៣​គ្រឿង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ធ្វើជា​កម្មសិទ្ធិ​នោះ គឺជា​គម្រប​ព្រៃ​ឡង់ ហើយ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ឃុំ​ជ្រោយ​បន្ទាយ បាន​ឲ្យ​ដឹងថា មេភូមិ មេឃុំ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឈ្មោះ ឡេង ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ព្រៃ​ឡង់​ទន្ទ្រាន​កាន់កាប់​ដីធ្លី​។​

តាម​ប្រភពពី​ក្រុម​ជនល្មើស​មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគេ​ចំណាយលុយ​យ៉ាងច្រើន​ទៅ​ឲ្យ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ទើប​អាច​យក​គ្រឿងចក្រ​ចូលទៅ​ឈូសឆាយ​បំផ្លាញ​ព្រៃ​ឡង់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន​យ៉ាង​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ភូមិ អាជ្ញាធរ​ឃុំ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទេនោះ គឺ​មិន​អាចធ្វើ​សកម្មភាព​បានឡើយ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ហើយ​ត្រូវ​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាពិសេស​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ មិនត្រូវ​ព្រងើយកន្តើយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​ព្រៃ​ឡង់​នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ កំពុង​ត្រូវ​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

Pic179 Pic181 Pic180