យក​អាយ​ហ្វូ​ន​ឲ្យ​ជាង​ដោះ​កូដ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តបាត់ដំបង​៖  ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពេល​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​ទៅ​ឲ្យ​ជាង​ដោះ​កូន​នៅ​ផ្សារ​ថ្មី បន្ទាប់​ពី​ស្ត្រី​រូប​នោះ​បាន​វះ​កាបូបស្ពាយ​ស្ត្រី​បរទេស​ម្នាក់​លួច​បាន​ហើយ​តែ​មិន​ចេះ​ប្រើ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦ ចំណុច​ផ្សារ​ថ្មី​(​ផ្សារ​១៣​មក​រា​) ស្ថិត​ក្នុងភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដៃ​ឆើត​ឈ្មោះ ហាក់ ផស់ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ី​ស្ទ័​រ ស្ពេ​ន​ស៊ើ​រ អាយុ​៦៤​ឆ្នាំ ជា​ជនជាតិ​អា​មេ​រិ​កាំ​ង ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​សង្ស័យ​បាន​ធ្វើ​សកម្មភាព​វះ​កាបូបស្ពាយ​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​កាបូប​អស់ ខណៈ​ពេល​ស្ត្រី​បរទេស​រូប​នោះ​កំពុង​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ថ្មី ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ ស្ត្រី​សង្ស័យ​បាន​យក​ទូរស័ព្ទ​ទៅ​ឲ្យ​ជាង​នៅ​ផ្សារ​ថ្មី​ដដែល​ជួយ​ដោះ​លេខ​កូដ​ដើម្បី​លក់ ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

បើ​តាម​បណ្ដឹង​របស់​ស្ត្រី​ជនបរទេស​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​វះ​កាបូបស្ពាយ​របស់​គាត់ លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​កាបូប​អស់​ពេល​គាត់​កំពុង​ដើរ​ចូល​ក្នុង​ផ្សារ​ដើម្បី​រក​ទិញ​ទំនិញ ប៉ុន្តែ​គាត់​មិនដឹង​ថា គេ​វះ​កាបូប​គាត់​នៅ​ពេល​ណា​ទេ ។ លុះ​ទាញ​កាបូប​មើល​ទើប​ឃើញ​ស្នាម​ដាច់​រហែក និង​បាត់បង់​ទ្រព្យសម្បត្តិ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​គាត់​ក៏​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង ។ នៅ​ក្នុង​បណ្ដឹង​របស់​ស្ត្រី​រង​គ្រោះ គឺ​ចោរ​បាន​លួច​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ទឹកមាស​១​គ្រឿង លុយ​៣០​ដុល្លា ប័ណ្ណបើកបរ និង​ឯ​សារ​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន​សួរនាំ ស្ដ្រី​សង្ស័យ​ឈ្មោះ ហាក់ ផស់ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ឡា​ម​វះ​កាបូបស្ពាយ​របស់​ស្ត្រី​បរទេស​ខាងលើ​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​កាបូប​នោះ​មែន ។ ស្ត្រី​សង្ស័យ​បញ្ជាក់​ថា ក្រោយ​ពេល​លួច​បាន​ខ្លួន​មិន​ចេះ​ប្រើ​ទេ ព្រោះ​ជាប់​លេខ​កូដ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ដដែល​ខ្លួន​ក៏​យក​ទូរស័ព្ទ​នោះ​ទៅ​ឲ្យ​ជាង​នៅ​ផ្សារ​ថ្មី​ជួយ​ដោះ​លេខ​កូដ​ដើម្បី​លក់ ក៏​ត្រូវ​សមត្ថកិច្ច​មក​ដល់​ឃាត់ខ្លួន​តែ​ម្ដង ។

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​ប្រាប់​ដែរ​ថា ស្ត្រី​សង្ស័យ​គឺជា​មុខសញ្ញា​ដែល​តែង​ប្រព្រឹត្ត​អំពើ​ចោរកម្ម​តាម​ទីប្រជុំជន ជា​ពិសេស​នៅ​តាម​ទីផ្សារ​នានា ។ លោក​អធិការ​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន ប័ណ្ណបើកបរ និង​ឯកសារ​នានា ហើយ​លោកស្នងការ​ខេត្ត​បាន​សម្រេច​ប្រគល់​ជួន​ស្ត្រី​បរទេស​នោះ​វិញ​ហើយ ។ ដោយឡែក​ស្ត្រី​សង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្ឡូ​វ​ច្បាប់ ៕