សំណុំរឿង​លោក​មេ​រង PM ក្រុង​ប៉ោយ​ប៉ែ​ត វាយ​យុវជន​ម្នាក់​នឹង​អាច​បញ្ជូន​ទៅ​តុលាការ

ខេត្តបន្ទាយមានជ័យ ៖ អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត លោក​ធិ​ន ស៊ិ​ន​ដេ​ត បាន​ឲ្យ​ដឹង​ថា ករណី​បណ្តឹង​រវាង​យុវជន ឈ្មោះ ហុង សីហា ជា​អាជីវករ ដែល​អះអាង​ជា​ជន​រង​គ្រោះ បាន​ប្តឹង​លោក​មេបញ្ជាការ​រង PM ក្រុង​ប៉ោយ​ប៉ែ​ត​នោះ សមត្ថកិច្ច​របស់​លោក​បាន​ចេញ លិខិត​កោះហៅ​ជនសង្ស័យ​ជា​មេ​រង PM រូប​នោះ​មក​រក​ដំណោះស្រាយ​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​ក្រោយ​នេះ  ។

បើ​តាម​លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត សំណុំរឿង​នេះ​ដែរ ប្រសិនបើ​រក​ដំណោះស្រាយ​មិន​ត្រូវ​គ្នា​ទេ និង​បញ្ជូន​សំណុំរឿង​បន្ត​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​។

ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​និយាយ​រអ៊ូ​រទាំង​ថា ថ្នាក់លើ​អាវុធហត្ថ​មិន​គួរ​តែងតាំង លោក​អនុសេនីយ៍ឯក ស្រៀ​ន  ចាន់​តារា ហៅ​«​អាត​»​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ទេ ព្រោះ​បុគ្គល​នេះ​ស្រវឹង​ក្នុង​ក្លឹ​ប​កំសាន្ត «​ថា​ច់​ដោ​ន​» (​ឌី​ស្កូ​រ​) ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត រួច​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​រាង​កាយ​យុវជន​ជា​អ្នកលក់​ស្បែកជើង​នៅ​ផ្សារ​ថៃ ។

លើស​ពី​នេះ​ទៀត ប្រភព​ច្បាស់​ការណ៍​ពី​ម៉ូតូឌុប សន្តិសុខ​នៅ​ក្នុង​តំបន់​នោះ​បាន​និយាយ​ដែរ​ថា បុគ្គល ស្រៀ​ន ចាន់​តារា តែងតែ​បង្ក​បញ្ហា​ជា​រឿយ​ៗ​ក្នុង​តំបន់​នេះ បង្ហាញ​អំណាច​ដើម្បី​ប្រមូល​ផលប្រយោជន៍​ពី​ក្នុង​ក្លឹ​ប​កំសាន្ត​នេះ  ព្រោះ​ខ្លួន​មាន​កូនចៅ​ជា​មេ​សន្តិសុខ មាន​ស្បែក​ជា PM និង​ខ្លួន​ជា​មេ​រង PM ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ ។

មតិ​ពលរដ្ឋ​បាន​និយាយ​ត​ៗ​គ្នា​ថា បុគ្គល​រូប​នេះ​តែងតែ​យកឈ្មោះ​មេបញ្ជាការ PM ខេត្តបន្ទាយមានជ័យ គឺ​លោក​ឧត្តមសេនីយ៍ត្រី ឱ បុរិន្ទ ជា​ខ្នងបង្អែក មាន​បងប្រុស​ជា​មេ​រង PM ខេត្តកណ្តាល មាន​ថ្នាក់ដឹកនាំ PM ផ្សេង​ទៀត ចាំ​កាង​តំណែង​របស់​ខ្លួន​រួច​ជា​ស្រេច ហេតុនេះ​មិន​មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​មក​លើ​បុគ្គល​នេះ​បាន​ទេ ។

គួរ​រំ​ឮ​កថា​យុវជន​ម្នាក់​ឈ្មោះ ហុង សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​លក់​ស្បែកជើង​ជជុះ នៅ​ផ្សារ​រាត្រី​ដើម​ពុទ្ទ្រា​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​ពាក្យ​ប្តឹង​លោក ស្រៀ​ន ចាន់​តារា ហៅ​«​អាត​» មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ពី​បទ​ប្រើ​ហិង្សា​វាយដំ​លើ​រាង​កាយ ។

បើ​តាម​យុវជន​ដែល​អះអាង​ថា​ខ្លួន​ជា​ជន​រង​គ្រោះ​និង​ដើមបណ្តឹង​បាន​ឲ្យ ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៧ សីហា ២០១៦ ខ្លួន​(​ហុង សីហា​) និង​មិត្តភក្តិ​៣​នាក់​ទៀត បាន​ទៅ​ហូប​ចុក​ផឹកស៊ី​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​« ថា​ច់​ដោ​ន​» បន្ទាប់​ពី​ផឹកស៊ី​រាំ​សប្បាយ​អស់​ជាង​២​ម៉ោង ពោល​គឺ​នៅ​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ សីហា ស្រាប់តែ​លេចមុខ​លោក​អនុសេនីយ៍ឯក ស្រៀ​ន ចាន់​តារា  មេបញ្ជាការ​ង PM​ក្រុង​ប៉ោយ​ប៉ែ​ត និង​បក្ខពួក​ប្រមាណ​៤-៥​នាក់ បាន​ចូល​មក​អង្គុយ​ផឹកស៊ី​តុ​ក្បែរ​នោះ ។

អាជីវករ​លក់​ស្បែកជើង​ជជុះ​នៅ​ផ្សារ​រាត្រី​ដើម​ពុទ្ទ្រា​រូប​នេះ​បន្ត ថា មួយសន្ទុះ​ក្រោយមក​លោក ស្រៀ​ន ចាន់​តារា បាន​ដើរមក​កាន់​តុ​របស់​ខ្លួន​ក្នុង​អាកា​រៈ​ស្រវឹង ហើយ​ប្រើ​ហិង្សា​វាយ​និង​ទះកំភ្លៀង​មក​លើ​ខ្លួន​ទាំង​មិនដឹង​មូលហេតុ ថែម​ទាំង​ស្រែក​សំឡុត​ទៀត​ថា «​ចង់ទៅ​ប្តឹង​នៅ​ណា ក៏​អញ​មិន​ខ្លាច​ដែរ​» បន្ទាប់​មក​ខ្លួន​និង​មិត្តភក្តិ​ក៍​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

យុវជន​ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​បន្ត​ថា ដោយសារ​តែ​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​រូប​នេះ វាយដំ​មក​លើ​ខ្លួន​មិនដឹង​មូលហេតុ ទើប​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ ៕