ព្រះខ័នរាជ ចង់បំផ្លាញមហិច្ឆតារបស់ ក្រុមទ័ព

ក្រុមព្រះខ័នរាជស្វាយរៀង គ្រោងនឹងប្តូរនៅទម្រង់លេងទម្រង់ស្រុង ដើម្បីត្រៀមបំផ្លាញនៅមហិច្ឆតារបស់ក្រុមក្រសួងការពារជាតិ(ទ័ព)សម្រាប់ការវិលមកជួបគ្នាក្នុងជើងទី២ នៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦ នៅស្តាតចាស់ នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍នេះ ប៉ុន្តែណាហ្គាវើលអាចបន្ថែមការឈ្នះ ឯក្រុមប៉ូលិស ត្រូវជម្រះបញ្ជីជាមួយក្រុមខេមបូឌានថាយហ្គឺរ ថ្ងៃសៅរ៍នោះដែរ។

KH

ក្រុមទ័ព ដែលកំពុងដាក់ទិសដៅ ត្រូវឈ្នះឲ្យបាន៣ប្រកួតចុងក្រោយ ដើម្បីប្រជែងដណ្តើមពានជាមួយក្រុមបឹងកេកអង្គរ ដែលកំពុងមានពិន្ទុនាំមុខចំនួន១នោះ ហាក់មិនសូវបារម្ភចំពោះការវិលមកជួបក្រុមព្រះខ័នរាជស្វាយរៀង នោះឡើយ ខណៈពួកគេធ្លាប់ឈ្នះព្រះខ័នរាជ ៥-១ ក្នុងជើងទី១នោះ។ លោក ទេព ឡុងរចនា ធ្លាប់ប្រាប់ថា៖«៣ប្រកួតដែលសេសសល់របស់ក្រុមទ័ព មិនសូវពិបាកក្នុងការរកបាន៩ពិន្ទុនោះឡើយ»។

យ៉ាងណាក៏ដោយ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា លោកនឹងប្តូរទម្រង់លេងថ្មី ដើម្បីផ្តល់ការលំបាកដល់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ សម្រាប់ការជួបគ្នាលើកទី២នេះ ហើយលោកក៏មានរំពឹងឈ្នះផងដែរ បើទោះបីជាខ្សែប្រយុទ្ធលេខធ្លោរជាងគេ ប្រាក់ មុន្នីឧត្តម អាចនឹងអវត្តមានដោយសារបញ្ហារបួសកន្លងមកនោះ។

លោក សំ វ៉ាន់ដេត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖«ជាគោលដៅរបស់យើង គឺយើងចង់ឈ្នះ២ប្រកួតធំៗចុងក្រោយនេះ គឺការយកឈ្នះក្រុមការពារជាតិ លើកនេះ និងបន្តយកឈ្នះក្រុមបឹងកេតអង្គរ សម្រាប់ការប្រកួតបន្ទាប់ទៀត»។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា ព្រះខ័នរាជ ឬ ក្រសួងការពារជាតិ ជាអ្នកសម្រេចទិសដៅ ក្នុងការឈ្នះបាន៣ពិន្ទុលើកនេះនោះទេ។

ដោយឡែកក្រុមណាហ្គាវើល នឹងត្រូវធ្វើការប្រកួតជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍នេះដែរ ហើយការវិលមកជួបគ្នាលើកនេះ ត្រូវបានគេរំពឹងថា ណាហ្គាវើល អាចនឹងបន្តយកឈ្នះក្រុមស៊ីម៉ាក់ បន្ថែមទៅលើការឈ្នះ ៣-១ ក្នុងជើងទី១ម្តងទៀត ដើម្បីពង្រឹងឱកាស ក្នុងការទទួលបានចំណាត់ថ្នាក់លេខ៣។

ចំពោះក្រុមខេមបូឌានថាយហ្គឺរ នឹងវិលទៅជួបក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ដែលពួកគេធ្លាប់ឈ្នះ ២-១ ម្តងទៀត នៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង ៦:០០ ប៉ុន្តែការយកឈ្នះក្រុមស៊ីម៉ាក់ ១-០ និងការបន្តលត់ក្រុមវេស្ទើន ៥-១ ក្នុងការប្រកួត២លើកចុងក្រោយរបស់ក្រុមប៉ូលិស វាបានបង្ហាញឲ្យឃើញថា ទម្រង់លេងរបស់ក្រុមប៉ូលិស ពេលនេះមានការរីកចម្រើនជាងជើងទី១៕

The post ព្រះខ័នរាជ ចង់បំផ្លាញមហិច្ឆតារបស់ ក្រុមទ័ព appeared first on CamboSport.