មេធាវី​ឯ​.​ឧ កឹម សុខា ត្រៀមខ្លួន​តតាំង​ក្តី បើ​ចៅក្រម​ស៊ើបសួរ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​ និពន្ធដោយ : ថ្មីៗ       August-12-2016, 2:19 pm         506

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេធាវី​ឯ​.​ឧ កឹម សុខា ត្រៀមខ្លួន​តតាំង​ក្តី បើ​ចៅក្រម​ស៊ើបសួរ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​លោក ហែម សុជាតិ មេធាវីការពារក្តីឯកឧត្តម កឹម សុខា ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត កាលពីពេល​កន្លងទៅ​ភ្នំពេញ​៖ មកដល់​ពេល​នះ មេធាវី​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា ពុំទាន់​ទទួលបាន​ដីកា​សម្រេច​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ ក្រោយពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​នីតិវិធី​ស៊ើបសួរ ហើយ​បញ្ជូន​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា មក​ស្ថាន​ប័ន​អយ្យការ ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​។ មេធាវី ឯកឧត្តម កឹម សុខា មិនមាន​សង្ឃឹមថា តុលាការ​នឹង​តម្កល់​រឿងនេះ​ទុក​អត់​ចាត់ការ​ឡើយ ដោយ​លោក​ត្រៀម​ចិត្ត ដើម្បី​តតាំង​ក្តី​នៅពេល​បញ្ជូនទៅ​ជំនុំជម្រះ​។​

​មេធាវី​លោក ហែម សុជាតិ ពុំទាន់​ទទួលបាន​ដីកា​ថ្មី​ពី​តុលាការ​នោះទេ ក្រោយពី​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​ច្រានចោល​សំណើ​របស់លោក​ឲ្យ​អយ្យការ​អម​សាលាដំបូង តម្កល់​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ទុក​ឥត​ចាត់ការ កន្លងទៅ​។ មេធាវី​ការពារ​ឯកឧត្តម កឹម សុខា ដែល​រង​បទចោទប្រកាន់​ពី​ការបដិសេធ​មិន​ចូលខ្លួន រូបនេះ មិន​សង្ឃឹមថា តុលាការ​នឹង​លើកលែង​ការចោទប្រកាន់​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ឡើយ​។  លោក​និយាយថា លោក​ត្រៀមខ្លួន​ការពារ​តតាំង​រឿងក្តី​ក្តាំង​នៅ​តុលាការ ប្រសិនបើ​ចៅក្រម​សម្រេច​បញ្ជូនទៅ​ជំនុំជម្រះ នាពេលខាងមុខ​។ «​យើង​បានទទួល​ដំណឹង​ចៅក្រម​បិទ​ការស៊ើបអង្កេត តែ​យើង​ពុំទាន់​ទទួល​ដីកា​សម្រេច ពី​តុលាការ​ថា ឥត​ចាត់ការ ឬ​ជំនុំជម្រះ​នៅឡើយ​ទេ​។ តែ​យើង​មិន​សង្ឃឹមថា តុលាការ​ឥត​ចាត់ការ​ទេ ព្រោះ​ដូច​យើង​ដឹង​ហើយ​ថា តុលាការ​ស្ថិតក្រោម​ឥទ្ធិពល​ណាមួយ​»​។ នេះ​បើតាម​ការអះអាង​របស់​លោក ហែម សុជាតិ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប​របស់​ឯកឧត្តម កឹម សុខា​។

​ជាមួយគ្នា លោក ហែម សុជាតិ បាន​ពន្យល់​ពី​នីតិវីធី​តុលាការ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា នៅពេលដែល​អយ្យការ​ទទួល​បាន​សំណុំរឿង​ពី​ចៅក្រម​ស៊ើបសួរ ព្រះរាជអាជ្ញា​នឹងធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​លើ​សំណុំរឿង​ឯកឧត្តម កឹម សុខា ហើយ​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាជាថ្មី​។ លោក បន្ថែមទៀតថា សេចក្តីសន្និដ្ឋាន​ស្ថាពរ​របស់​ព្រះរាជអាជ្ញា មាន​២​ប្រភេទ  គឺ​ទី​១. សេចក្តីសន្និដ្ឋាន​ជំនុំជម្រះ និង​ទី​២ សេចក្តីសន្និដ្ឋាន​ទុក​ឥត​ចាត់ការ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី លោក លី សុផាន់​ណា បាន​ឲ្យ​ដឹងថា ចៅក្រម​ស៊ើបសួរ​បាន​បញ្ជូន​ដីកា​បន្តទៅ​អង្គការ​អយ្យការ​រួចហើយ​។ តែ​ពួកគេ ពុំទាន់​សម្រេច​ចេញ​ដីកា​នៅឡើយ​ទេ​។​«​ចៅក្រម​បាន​ជូនដំណឹង​អំពី​ការបិទ​ការ​ស៊ើបសួរ​ហើយនឹង​បន្ត​នីតិវិធី​នៃ​ការបិទ​ការ​ស៊ើបសួរ ដោយ​បញ្ជូន​សំណុំរឿង​មក​ឲ្យ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើ​ដីកា​សន្និដ្ឋាន​ស្ថាពរ និង​បន្ទាប់មក​ចៅក្រម​ត្រូវ​ចេញ​ដីកា​ដំណោះស្រាយ​»​។ នេះ​បើតាម​លោក​ព្រះរាជអាជ្ញារង លី សុផាន់​ណា​។​

​ឯកឧត្តម កឹម សុខា កំពុង​ជាប់ចោទ​ពីបទ «​ការបដិសេធ​មិន​ចូលខ្លួន​»​របស់​តុលាការ​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ ដោយសារ​លោក​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ បដិសេធ​ចូលខ្លួន​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ជុំវិញ​សំណុំរឿង​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ តាម​ការកោះហៅ​របស់​តុលាការ​ចំនួន ២​ដង​។ មកដល់ពេលនេះ អស់​រយៈ​ជាង ២ ខែ​ហើយ ដែល​ឯកឧត្តម កឹម សុខា ឃុំ​ខ្លួនឯង​នៅក្នុង​ទីស្នាក់ការ​កណ្តាល​បក្ស​។​

​តែ​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​៧ ខែកក្កដា​នេះ ជុំវិញ​ការចោទប្រកាន់​របស់​តុលាការ ទៅលើ​តំណាងរាស្ត្រ​បក្សប្រឆាំង ហើយ​គ្រោង​នឹង​បញ្ជូនទៅ​ជំនុំជម្រះ​នៅពេល​ខាងមុខ​។ គណបក្សប្រឆាំង អះអាងថា តុលាការ អាចធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​លើ​រឿងក្តី​របស់​តំណាងរាស្ត្រ ដើម្បី​បញ្ជូនទៅ​ជំនុំជម្រះ​បាន លុះត្រាតែ​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​ជាមុនសិន ដោយ​សំអាង​លើ​មាត្រា ៧ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ និង​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​៕