គ្រាន់តែ​ឆ្លុះ​អេកូ​ឃើញ​រូបរាង​ពិត​របស់​កូន​ ម្តាយ​សម្រេចចិត្ត​ទម្លាក់ចោល

ម្តាយវ័យក្មេងជនជាតិចិនម្នាក់បានសម្រេចចិត្តទម្លាក់កូនចោល បន្ទាប់ពីឆ្លុះអេកូរួច ឃើញកូនក្នុងផ្ទៃមានរាងដូចត្រីមច្ឆា ។នាង Wu វ័យ ២៣ ឆ្នាំ ត្រូវបានគេដឹងថា នាងបានពរពោះកូន ៦ ខែ រួចមកហើយ មុននឹងនាងសម្រេចចិត្តទៅពិនិត្យនៅមន្ទីរពេទ្យក្នុងស្រុក Hubei ប្រទេសចិន ។ ក្រោយការឆ្លុះអេកូរួច ស្រាប់តែរូបថតអេកូបានបង្ហាញថា កូនក្នុងផ្ទៃរបស់នាងមិនមានជើងពីរដូចគេដូចឯងទេ តែបែរជាដុះកន្ទុយដូចត្រីមច្ឆាទៅវិញ ។

មិនត្រឹមតែប៉ុណ្ណោះ យោងតាមសារព័ត៌មាន គេបានដឹងទៀតថា កូនក្នុងផ្ទៃនោះថែមទាំងគ្មានតម្រងនោមទេ និង ក្រិនថ្លើមទៀតផង ។ គ្រូពេទ្យក៏បានឲ្យដឹងដែរថា កូនក្នុងផ្ទៃនាង Wu បានរងគ្រោះពីជំងឺ Sirenomelia ដែលជាជំងឺកម្រមួយ ដែលវាកើតឡើងម្តងក្នុងចំណោម ១ សែនករណី ។

ជំងឺនេះគឺធ្វើឲ្យទារកក្នុងផ្ទៃមានរូបរាងដូចត្រីមច្ឆា ចំណែកឯមូលហេតុដែលនាំឲ្យកើតមានជំងឺនេះ ក៏នៅជាអាថ៌កំបាំងនៅឡើយផងដែរ ។ ក្រោយមក អ្នកជំនាញបានសន្និដ្ឋានថា កូនក្នុងផ្ទៃនេះអាចមានជីវិតតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលកើត ហេតុនេះទើបនាង Wu សម្រេចចិត្តទម្លាក់កូនចោលទាំងក្រៀមក្រំ ។

ជំងឺនេះក៏ធ្លាប់កើតមានលើក្មេងស្រីអាមេរិកម្នាក់ឈ្មោះ Shiloh Pepin ផងដែរ ហើយទោះបីជានាងធ្លាប់ឆ្លងកាត់ការវះកាត់ច្រើនជាង ១៥០ ដង នាងនៅអាចរស់រានមានជីវិតបានត្រឹមតែ ១០ ឆ្នាំ និង លាចាកលោកទៅកាលពីឆ្នាំ ២០០៩ ៕

ប្រភព៖ pmhotnews


Related Posts