ប្រដាល់​អន្តរជាតិ Black Cat ដល់​ថ្ងៃ​កំណត់​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​ប៉ះ​ឡាវ និង​ថៃ

រាជធានី​ភ្នំ​ពេ​ពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​១២ សីហា ខាន​ស្អែក​នេះ ប្រដាល់ «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប ប៉ះ​កីឡាករ​ឡាវ និង​ថៃ ដើម្បី​កំដរ​ភ្នែក​មហាជន ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​នៅឡើយ​ទេ ដោយសារ​តែ​ថៃ ក៏អួត​រឿង​ខ្លាំង ហើយ​កីឡាករ​ខាង​កម្ពុជា​ក៏​អួត​ថា ខ្លួន​មិន​ណ​យ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​តទៅ ដោយ​មានការ​រំពឹង​ជា​ច្រើន​ថា នឹង​មាន​អ្នក​ទស្សនា​ច្រើន មិន​ខុស​គ្នា​ពី​ការ​ប្រកួត​អន្តរជាតិ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដងនោះ​ទេ ដោយសារ​តែ​សមាសភាព​ដែល​តម្រូវ​ឲ្យ​ប៉ះ​គ្នា​គឺ​មាន​ក្រេ​ឌី​ត​ល្អ ។ កីឡាករ​កម្ពុជា​២​រូប គឺ ឡុ​ង សុ​ភី និង ពុទ្ធ ឆាយ​រិ​ទ្ធី នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​បរទេស នៅ​យប់​ថ្ងៃអាទិត្យ ខានស្អែក​នេះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប មាន​បំណង​ប៉ះ​គ្នា​យូរហើយ មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ ។ ក្នុង​នោះ​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ចូលខ្លួន​សាក​កណ្ដាប់ដៃ​ជាមួយ​កីឡាករ​បរទេស តាំងពី​មុន​មានការ​ផ្គូរ​ផ្គង​នោះ​ផង ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្លែង​ថា កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ថាវ ព្រំ​មីន ក្នុង​នាម​ជា​គូ​ឯក ។ លោក​ថា​ជំនួប​រវាង​ពួក​គេ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក ឡុ​ង សាល​វ័​ន្ដ បាន​ស្នើ​ឲ្យ​កូនសិស្ស​របស់​ខ្លួន​ប្រកួត​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​តែ​ម្ដង ដោយសារ​តែ​កីឡាករ​ឡាវ​ក៏​ជាប់​ឈ្មោះ​ជា​ជើង​ខ្លាំង ពិបាក​ស្វែងរក​គូប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ លោក​ថា គ្រូបង្វឹក​ប្រចាំ​ក្លិប​សាល​វ័​ន្ដ​កីឡា ឲ្យ​ចង់​កូនសិស្ស​របស់​ខ្លួន​ជួប​ប្រកួត ដើម្បី​ដក​ពិសោធន៍​សមត្ថភាព និង​ចង់​ឲ្យ​បាន​លេចធ្លោ​តាម​រយៈ​ការ​វាយបំបាក់​កីឡាករ​រូប​នេះ ឲ្យ​ដួល​បាក់ស្បាត​នៅ​លើ​សង្វៀន​នោះ​ផង ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា ទើប​ទទួលយក​ពាក្យ​ស្នើ​សុំ​របស់​លោក ឡុ​ង សាល​វ័​ន្ត ហើយ​ដាក់​ឲ្យ​កីឡាករ ឡុ​ង សុ​ភី ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង ថាវ ព្រំ​មីន ។

លោក​និយាយ​ថា​៖ «​សម្រាប់​គូ​នេះ កីឡាករ​ឡាវ​ខ្លាំង ប៉ុន្តែ​មក​ពី​ខ្ញុំ​ទុកចិត្ត​លើ ឡុ​ង សុ​ភី និង​បាន​សួរ​ទៅ​កាន់​លោក ឡុ​ង សាល​វ័​ន្ដ ថា ឡុ​ង សុ​ភី ហ៊ាន​ឡើង​វាយ​ជាមួយ​អត់ ហើយ​គាត់​ឆ្លើយ​ថា កំពុង​តែ​ចាំ​រកមុខ ទើប​យើង​សម្រេច​ឲ្យ​ប៉ះ​គ្នា​តែ​ម្ដង នៅ​យប់​ថ្ងៃអាទិត្យ​ហ្នឹង នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ Black Cat»​។ លោក​ថា កីឡាករ​ថៃ ឡាវ ថាវ ព្រំ​មីន ធ្លាប់​ប្រកួត​៩២​លើក ឈ្នះ​៧៥​លើក  ចាញ់​១៥​លើក និង​ក្នុង​ស្មើ​២​ក្នុង​ពេល​ដែល​កីឡាករ ឡុ​ង សុ​ភី ធ្លាប់​ប្រកួត​១៤៤​លើក ឈ្នះ​១០៦ លើក​ចាញ់​២៩​លើក និង​ស្មើ​៩​លើក ។

សម្រាប់​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី វិញ លោក​ញាណ សុធី បញ្ជាក់​ថា ថ្វី​ដ្បិតតែ​គេ​វ័យក្មេង និង​មាន​ស្នាដៃ​ឡើង​ប្រកួត​អន្តរជាតិ​មិន​ច្រើន តែ​គេ​ក៏​មាន​បច្ចេកទេស និង​ថ្វីដៃ​មិន​ធម្មតា​នោះ​ទេ ទើប​នាំ​ឲ្យ​លោក​សម្រេចចិត្ត​ផ្គូផ្គង​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ ស៊ុប​ភើ ឆៃ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ Black Cat នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​ការ​ប្រកួត​ទាំងមូល​ទំនងជា​នឹង​ស្វិតស្វាញ ដោយ​សារ​តែ​កីឡាករ​កម្ពុជា ក៏​ត្រូវការ​ឈ្នះ ហើយ​កីឡាករ​ខាង​ថៃ​ក៏​ជា​ជើង​ខ្លាំង​ដែល​មិន​ងាយ​ចុះចាញ់ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​១២១​លើក ឈ្នះ​១០៤​លើក ចាញ់​១៥​លើក និង​ស្មើ​២​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៧៩​លើក ឈ្នះ​៦៥​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ៕