ផ្ទុះ​ក្នុង​មជ្ឈមណ្ឌល​អគ្គិសនី​មួយ​របស់​ចិន​ស្លាប់​21​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍​ថា ការ​ផ្ទុះ​ក្នុង​មជ្ឈមណ្ឌល​អគ្គិសនី DANGYANG ខេត្ត​ហ៊ូ​ប៊ី ភាគ​កណ្តាល​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់ និង​របួស​៥​នាក់ ក្នុង​នោះ​៣​នាក់​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​១១ សីហា ។

ការ​ផ្ទុះ​កើត​មាន​នា​វេលា​រសៀល​មក​ពី​ការ​ដាច់​ទុយោ​ចំហាយ​មួយ​ដោយសារ​សម្ពាធ​ខ្ពស់​ក្នុង​ទីតាំង​រោងចក្រ​អគ្គិសនី​នេះ ។ ចិន​តែង​ជួប​ប្រទះ​គ្រោះថ្នាក់​ឧស្សាហកម្ម​ញឹកញាប់​ស្លាប់​មនុស្ស​ច្រើន​នាក់ ដែល​ញ៉ាំង​ឱ្យ​មានការ​លើក​ឡើង​ពី​បញ្ហា​បទដ្ឋាន​សន្តិសុខ និង​ពី​ការ​មិន​គោរព​បទដ្ឋាន​នេះ ដោយ​បណ្តា​សហគ្រាស​។

គ្រោះថ្នាក់​ថ្មី​នេះ​កើត​មាន​ជិត​១​ឆ្នាំ​បន្ទាប់​ពី​ការ​ផ្ទុះ​យ៉ាង​សែន​ទារុណ​កាលពី​ខែសីហា ឆ្នាំ​២០១៥ នៅ​កន្លែង​ស្តុក​ផលិតផល​គីមី​មួយ​នៅ​ឯកំ​ពង់​ផែ TIANJIN ភាគ​ខាងជើង​ប្រទេស​។ គ្រោះ​មហន្តរាយ​នេះ​បាន​បំផ្លាញ​តំបន់​ជុំវិញ​ទីតាំង​ស្តុក​នេះ ហើយ​សម្លាប់​មនុស្ស​យ៉ាងតិច​១៦៥​នាក់ ។ វា​កើតឡើង​ដោយសារ​ការ​ផ្ទុះ​ឆេះ​វត្ថុ​ធាតុ​គ្រោះថ្នាក់​នានា​ដែល​ស្តុក​មិន​សម​ស្រប ឬ​ខុសច្បាប់​នៅ​ទីនោះ ៕