វេទិកាសាធារណៈ​ត្រូវ​បាន​ប្រជាជន​សំពង​ធ្ងន់​ដៃ

ខេត្តសៀមរាប ៖ នៅ​ក្នុង​វេទិកាសាធារណ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​១១ សីហា​នេះ បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​បញ្ហា​អគ្គិសនី គឺជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប ជា​ពិសេស​បញ្ហា​អគ្គិសនី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កំពង់​ថ្កូវ ដែល​ជា​មូលដ្ឋាន​ជាប់​គ្នា​និង​ឃុំ​តា​អាន​នោះ ក៏​ត្រូវ​បាន​លើក​ជា​សំណួរ​យក​មក​ដាក់​ជូន​វេទិកា​នេះ ដើម្បី​សុំ​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​លោក ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ក្រឡាញ់ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នោះ​ផង​ដែរ ។

ក្នុង​ឱកាស​នា​ថ្ងៃនេះ​ផង​ដែរ លោក ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ក្រឡាញ់  បាន​លើក​ឡើង​ថា បញ្ហា​អគ្គិសនី​នៅ​ស្រុក​ក្រឡាញ់ ជា​ពិសេស​នៅ​ឃុំ​កំពង់​ផ្កូ​វ​ថ្មី​ៗ​នេះ វា​ជា​កំ​ដៅ​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត  ហើយ​វា​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​និង​កំពុង​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​បំរើ​រាស្ត្រ អភិវឌ្ឍន៍​សង្គម​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ។ លោក ជា ច័ន្ទ​បរិបូណ៌ បាន​ព្រមាន​ចំពោះ​ក្រុមហ៊ុន​វឌ្ឍនៈ TN អង្គរ ដែល​កំពុង​វិនិយោគ​លើ​ការ​ផ្គត់ផ្គង់​សេវា​ថាមពល​អគ្គិសនី​មិន​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ថ្កូវ​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ការ​មិន​បាន​គោរព​តាម​ប្រការ​ចែង​នៅ​ក្នុង​សៀវភៅ​បន្ទុក ។

អ្វី​ដែល​ប្រជាពលរដ្ឋ​បង្ហាញ​ការ​តវ៉ា​លើ​បញ្ហា​អគ្គិសនី​នៅ​ក្នុង​អង្គ​វេទិកាសាធារណៈ​នោះ គឺ​ទី​១-​ក្រុមហ៊ុន​មិន​គោរព​អនុវត្ត​ផែនការ​ពង្រីក​បណ្តាញ​អគ្គិសនី​តាម​កិច្ចសន្យា ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​ជាមួយនឹង​ការ​ទន្ទឹងរង់ចាំ ។ បញ្ហា​នេះ មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្តសៀមរាប ក្នុង​នាម​តំណាង​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ឡើង​បក​ស្រាយ​ថា តាម​ពិត​ក្រុមហ៊ុន​មាន​មហិច្ឆតា​ខ្ពស់​ណាស់​ក្នុង​ការ​ពង្រីក​បន្ថែម​បណ្តាញ​ផ្គត់ផ្គង់ ដើម្បី​ការ​រីក​ចម្រើន​មុខរបរ​របស់​ខ្លួន ក៏​ប៉ុន្តែ​មក​ពី​ក្រុមហ៊ុន​ខ្វះ​ទុន​វិនិយោគ​បន្ត។ 

ជាមួយនឹង​ការ​បកស្រាយ​នេះ លោក​ប្រធាន​ក្រុមការងារ បាន​ចោទសួរ​ក្នុង​ន័យ​សង្កត់​ទៅ​លើ​ការ​បកស្រាយ​ដែល​មិន​មាន​ហេតុផល​សមរម្យ​នេះ​ថា មុន​នឹង​អាជ្ញាធរ​អគ្គិសនី​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ ធ្វើ​អាជីវកម្ម តើ​មាន​ពិនិត្យ​លើ​ទុន​វិនិយោគ​ដែរ​ទេ? ​ហើយ​បើ​ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ មិន​គោរព​តាម​កិច្ចសន្យា​ក្នុង​សៀវភៅ​បន្ទុក តើ​អាជ្ញាធរ​អគ្គិសនី​មាន​វិធានការ​យ៉ាងដូចម្តេច? ចម្លើយ​របស់​មន្ត្រី​តំណាង​រូប​នោះ បង្ហាញ​ថា ធ្វើ​របាយការណ៍​ផ្ញើ​ជូន​ថ្នាក់លើ​សុំ​ការ​ដោះស្រាយ​។ នៅ​មានការ​តវ៉ា​២​ចំណុច​ទៀត​ដែល​សុទ្ធតែ​ជា​កំហុស​របស់​អ្នក​វិនិយោគ​ទាំងស្រុង​តែ​ម្តង ។