ម៉ៅ គីម​ធីតា ឆ្លើយ​​តប​ទៅ​​អ្នក​ដឹក​នាំ​សម្ដែង ជា ឈីម វិញ

ព្រឹក​មិញ លោក ជា ឈីម បាន​ខឹងសម្បា​ នឹង​​តារា​សម្ដែង កញ្ញា ម៉ៅ គឹមធីតា​ យ៉ាង​ខ្លាំង ដោយសារតែ​​តារា​រូប​នេះ​ មិន​គោរព​ពេលវេលា ព្រម​​​ទាំង​ប្រកាស​ដក​តំណែង​តួ​នេះ​ចេញ​ថែម​ទៀត​ផង។ ការ​លើក​ឡើង​នេះ​​តារា​ស្រី​​រូប​នេះ​​និយាយ​​ថា មិនមែន​កំហុស​នាង​តែ​ម្ខាង​ឡើយ។

 

 

ម៉ៅ គីម​ធីតា ឆ្លើយ​​តប​ទៅ​​អ្នក​ដឹក​នាំ​សម្ដែង ជា ឈីម វិញ
ម៉ៅ គីមធីតា ព្រម​ទទួល​ស្គាល់​ថា ខ្លួន​គឺ​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​រឿង​ហេតុ​នេះ​កើត​ឡើង ប៉ុន្តែ​មិន​ត្រូវ​ទម្លាក់​កំហុស​​លើ​នាង​តែ​ម្ខាង​ទេ ព្រោះ​កុងត្រា​បាន​ចុះ​ជា​មួយគ្នា​នោះ​ គឺ​បាន​ផុត​កំណត់ទៅ​ហើយ។ នៅ​ក្នុង​កុងត្រា គឺ​មាន​រយៈពេល៣​ខែក្នុង​ការ​ថត ប៉ុន្តែ​​​កន្លង​ទៅ​ជិត​១​ឆ្នាំ​ហើយ នៅ​តែ​មិន​ទាន់​​បាន​ថត​ទៀត។ ហេតុ​នេះ​នាង​ក៏​ទទួលថត​​ឲ្យ​អោយ​ផលិតកម្ម​ផ្សេង​ទៀត២ទៅ៣រឿង។ មុន​កុងត្រាកុងត្រា​ជាមួយផលិតកម្ម​ផ្សេង​ ធីតា អះអាង​ថា បាន​​ជូន​ដំណឹង​ឲ្យលោក ជា ឈីម ដែរ ។

 

តារា​ស្រី​ម្នាក់​នេះ​បាន​បន្ត​ទៀត​ថា នៅ​ពេល​នាង​រវល់​ថត​ឲ្យ​ផលិតកម្ម​ផ្សេង ខាង​ផលិតកម្ម​លោក ជា ឈីម ក៍​​ចេញ​ថត​ដូច​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ជាន់​ម៉ោង​ពេល​គ្នា។

 

ម៉ៅ គីម​ធីតា ឆ្លើយ​​តប​ទៅ​​អ្នក​ដឹក​នាំ​សម្ដែង ជា ឈីម វិញ
ជុំវិញ​ការ​លើក​ឡើង​នេះ លោក ជា ឈីម​ បាន​បញ្ជាក់​ថា ផលិតកម្ម ជា ឈីម មេឌា របស់​លោក​ដែល​បាន​ចុះ​កុងត្រា​​ជា​មួយ​ ​កញ្ញា ម៉ៅ គីមធីតា ក៏​ដូច​ជា​តួ​ផ្សេង​ទៀត ដើម្បី​ថត​រឿង “អស្ចារ្យ​ណាស់​សំណព្វ​ចិត្ត​ខ្ញុំ” មិន​បាន​កំណត់​ថ្ងៃ​ខែ​ឡើយ ដូច​នេះ​ការ​លើក​ឡើង​របស់ តារា​ស្រី​ម្នាក់​នេះ​គ្រាន់​តែ​ជា​ការ​ដោះសារ​ដោយ​​មិន​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ។

 

ជា​មួយ​គ្នា​នោះ កញ្ញា ម៉ៅ គីមធីតា បាន​ចោទ​ជា​សំណួរ​វិញ​ថា៖ “នៅ​ពេល​​ផុត​កុងត្រា​​ហើយ​អ៊ីចឹង តើ​អ្នក​ណា​ត្រូវ​សុំ​ពេល​អ្នក​ណា​វិញ? ហើយ​​ពាក្យ​សម្ដី គាត់និយាយ​ថា លើក​នាងខ្ញុំ​បាន ទម្លាក់​វិញ​ក៏​បាន តើកន្លង​មក គាត់ធ្លាប់​​លើក​អ្វី​ខ្លះ​ទៅ?”។
ទោះ​បី​ជា​​មាន​ការ​លើក​ឡើង​​ក្នុង​ហេតុ​ផល​ផ្សេង​ៗ​គ្នា​បែប​នេះ​ក្ដី ក៏​ភាគី​ទាំង​២​មិន​បាន​បង្ហាញ ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ឡើយ។ កញ្ញា ម៉ៅ គីមធីតា បាន​សុំទោស​ទៅ​លោក ជា ឈីម ដោយ​សុំ​បញ្ចប់​ត្រឹម​នេះ ហើយ​ចំណែក​លោក ជា ឈីម វិញ ក៏​មិន​បាន​បង្ហាញ​សញ្ញា​ណា​មួយ​ក្នុងការ​ប្ដឹង​ផ្ដល់​អ្វី​​ឡើយ គ្រាន់​តែ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឲ្យ​មហាជន​បាន​ដឹង​ប៉ុណ្ណោះ៕

 

អត្ថបទ៖ ខុត សីហា