ប៉ូលិស​បង្ក្រាប​យ៉ាង​ទាន់ហន់ ក្រុម​ចោរ​បាញ់​ប្លន់​ម៉ូតូ​ទាំង​យប់មុខ​ហាង​កាហ្វេ​យីហោ​ដេ​លី

ប៉ូលិស​បង្ក្រាប​យ៉ាង​ទាន់ហន់ ក្រុម​ចោរ​បាញ់​ប្លន់​ម៉ូតូ​ទាំង​យប់មុខ​ហាង​កាហ្វេ​យីហោ​ដេ​លី



រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ម្នាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែសីហា បន្ទាប់​ពី​ការ​បាញ់​ប្លន់​យក​ម៉ូតូ​នៅ​មុខ​ហាង​កាហ្វេ​ដេ​លី តាម​មហាវិថី​ព្រះ​សីហ​នុ កែង​នឹង​ផ្លូវ​លេខ​១១៣ ក្នុងសង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន បណ្តាល​ឱ្យ​ជន​រង​គ្រោះ​របួសធ្ងន់ ។ ក្រោយ​ការ​ចាប់ខ្លួន​នេះ​ជនសង្ស័យ​៣​នាក់​ទៀត ក៏​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដែរ ។

ទាក់ទង​នឹង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា ជា​ប្រតិបត្តិការ​មួយ​ដែល​មានការ​សហការ​រវាង​កម្លាំង​នគរបាល​ខណ្ឌចំការមន កម្លាំង​នគរបាល​ខណ្ឌដូនពេញ ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ស្ទាក់​និង​ដេញចាប់​ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ដែល​ត្រូវ​ចំណាយពេល​អស់​ជា​ច្រើន​ម៉ោង​។

ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​នាំ​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​១-​ឈ្មោះ ខាត់ សុ​ឃី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣០A ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​(​ជា​ជន​ដៃដល់​) ២-​ឈ្មោះ ចំរើន វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​(​ជា​ជន​ដៃដល់​) ៣-​ឈ្មោះ គី​ម ពៅ ហៅ ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ជាមួយ​បងស្រី​ផ្ទះ​ម្តុំ​ឡឥដ្ឋ​កា​ណា​ឌី​យ៉ា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​៤-​ឈ្មោះ មាស សំណាង ហៅ ញ៉ា​ញ់ ហៅ​ត្រងោល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​(២​នាក់​នេះ​ឃាត់ខ្លួន​ក្នុង​កិច្ច​ប្រតិបត្តិការ​) ។

លោក​វរសេនីយ៍ត្រី តី វិសាល នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ពេល​សាកសួរ​ជនសង្ស័យ​ទាំង​៤​នាក់ គឺ​មាន​២​នាក់​ពិតជា​ជន​ដៃដល់​ក្នុង​អំពើ​បាញ់​ប្លន់​យុវជន​ម្នាក់ ខណៈ​ចូល​ដក​លុយ​ក​ពី​ទូ ATM របស់​ធនាគារ​ឥណ្ឌូ​ឆាយ​ណា នៅ​មុខ​ហាង​កាហ្វេ​ដេ​លី កាល​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែសីហា​។ ចំណែក​២​នាក់​ទៀត មិន​ទាន់​សារភាព​ថា​ បាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​នោះ​ទេ ។

ទោះជា​យ៉ាងណា សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំង​៤​នាក់​នេះ និង​កាំភ្លើងខ្លី​ម៉ាក​កា​៥៤​មួយ​ដើម ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​២​នាក់​ជា​ជន​ដៃដល់​ត្រូវ​បាន​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​ហិង្សា​(​បាញ់​ប្លន់​យក​ម៉ូតូ​) និង​២​នាក់​ទៀត អាស្រ័យ​លើ​តំណាង​អយ្យការ​សម្រេច ។

ក្នុង​នោះ​ដែរ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ មាន​លេខ​តួ​-​លេខ​ម៉ាស៊ីន 9595407 ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ប៊ិ​ន ថា​វ៉ា​ត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ត្រឡោក​បែក ខណ្ឌទួលគោក ដែល​បច្ចុប្បន្ន​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕​