ចាប់​នាវា​នេសាទ​យួន​១៨​គ្រឿងក្នុង​សមុទ្រ​កម្ពុជា

ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​១១ សីហា ២០១៦ សមត្ថកិច្ច​ទាហានជើងទឹក​ការពារ​ដែនសមុទ្រ​កម្ពុជា បាន​ស្ទាក់​ចាប់​នាវា​នេសាទ​ប្រភេទ​អន្តរជាតិ​បាន​ចំនួន​ន​18​គ្រឿង ។

តាម​ប្រភព​ពី​ប្រជា​នេសាទ​ខ្មែរ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នាវា​ខាងលើ​នេះ ជា​ប្រភេទ​នាវា​នេសាទ ចូល​មក​ពី​ប្រទេស​វៀតណាម ហើយ​មក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនសមុទ្រ​ទឹក​រាក់ នៃ​អាណាចក្រ​ខេត្តកោះកុង ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ពេល​នេះ​នាវា​ទាំង​១៨​គ្រឿង​កំពុង​ប្រមូលផ្តុំ​ចត​នៅ​ចំណុច​អៅ​វ៉ៅ ដែល​ជាទី​បញ្ជាការ​វរ​សេនា​មួយ​នៃ​កង​ទាហានជើងទឹក​កម្ពុជា និង​មាន​ទា​ហា​ខាង​ម៉ា​រី​ន​ការពារ​យ៉ាង​ប្រុង​ប្រយ័ត្ន​។ តាម​មន្ត្រី​ស្ថាប័ន​មួយ ដែល​ជា​សមាជិក​គណៈកម្មការ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា នាវា​ទាំងនេះ ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​សមត្ថកិច្ច​គណៈកម្មការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ ក្រោម​បទបញ្ជា​លោក ប៊ុ​ន លើ​ត អភិបាលខេត្ត​កោះកុង និង​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ ហើយ​បាន​រាយការណ៍​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រួច​ហើយ ។

ប៉ុន្តែ​លោក​ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ​ជួរ​មុខ​នៃ​គណៈកម្មការ​ជាតិ​លំហរ​សមុទ្រ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា ២០១៦ ប្រាប់​កោះសន្តិភាព​ថា នេះ​វា​ជា​រឿង​របស់​ថ្នាក់លើ​កំពុង​ដោះស្រាយ​គ្នា ។ លោក​និយាយ​ខ្លី​តែ​ប៉ុណ្ណេះ ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទៀត​ឡើយ​។