នាំ​ទៅ​បាញ់​សម្លាប់​រួច​បើករថយន្ត​យក​ទៅ​ប្លុង​ចោល

នាំ​ទៅ​បាញ់​សម្លាប់​រួច​បើករថយន្ត​យក​ទៅ​ប្លុង​ចោល



ខេត្តកណ្ដាល ៖ សព​បុរស​ម្នាក់ ដែល​គេ​សង្ស័យ​ថា​ជា​ជនជាតិ​ចិន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​រោង​យាម​ប្រជា​ការពារ ដែល​គេ​សង់​ជា​របៀប​ខ្យូ​ស ជា​សាលាសំណាក់ ស្ថិត​នៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១០ សីហា និង​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្លើ​ល​យ៉ាង​ខ្លាំង ដល់​អ្នក​ភូមិ​និង​សមត្ថកិច្ច គ្រា​ដែល​គេ​បានឮ​សូរ​សម្លេង​កាំភ្លើង ព្រមទាំង​បានឃើញ​សព ត្រូវ​ឃាតករ​បាញ់​ជា​ច្រើន​គ្រាប់ ។

ចំណែក​ជន​ដៃដល់​ជា​ឃាតករ បាន​បើករថយន្ត​ទៅ​ប្លុង​ចោល​នៅ​តាម​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ខេត្តតាកែវ  ហើយ​គេចខ្លួន​បាត់ ពេល​ដែល​ដឹង​ថា​សមត្ថកិច្ច​ដេញ​តាម ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ក្រុម​ឃាតករ​ជិះ​យក​ទៅ​ប្លុង​ចោល​នោះ​ម៉ាក Visto ពណ៌​ការ៉ុត ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-7925 ។ ទោះបីជា​បែប​ណា មិន​ទាន់​ដឹង​ថា ជា​រថយន្ត​របស់​ឃាតករ ឬ​រថយន្ត​របស់​ជន​រង​គ្រោះ​ទេ ឃើញ​ប្លុង​ចោល​នៅ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​បាញ់​សម្លាប់​ជា​ច្រើន​គ្រាប់​នេះ មិន​ច្បាស់​អត្តសញ្ញាណ​នោះ​ទេ តែ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ជា​ជនជាតិ​ចិន ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ រាងស្ដើង កំពស់​ជាង​១,៧០​ម៉ែត្រ សំ​បុរស ពាក់អាវ​ដៃខ្លី​ក្រឡាស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ។

តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ជន​រង​គ្រោះ​ត្រូវ​ឃាតករ​បាញ់​ដោយ​កាំភ្លើងខ្លី​ចំនួន​៤ គ្រាប់ មាន​ស្នាម​ធ្លុះ​៦​កន្លែង គឺ​គល់​ក សៀតផ្កា និង​ដើមទ្រូង គឺ​បាញ់​ចំ​កន្លែង​សំខាន់​ៗ ។ នៅ​កន្លែង​កើតហេតុ វត្ថុ​តាង​បន្សល់​ទុក​មាន បារី​ពីរ​កញ្ចប់ និង​មាន​វិក្ក​យ​ប័ត្រ​អាហារ​ដ្ឋា​ន អង់​តែ​ន​ទួល​គោក មួយ​សន្លឹក និង​មិន​មាន​ឯកសារ​អ្វី​ផ្សេង​ទៀត​ឡើយ ។

បើ​តាម​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៤​រសៀល ថ្ងៃ​កើតហេតុ​មាន​មនុស្ស​៣​នាក់ បើករថយន្ត​ដូច​ខាងលើ បាន​មក​ឈប់​ជជែក​គ្នា​នៅ​ចំណុច​សាលាសំណាក់ និង​ជា​រោង​សម្រាប់​ប្រជា​ការពារ​យាមកាម នៅ​ភូមិ​កោះ​ខ្នុរ ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ជា​កន្លែង​កើតហេតុ​នោះ ។ លុះដល់​ម៉ោង​ប្រមាណ​ជិត​៦​ល្ងាច ក៏​បានឮ​សូរ​សំឡេង​ផ្ទុះអាវុធ​៤​ទៅ​៥​គ្រាប់ ហើយ​បានឃើញ​រថយន្ត​នោះ​បើក​ចេញ​សំដៅ​ទៅ​ផ្លូវជាតិ​លេខ​២ ។

ដោយ​មានការ​សង្ស័យ អ្នក​នៅ​ជិត​នោះ​បាន​ចេញ​មក​មើល ក៏​បានឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ក្នុង​សាលាសំណាក់​នេះ ដោយ​ការ​បាញ់​សម្លាប់​ពី​ឃាតករ ទើប​មានការ​ផ្អើល​ឆោឡោ​ឡើង និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ស្ទាក់​រថយន្ត ខាងលើ ។

ទំនងជា​ឃាតករ​បានដឹង​ថា មិន​អាច​បើករថយន្ត​គេចខ្លួន​រួច​នោះ ក៏​បាន​ចត​រថយន្ត​ទុក​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ទៅ ។

លោក ទូច អី​ុ​ណា​ន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល បាន​ប្រាប់​ថា ករណី​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១១ សីហា មិន​ទាន់​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ច្បាស់លាស់​នៅឡើយ​ដែរ ប៉ុន្តែ​សង្ស័យ​ជា​ជនជាតិ​ចិន ។​ សព​ជន​រង​គ្រោះ ត្រូវ​បាន​យក​មក​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ៕