ល្បែងស៊ីសង​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​បាត់ដំបង ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក ប៉ាង ហៀ​ង ចូលកាន់​តំណែង​ជា​អធិការនគរបាល​ក្រុង​បាត់ដំបង ជំនួស​លោក យឹម វិចិត្រ រួចមក គឺ​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​នៅតែ​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​នានា នៃ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា​ល្បែង​កន្ទុយលេខ ភ្នាល់​បាល់ទាត់ បៀ​អាប៉ោង បញ្ជល់មាន់ និង​ល្បែងភ្នាល់​ទឹកភ្លៀង ពុំមាន​ការថយចុះ​នោះទេ គឺ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក​ឧត្ដមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គិតគូរ​ឡើងវិញ​អំពី​ការពង្រឹង​សន្តិសុខ​សង្គម​។

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ហើយ​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង មិន​យកចិត្តទុកដាក់​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ មេ​ល្បែង​កន្ទុយលេខ​មួយចំនួន​ក្រោយពេល​សមត្ថកិច្ច​បង្ក្រាប​មិនបាន​ប៉ុន្មាន​ផង ក៏​ប្រកប​របរ​អាជីវកម្ម​ខុសច្បាប់​ដូច​មុន​ដដែល ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​។ មានការ​រិះគន់​ចំៗ​ថា ការបង្ក្រាប​ល្បែង​កន្ទុយលេខ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ជាពិសេស​ការបង្ក្រាប​មេ​កន្ទុយលេខ​ឈ្មោះ នង សុវត្ថិ​ឌី ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ប្ដី​ជា​គ្រូបង្រៀន គឺ​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ទៀតថា មាន​មេ​កន្ទុយលេខ​ម្នាក់​គឺជា​ប្រពន្ធ​របស់​មន្ត្រី​កង​រាជ​អា​វុ​ហត្ថ ហើយ​មកដល់ពេលនេះ​មិនទាន់​ឃើញ​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង និង​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់វិធានការ​បង្ក្រាប​នៅឡើយ​។ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរថា ការដែល​ល្បែង​កន្ទុយលេខ ភ្នាល់​បាល់ទាត់ ភ្នាល់​ទឹកភ្លៀង និង​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ រាលដាល​កាន់តែខ្លាំង​កំពុង​នាំ​ឲ្យ​កើតមាន​អំពើចោរកម្ម គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​បទល្មើស​គ្រឿងញៀន​ក៏​រាលដាល​កាន់តែខ្លាំង​ដែរ​។ ដូច្នេះ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង កើតមាន​ដូច​សព្វថ្ងៃនេះ​ទេ ហើយ​គួរ​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​៕

7bbdbf93-a82b-4f4b-9698-b9b89af6367e b8c6d4f0-1c3b-4919-a22c-5e50dbcc00dd 1591509f-4819-4dfd-89c0-06599b7b4df7