មេបញ្ជាការ​យោធា​កងអនុសេនាធំ​ទី​៣ ស្រុក​កោះ​ញែក ជាប់​ពាក់ព័ន្ធ​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​យក​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​យោធា​ការពារ​ព្រំដែន និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ធ្វើជា​ខ្នងបង្អែក ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ទៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន​នៃ​ស្រុក​កោះ​ញែក នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា មេបញ្ជាការ​យោធា​កងអនុសេនាធំ​ទី​៣ ប្រចាំ​ទិស​កោះ​ញែក នៃ​ខេត្តមណ្ឌលគិរី គឺជា​អ្នកកាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាមួយគ្នានេះ​ក៏មាន​ការឃុបឃិត​ពី​សំណាក់​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក​ផងដែរ ទើប​បទល្មើស​បន្ត​រាលដាល​យ៉ាង​គគ្រឹកគគ្រេង ហើយ​ការបង្ក្រាប​ពុំមាន​ប្រសិទ្ធភាព​ទាល់តែសោះ​។ ចំណែក​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស និង​ព្រៃ​សហគមន៍​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នាពេល​បច្ចុប្បន្ន​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​មួយចំនួន​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​លំផាត់ និង​ក្រុង​បាន​លុង ខេត្តរតនគិរី យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​អូ​រយ៉ា​ដាវ ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​។ រីឯ​ឈ្មួញ​មួយចំនួនទៀត​បាន​យក​មន្ត្រី​យោធា​ការពារ​ព្រំដែន​ក្នុងស្រុក​កោះ​ញែក ធ្វើជា​ខ្នងបង្អែក​ហើយ​មន្ត្រី​យោធា​ទាំងនោះ​ការពារ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ឈ្មួញ​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​៕

Pic184 Pic185