​ហួសចិត្ត​! ឈ្មោះចំរើន តែកំពូល​បំផ្លាញ​

រាជធានីភ្នំពេញ ​៖ យុវ​​​ជន​​​​ម្នាក់​​​​យក​​​​​​ម៉ូតូ​​ដែលឪពុក​ម្ដាយ​​​​ទិញ​ឱ្យ​ជិះ​ទៅលក់អស់​ចំនួន​៥​គ្រឿង​​​ហើយ ​​ដើរ​ស៊ីចាយ​សប្បាយ​ហ៊ឺហារ លុះ​ចុង​ក្រោយ​​នេះ ឪពុក​ម្ដាយ​​​ទិញ​ម៉ូតូម៉ាក​​ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី​ឆ្នាំ​២០១៥ ឲ្យ​ជិះ​មួយ​គ្រឿងទៀត ស្រាប់​តែ​​ដោះ​យក​ស្លាក​លេខ​ម៉ូតូ ​រួម​និង​​កាត​គ្រី​ទៅ​ដាក់បញ្ចាំយក​លុយ​ទៅចាយ​អស់​ទៀត ​។ បន្ទាប់​មក​ បាន​ជិះ​ម៉ូតូ​ខាងលើ​ ដែលអត់​ស្លាក​លេខនោះ ហើយក៏​​បាន​ជួប​កម្លាំង​នគរបាល​កំពុង​ដើរ​ល្បាត​ពេល​យប់ ​​ត្រូវកម្លាំងឃាត់​​ត្រួតពិនិត្យ ខណៈនោះ​ដោយសារ​រក​​កាត​គ្រី​ ក៏​គ្មាន ឯកសារ​ផ្សេង​ៗ​​ក៏​គ្មាន ទើប​កម្លាំង​ធ្វើការ​ដកហូត​យក​​ម៉ូតូ​នោះ ទៅ​រក្សា​ទុក​រង់ចាំ​ស្រាវជ្រាវ រហូត៤​ថ្ងៃ​ក្រោយ​ត្រឹម​​​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា ឆ្នាំ​២០១៦  ទើប​​ប្រគល់​ម៉ូតូឱ្យ​​វិញ​។

យុវជនខាងលើ​ឈ្មោះ​ម៉ាច ចំរើន អាយុ​២៣​ឆ្នាំ ធ្លាប់​ត្រូវ​​​ឪពុក​ម្ដាយ​នាំ​ឱ្យ​​ចូល​ទៅ​ធ្វើ​ជា​មន្ត្រី កងរាជអាវុធហត្ថ​ដែរ ប៉ុន្តែ​ធ្វើ​មិនកើត​ ក៏​ឈប់​ទៅ​វិញ  មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខ​ញ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ​ចំ​ណែ​ម៉ូតូ​របស់​គេ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៏​ខ្មៅ​ពាក់​ស្លាក លេខ​ភ្នំពេញ​1CU-7929 ដែល​ត្រូវ​បាន​កម្លាំង​នគរ​បាល​ចាប់ដក​ហូត​យក​កាលពី​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​៩ ​សីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​តាម​ផ្លូវ ​​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​បាន​ចេញ​ល្បាត ដើម្បី​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងលើ បាន​ប្រទះ​ឃើញ​យុវជន​ម្នាក់​នោះ កំពុង​ជិះ​ម៉ូតូ១​គ្រឿង គួរ​ឲ្យ​មានការ​សង្ស័យ​ព្រោះ​ម៉ូតូ​នោះ អត់​មាន​ស្លាក​លេខ អត់​កញ្ចក់​និង​កុង​ទ័​រ​ថែម​ទៀត​ ។ ខណៈនោះ​ កម្លាំង​បាន​សួរនាំ​រកឯកសារ​កាត​​គ្រី​ផ្សេង​អត់​មាន ទើប​ឃាត់​និង​ដកហូត​ទៅ​រក្សា​ទុក នៅ​ប៉ុស្ដិ៍​ចោម​ចៅ ហើយ​ពេល​សាកសួរ ។

យុវជន​នោះ​បាន​ប្រាប់​​ថា រូបគេ​បាន​ដោះ​ស្លាក​លេខ​ម៉ូតូ​នោះ យក​ទៅ​បញ្ចាំ​រួម​និង​កាត​គ្រី​ផងក្នុង​តម្លៃ​២០០​ដុល្លារ​។ បន្ទាប់​មក ​ដោយ​អត់​មាន​ដើមបណ្ដឹង​ផង ហើយ​ឪពុក​របស់​គេ​ធានា​ផង បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ម៉ូតូ​ត្រូវ​បាន​ឃាត់​ទុក មិន​ប្រគល់​ឲ្យ​ទៅ​វិញ​ភ្លាម​ៗ​នោះ​ឡើយ គឺ​បាន​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​ចោម​ចៅ​ជា​បណ្ដោះអាសន្ន រហូត​ដល់​វេលា ព្រឹក​ថ្ងៃ​ទី​១២ ​សីហា បន្ទាប់​ពី​ជន​នោះ​ លោះ​យក​ស្លាក​លេខ​និង​កាត​គ្រី ទៅ​បង្ហាញ​និង​ពិនិត្យ​ឃើញ​ថា ត្រឹមត្រូវ​ទើប នគរបាល​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​ ។

​​នៅ​ពេល​សាកសួរពី​មូល​ហា​តុ​ដែល​ដោះ​ស្លាក​លេខ​យកទៅ​បញ្ចាំ​ ត្រូវ​យុវជន​នោះឆ្លើយ​ថា​ អត់​លុយ​ចាយ ត្រូវការ​លុយ​ចាំបាច់ ​ទើប​ដោះ​បញ្ចាំ រួម​ទាំង​កាត​គ្រី​ផង បាន​២០០​ដុល្លារ ដោយ​ដោះ​បញ្ចាំ​ពី​ព្រឹក លុះ​យប់​ឡើង​ ក៏​ត្រូវ​បាន​នគរបាល​ចាប់​បែប​នេះ​តែ​ម្ដង ​។

ដោយឡែក បុរស​ឈ្មោះ​ម៉ាច ​​ជា​អ្នក​ម៉ូតូ​កង់​បី ​ត្រូវជា​ឪពុក​យុវជន​នោះ​បាន​និយាយ​ថា ​កូនប្រុស​របស់​គាត់​ម្នាក់​នេះ គ្មាន​គ្រូអាចារ្យ​ណា​ប្រដៅ​បាន​ឡើយ ក្នុង​នាម​គាត់​ជា​ឪពុក​និយាយ​ប្រដៅ​លែង​ស្ដាប់​លែង​តាម​ទៅ​ហើយ គេ​ធ្វើ​អ្វី​ៗ​ស្រេច​តែ​ចិត្ត​នឹកឃើញ​ប៉ុណ្ណោះ និង​បាន​បំផ្លាញ​អស់​ច្រើន​ហើយ កន្លង​មក​ទិញ​ម៉ូតូ​ឲ្យ​ជិះ  បាន​លក់​អស់​ចំនួន​៥​គ្រឿង​ហើយ​ ។ ​គាត់​មិន​ចង់​ទិញ​ឲ្យ​ជិះ​ទៀត​ទេ ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​ដែល​កំពុង​មាន​ជំងឺផង ​ស្រលាញ់​កូន​ខ្លាំង​ណាស់ បាន​ទិញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU-7929 នេះ​ឲ្យ​ជិះ​ទៀត ក៏​ត្រូវ​លោក​កូន​ដោះ​កុង​ទ័​រ​ទៅ​បញ្ចាំ មិន​អស់ចិត្ត​ហើយ​បាន​ដោះ​យក​ស្លាក​លេខ និង​កាត​គ្រី​ទៅ​បញ្ចាំ​យក​លុយ​ទៀត​។

ក្រោយមក​ បាន​ជិះ​ម៉ូតូ​អត់ស្លាក​លេខ ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន ផ្ដល់​ការ​លំបាក​ដល់​គាត់​បែប​នេះ​ទៀត មិនតែប៉ុណ្ណោះ ​ឃើញ​កូន​និយាយ​មិន​ស្ដាប់​គាត់​បាន​ឲ្យ​ចូល​ធ្វើ​ជា​មន្ត្រី​កងរាជអាវុធហត្ថ មិន​បាន​ប៉ុន្មាន​ផង​ កូន​ម្នាក់​នេះ​បាន​ឈប់​ធ្វើ​ទៀត ដូច្នេះ​ គាត់​មិនដឹង​ថា ត្រូវ​ធ្វ​បែប​ណា​ទើប​ល្អ​នោះ​ឡើយ ម្យ៉ាង​ពេល​នេះ​ គា​ត់​នៅ​សល់​លុយ​ក្នុងផ្ទះ ត្រឹម​តែ​​ជាង​១​ពាន់​ដុល្លារ​​តែ​ប៉ុណ្ណោះ សម្រាប់​ទុក​ព្យាបាល​ជំងឺ​​ប្រពន្ធ ។