អាណិត​ណាស់ ! ខំឆ្លៀតដើម្បីជីវភាព​ បែរជា​ជួប​គ្រោះថ្នាក់​បែប​នេះ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​បែកក្បាល​ដួល​ប្រកាច់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ខណៈ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​ពេញទំហឹង​លាន់​ដូច​រន្ទះ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​មុខ​កាស៊ីណូ GOLDEN GALAXY ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​បា​វិត បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ តូច ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​ឡឺ​ម៉ា​កាវ ក្រុង​បា​វិត មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​ភ្ល ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរ​រៀង 1H-3598 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ម៉ាក INTERNATIONAL ពាក់ ស្លាក​លេខ 51C-65514 (​ស្លាក​លេខ​វៀតណាម​) ពណ៌​ស បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បុក​ក្បាល​ចំ​សាក់​ស៊ី​រថយន្ត​បែកក្បាល​ប្រកាច់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ អ្នកបើកបរ​រថយន្ត​ជនជាតិ​វៀតណាម​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ពិនិត្យ​វាស់វែង រួច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​សព​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​វត្ថុ​តាង​ទាំងរ​យន្ត ទាំង​ម៉ូតូ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​បា​វិត ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បុគ្គលិក​កាស៊ីណូ​ឡឺ​ម៉ា​កាវ បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ តូច ធី ក្រៅ​ម៉ោង​ការងារ​ក្នុង​កាស៊ីណូ គឺ​តែងតែ​ឆ្លៀត​រត់​ម៉ូតូឌុប​ដើម្បី​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ គេ​បាន​ដឹក​ម៉ូយ​ចេញពី​កាស៊ីណូ​ទៅ​ដាក់​ផ្ទះសំណាក់ នៅ​ពេល​ត្រឡប់​មក​វិញ​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្តង ៕