មិន​ព្រម​រុះរើ​​តាម​កិច្ចសន្យា អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ប្រើ​វិធានការ​ក្តៅ

រាជធានី​ភ្នំពេញ ៖ សំណង់​ជា​រោង និង​ខ្យូ​ស​របស់​ភោជនីយដ្ឋាន​ដែល​សង់​លយ​ចូល​ទៅ​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ ដោយ​អត់​ច្បាប់​ និង​មិន​ព្រម​រុះរើ​ដោយ​ខ្លួនឯង តាម​កិច្ចសន្យា​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ប្រើ​វិធានការ​ក្តៅ​ចុះ​ទៅ​កាត់ និង​រុះរើ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា ។

សំណង់​សង់​លើ​ទឹក​ដែល​មិន​គោរព​កិច្ចសន្យា​នោះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ឱ្យ​ដឹង​ថា មាន​ភោជនីយដ្ឋាន​៤​ទីតាំង ។ ទោះបីជា​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា អាជ្ញាធរ បាន​ប្រើ​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​កាត់​រុះរើ​បាន​តែភោជនីយដ្ឋាន «​ទន្លេ​មាស​» មួយ​សិន ហើយនឹង​បន្ត​រុះរើ​ភោជនីយដ្ឋាន​ចំនួន​៣​ទៀត ជា​បន្តបន្ទាប់ ។

លោក ហ៊ុយ សា​រុន អភិបាលរង​ខណ្ឌ​ជ្រោយចង្វា បានឱ្យ​ដឹង​ថា សំណង់​ភោជនីយដ្ឋាន ទាំង​៤​ដែល​ត្រូវ​រុះរើ​នៅ​ពេល​នេះ ពុំ​មានច្បាប់​អនុញ្ញាត​នោះ​ទេ ដែល​បាន​សង់​លើ​ផ្ទៃ​ទឹក ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​តាម​ដង​ទន្លេ និង​បំពុលបរិស្ថាន​ទឹក ។ សំណង់​ទាំងនេះ​ក្នុង​ចំណោម​សំណង់​លើ​ទឹក​ចំនួន​៩ ដែល​បាន​ធ្វើ​កិច្ចសន្យា​ថា ​នឹង​រុះរើ​ដោយ​ខ្លួនឯង តែ​រហូត​មក​ដល់​ថ្ងៃ​កំណត់​មិន​បាន​រុះរើ ទើប​អាជ្ញាធរ​ប្រើ​វិធានការ​ជាក់ស្តែង​ចុះ​ទៅ​រុះរើ​តែ​ម្តង ។

លោក​អភិបាលរង​បានឱ្យ​ដឹង​ទៀត​ថា កន្លង​មក​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា បាន​ធ្វើ​លិខិត​ជួន​ដំណឹង​ជា​បន្តបន្ទាប់ ជា​ច្រើន​មក​ហើយ​តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ នៅ​តែ​បន្ត​សង់ ។

លោក​អភិបាលរង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ មិថុនា អាជ្ញាធរ​បាន​ចុះ​ទៅ​រើ​សំណង់​ភោជនីយដ្ឋាន​សង់​លើ​ផ្ទៃ​ទឹក​ចំនួន​៩​ទីតាំង សំណង់​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​រុះរើ ខ្លះ​ទៀត​ម្ចាស់ ក៏​បាន​សុំ​រុះរើ​ដោយ​ខ្លួនឯង និង​បាន​ធ្វើ​កិច្ចសន្យា មាន​ខ្លះ​សុំ​រយៈពេល​១០​ថ្ងៃ និង​ខ្លះ​រយៈពេល​កន្លះ​ខែ ​។

ដោយ​មានការ​យោគយល់​អាជ្ញាធរ​ក៏​បាន​ឯកភាព​ធ្វើ​កិច្ចសន្យា នៅ​ចំពោះ​មុខ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។ នៅ​ពេល​ដល់​ថ្ងៃ​កំណត់ ម្ចាស់​មួយ​ចំនួន​បាន​រុះរើ​ដោយ​ខ្លួនឯង នៅ​សល់​តែ​៤​ទីតាំង​ខាងលើ មិន​គោរព​តាម​កិច្ចសន្យា ហើយ​ផ្គើន​នឹង​អាជ្ញាធរ​ទៀត​ផង ។

ដោយឡែក ភោជនីយដ្ឋាន​ទន្លេ​មាស ដែល​អាជ្ញាធរ​រុះ​មុនគេ គឺ​ពុំ​មានច្បាប់​ធ្វើ​អាជីវកម្ម និង​ច្បាប់​ទីតាំង​ឡើយ មិនតែប៉ុណ្ណោះ​សង់​រំលោភ​ច្រាំង​ទ​ន្ល និង​លយ​ចូល​លើ​ផ្ទៃ​ទឹក​ទៀត ។ អាជ្ញាធរ​ខណ្ឌ​អះអាង​ថា វិធានការ​ក្តៅ​របស់​អាជ្ញាធរ​នេះ គឺ​ដើម្បី​រក្សា​ឱ្យ​បាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅ​តាម​ដង​ទន្លេ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា មាន​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន សរុប​ទាំងអស់​១៦៣​ទីតាំង ហើយ​ត្រូវ​ក្រុម​មន្ត្រី​ប្រាប់​ថា អត់​ច្បាប់​ស្ទើ​តែ​ទាំងអស់ ហើយ​ភាគច្រើន​បាន​សាង សង់​ធ្វើ​ជា​រោង និង​ខ្យូ​ស នៅ​តាម​មាត់​ទន្លេមេគង្គ ដែល​ខ្លះ​មាន​លក្ខណៈ​បិត​បាំង​ដែល​អាច​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស និង​អំពើ​អនាចារ​ផង​ដែរ ៕