មតិយោបល់ សម្រាប់ជ្រើសរើស មុខវិជ្ជាសិក្សាមហាវិទ្យាល័យ ឲ្យបានត្រឹមត្រូវ ក្រោយពេលប្រលងបាក់ឌុប

ជាក់ស្តែង មិនដែលមានមនុស្សណាម្នាក់ ដែលថាមិនធ្លាប់បានគិត និងសម្រេចចិត្តខុសនោះទេ គ្រាន់តែខ្លះជារឿងតូច ខ្លះជារឿងធំប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកត្រូវចៀសវាងការសម្រេចចិត្តខុស តាមដែលអាចធ្វើទៅបានទើបជារឿងប្រសើរ។

ចុះសិស្សានុសិស្សដែលកំពុងតែត្រៀម ប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅរយៈពេលខាងមុខនេះ មានបានសម្រេចចិត្ត ជ្រើសរើសមុខវិជ្ជាសិក្សា ថ្នាក់វិទ្យាល័យហើយឬនៅ?  ភាគច្រើន ប្រាកដជាបានជ្រើសរើសទុកមុនជាស្រេច មិនថាតាមការស្រលាញ់របស់ខ្លួន តាមឪពុកម្តាយ ឬតាមមិត្តភក្តិនោះទេ។ តែក៏មានខ្លះទៀត នៅមិនទាន់សម្រេចចិត្តនៅឡើយ ក៏ព្រោះតែវាមិនមែនជាការសម្រេចចិត្ត បែបលេងសើចឡើយ។ វាជាការសម្រេចចិត្ត ដែលកំណត់នូវអនាគតកាល របស់ពួកគេទាំងអស់គ្នា។

អ្វីដែលសំខាន់ តើប្អូនៗសិស្សានុសិស្សអាចធ្វើការសម្រេចចិត្ត ជ្រើសរើសមុខជំនាញត្រឹមត្រូវបានដោយរបៀបណាទៅ? ជឿទេ មាននិស្សិតច្រើននាក់ណាស់ ដែលទទួលរងការសោកស្តាយ ដោយសារជ្រើសរើសមុខជំនាញខុស ដោយអ្នកខ្លះទៅតាមឪពុកម្តាយ អ្នកខ្លះតាមមិត្តភក្តិ អ្នកខ្លះរៀនទាំងមិនដឹងគោលដៅ។  ហេតុនេះទើប Khmerload នឹងនាំប្រិយមិត្ត ជាពិសេស សិស្សនុសិស្សដែលត្រៀមប្រលងបាក់ឌុប មកជួបជាមួយនឹងអ្នកដែលធ្លាប់មានបទពិសោធន៍ ដើម្បីផ្តល់ជាការណែនាំ ដើម្បីកុំឲ្យមានការសោកស្តាយនៅថ្ងៃក្រោយ។

ងាកមក កញ្ញា “ឌីអាណា” ដែលសព្វថ្ងៃនេះជា និស្សិតកំពុងសិក្សាមុខជំនាញ Design និងជាអតីតនិស្សិត មុខជំនាញធនាគារ ក៏បាននិយាយរៀបរាប់ប្រាប់ Khmerload ថា ៖ “ខ្ញុំបានរៀនមុខវិជ្ជាធនាគារ ដល់ឆ្នាំទីពីរទៅហើយ ក៏ពិតមែន ប៉ុន្តែមូលហេតុដែលខ្ញុំសម្រេចចិត្ត ផ្លាស់ប្តូរជំនាញមកសិក្សា Design វិញក៏ព្រោះតែទីមួយ មកពីយើងរៀនលែងយល់ទៅហើយ។ កាលពីឆ្នាំទីមួយ យើងអាចចាប់បាន តែបែរជាដល់ឆ្នាំទីពីរ កម្រិតយើងដូចជាទៅមិនដល់ មិនអាចចាប់បាន។ ទីពីរ គឺដោយសារតែ ខ្ញុំស្រលាញ់មុខវិជ្ជា Design នេះជាយូរមកហើយ ណាមួយខ្ញុំមានបងប្រុស ដែលកំពុងតែសិក្សាខាងផ្នែក Architect ហើយគាត់ក៏បានជួយផ្តល់យោបល់ថា ប្រសិនបើមករៀន Design មានបញ្ហាអត់យល់អ្វី គាត់អាចជួយបាន។ គាត់ក៏បាននិយាយប្រាប់ខ្ញុំបន្ថែមទៀតថា មុខជំនាញ Design និង មុខជំនាញ Architect នៅពេលបច្ចុប្បន្ននេះ បានប្រែមុខមាត់ មានទីផ្សារការងារល្អ ហើយជាក់ស្តែង ប្រសិនជាយើងចេះស្ទាត់ វាល្អជាងទីផ្សារការងារផ្នែកសេដ្ឋកិច្ច ដែលខ្ញុំធ្លាប់រៀនទៅទៀត។” 

កញ្ញាញញឹមស្រស់ ក៏បានបន្តទៀតដែរថា ៖ “ពីដំបូងឡើយ ខ្ញុំរៀនធនាគារ គឺដោយសារតែ លោកប៉ា គាត់ជាអ្នកចង់ឲ្យខ្ញុំរៀន ហើយណាមួយ កាលនោះ គេនាំគ្នានិយាយថា រៀនធនាគារ ងាយស្រួលរកការងារធ្វើ។ ជាក់ស្តែង នៅពេលនោះក៏ខ្ញុំមានចិត្តចង់ជំទាស់ មិនព្រមរៀនធនាគារដែរ ប៉ុន្តែខ្ញុំពេលនោះមិនដឹងថាចង់រៀនអ្វីឲ្យប្រាកដដែរ ហើយ Design កាលនោះគ្មានទីផ្សារការងារ ទើបសម្រេចចិត្តមិនរៀនតែម្តងទៅ។ រីឯលោកប៉ា ក៏គាត់លែងជំទាស់ដែរហើយ ព្រោះទីផ្សារខាង Design ឥលូវមានភាពទូលំទូលាយ ហើយក៏មានបងប្រុសគាត់ចេះ ជាពិសេស យើងរៀនយល់តែម្តង”។ ជាចុងក្រោយកញ្ញា ក៏បានលើកឡើងថា ៖ “ខ្ញុំក៏មានមតិយោបល់ចង់ប្រាប់ទៅ ប្អូនៗសិស្សានុសិស្សដែរថា ដើម្បីជ្រើសរើស មុខជំនាញថ្នាក់មហាវិទ្យាល័យបានត្រឹមត្រូវ គឺយើងត្រូវប្រាកដថាយើងស្រលាញ់មុខជំនាញណាមួយឲ្យច្បាស់សិន ព្រោះដោយសារតែចិត្តស្រលាញ់ ទើបអាចរៀនឆាប់ចេះ ឆាប់ចាំបាន។ យើងមិនអាចទៅតាមការណែនាំ របស់គ្រួសារបាននោះទេ លុះត្រាតែយើងមានដុង ឬមានអ្នកជួយបង្រៀនដិតដល់ដែរ ទើបអាចទៅរួច។ តែបើយើងគ្មានដុង គ្មានអ្នកជួយជ្រោមជ្រែងទេនោះ យើងមិនអាចទៅតាមគ្រួសារបានទេ។ ហើយប្រសិនបើយើងដឹងថា យើងមិនអាចរៀនទៅមុខបានទេ យើងអាចឈប់ភ្លាមបានដើម្បីកុំឲ្យអស់លុយ ហើយខាតទាំងពេលវេលាទៅទៀត។ ជាពិសេស ត្រូវមើលទីផ្សារការងារដែរ ថាតើសង្គមយើងទទួលស្គាល់យ៉ាងដូចម្តេចផងដែរ”។ 

បែរមក “បញ្ញា” ដែលជាបុគ្គលិកក្រុមហ៊ុនមួយ និងជានិស្សិតដែលកំពុង តែសិក្សាជំនាញ ធនាគារ ក៏បានរៀបរាប់ដែរថា ៖ “សព្វថ្ងៃ ខ្ញុំកំពុងតែសិក្សាមុខជំនាញធនាគារ ប៉ុន្តែជាក់ស្តែង ខ្ញុំរៀនតាម ម៉ាក់ប៉ា ដែលគាត់ជាអ្នកតម្រង់ទិសឲ្យតែប៉ុណ្ណោះ មួយវិញទៀតគឺ កាលនោះ ជំនាញនេះ មានទីផ្សារការងារច្រើនគួរសមផង។ តាមការពិត ខ្ញុំចូលចិត្តខាងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ អគ្គិសនី និង Design ទៅវិញទេ។ ណាមួយ ខ្ញុំមានដុងខាងហ្នឹងពីកំណើត។ ម៉ាក់ និងប៉ាធ្លាប់មានគំនិតស្តាយក្រោយខ្លះដែរ ប៉ុន្តែវាជារឿងដែលហួសពេលទៅហើយ។ ទោះបីជាពេលនេះ ខ្ញុំមិនសម្រេចចិត្តផ្លាស់ប្តូរមុខជំនាញ ក៏ខ្ញុំមិនបោះបង់ចំណង់ចំណូលចិត្តស្រាវជ្រាវ ខាងផ្នែកដែលខ្ញុំមានដុងពីកំណើតនេះដែរ”។

បុរសសង្ហារកូនកាត់ចិននេះ ក៏បានបន្តទៀតថា ៖ “ខ្ញុំសង្ឃឹមថា ប្អូនៗជំនាន់ក្រោយ អាចគិតឲ្យបានវែងឆ្ងាយ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញ ដែលត្រូវសិក្សា។ ជាពិសេស គឹត្រូវចាប់ផ្តើមពីចំណង់ចំណូលចិត្ត របស់យើង និងដុងដែលមានពីកំណើត ឬក៏អាចសង្កេតមើលមុខវិជ្ជាណាដែល រៀនបានពូកែជាងគេ។ ឧទាហរណ៍ អ្នកដែលពូកែគីមី ឬជីវៈ អាចរៀនពេទ្យជាដើម។ តែត្រូវចៀសវាង កុំព្យាយាមសិក្សាជំនាញណា ដែលមិនច្បាស់ក្នុងចិត្ត ដោយគ្រាន់តែតាមម៉ាក់ប៉ា ឬតាមមិត្តភក្តិ ឬឃើញមានគេរៀនច្រើនជាដាច់ខាត”។

បន្ថែមពីនេះ ស្រីស្អាតម្នាក់ដែលសព្វថ្ងៃជានិស្សិតផ្នែក គណនេយ្យ ឈ្មោះ “ម៉ី” ក៏បានរៀបរាប់ដែរថា ៖ “ខ្ញុំរៀនជំនាញ គណនេយ្យនេះ គឺដោយសារខ្ញុំធ្លាប់គិតថា ខ្ញុំជាមនុស្សស្រី ហេតុនេះរឿងកាន់លុយ ឬការដែលទាក់ទងនឹងចំនូលចំនាយ គឺជារឿងល្អ។ ប៉ុន្តែ បើនិយាយថា រៀនចំជំនាញឬអត់នោះ គឺប្រាកដជាមិនត្រូវតាមដែល ចិត្តចង់ទេ ព្រោះរាល់ថ្ងៃក៏ធ្វើការងារ មិនចមជំនាញដដែលហ្នឹង។ ខ្ញុំមិនមានអ្វីច្រើនទេ តែសុំឲ្យតែប្អូនៗ ដែលនឹងត្រូវប្រលងទី ១២ ជាប់ទាំងអស់គ្នា។ ជាពិសេស ចាប់ជំនាញរៀន កម្រិតមហាវិទ្យាល័យ ឲ្យបានត្រឹមត្រូវ មានន័យថា ត្រូវតែជ្រើសរើសតាមចំនូលចិត្ត ដែលយើងស្រលាញ់ពេញចិត្ត មិនមែនតាមម៉ាក់ប៉ា គាត់តម្រង់ផ្លូវឲ្យរៀន ឬតាមតែមិត្តភក្តិ ដើម្បីបានជាគ្នាទេ។ យើងត្រូវធ្វើយ៉ាងណា ប្រកាន់ជំហរខ្លួនឯង ព្រោះមានតែជំនាញដែលអ្នកស្រលាញ់ទេ ទើបអាចធ្វើឲ្យអ្នកមានការខិតខំប្រឹងប្រែង និងមិនងាយបោះបង់ចោលងាយៗឡើយ”។

សរុបមក ទោះបីជាអ្នកទទួលរងសម្ពាធប៉ុណ្ណា ក៏អ្នកគួរតែជ្រើសរើសជំនាញណាដែល ជាចំណូលចិត្ត កើតឡើងពីក្តីស្រលាញ់ចូលចិត្ត ចៀសវាងការជ្រើសរើស តាមការនាំផ្លូវ របស់នរណាម្នាក់ មិនថាជាអ្នកមានគុណ ឬជាមិត្តភក្តិនោះឡើយ៕

ចុះប្រិយមិត្តខ្មែរឡូតវិញ មានមតិយោបល់យ៉ាងណាដែរ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មតិយោបល់ សម្រាប់ជ្រើសរើស មុខវិជ្ជាសិក្សាមហាវិទ្យាល័យ ឲ្យបានត្រឹមត្រូវ ក្រោយពេលប្រលងបាក់ឌុប

មតិយោបល់ សម្រាប់ជ្រើសរើស មុខវិជ្ជាសិក្សាមហាវិទ្យាល័យ ឲ្យបានត្រឹមត្រូវ ក្រោយពេលប្រលងបាក់ឌុប

មតិយោបល់ សម្រាប់ជ្រើសរើស មុខវិជ្ជាសិក្សាមហាវិទ្យាល័យ ឲ្យបានត្រឹមត្រូវ ក្រោយពេលប្រលងបាក់ឌុប

មតិយោបល់ សម្រាប់ជ្រើសរើស មុខវិជ្ជាសិក្សាមហាវិទ្យាល័យ ឲ្យបានត្រឹមត្រូវ ក្រោយពេលប្រលងបាក់ឌុប