ហេតុ​អី​ម្ចាស់​ខារ៉ាអូខេ​«​បុប្ផា​ជាយ​ដែន ប្រលែង​គង្គារ​»​ធ្វើ​យ៉ាងនេះ?

រាជធានី​ភ្នំពេញ ​៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ បាន​ចាញ់បោក​ជន​បោកប្រាស់​ ហៅ​ទៅ​បង្ខំ​ឲ្យ​ផឹកស៊ី​ច្រៀង​រាំ ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​យីហោ​ «​បុប្ផា​ជាយ​ដែន ប្រលែង​គង្គារ​» ដែល​មាន​ទីតាំង​ផ្លូវ​លេខ​៩៩ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ ​អស់ប្រាក់​ជាង​៥០០​ដុល្លារ ហើយ​នាំ​គ្នា​រត់គេច​អស់ ទុក​ឱកាស​ឲ្យ​ម្ចាស់​ហាង​ចាប់​បុរស់​អ្នក​រត់​ម៉ូតូឌុប​ ដកហូត​យក​ម៉ូតូ​ ម៉ាក​សេ​១២៥​ និង​អត្តសញ្ញាណប័ណ្ណ​ទុក​ ជិត​១​ខែ​មក​ហើយ នៅ​មិន​ព្រម​ឲ្យ​ម្ចាស់​វិញ​ឡើយ ទោះបីជា​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ​ទៅ​ជួយ​សំរបសំរួល​សង​ប្រាក់​ចំនួន​៣០០​ដុល្លារ​ក៍ដោយ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ ម្ចាស់​ហាង​  «​បុប្ផា​ជាយ​ដែន ប្រលែង​គង្គារ​» ​បាន​និយាយ​ថា ជា​ទម្លាប់​របស់​ក្រុមហ៊ុន​ខ្លួន​ គឺ​ត្រូវ​តែ​ឃាត់​ម៉ូតូ ឬ​រថយន្ត​ភ្ញៀវ​ទុក​សម្រាប់​កាត់កង​ថ្លៃ​ផឹកស៊ី​ មិន​ថា​ភ្ញៀវ​ណា​ជា​ភ្ញៀវ​ណា​ឡើយ​ ។ ចំពោះ​ករណី​នេះ មន្ត្រី​មូលដ្ឋាន​លួច​បង្ហើប​ថា ​ជា​ល្បិច​របស់​ម្ចាស់​ហាង ​និង​ជនខិលខូច ដែល​តែងតែ​ធ្វើ​សកម្មភាព ​ដូច​រូបភាព​ខាងលើ​នេះ​ញឹកញាប់ ហើយ​ម្ចាស់​ហាង​មិន​ដែល​ផ្តល់​ដំណឹង​ដល់​មន្ត្រី​មូលដ្ឋាន​ឡើយ​។

អ្នក​ច្បាប់​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា នេះ​ជា​បទ​សមគំនិត​គ្នា​រវាង​ម្ចាស់​ហាង​និង​ជនខិលខូច​។

សូម​បញ្ជាក់​ថា​រឿងរ៉ាវ​ខាងលើ​នេះ បុរស​អ្នក​រត់​ម៉ូតូឌុប​ត្រូវ​បាន​ជន​បោកប្រាស់​ម្នាក់ ធ្លាប់​ជា​ម៉ូយ​ជិះ​ម៉ូតូឌុប បាន​ស្គាល់គ្នា​ដោយសារ​ម៉ូយ​ម៉ូតូឌុប​តែ​មិន​ស្គាល់​អា​ស័​យ​ដ្ឋា​ន​ហៅ​ឌុ​ប​ទៅ​ផឹកស៊ី​នៅ​ហាង​ខាងលើ ហើយ​និយាយ​ថា​ចាំ​ផឹកស៊ី​ចប់​ចាំ​យក​លុយ​ព្រោះ​ម្ចាស់​ហាង​ជា​បងប្អូន​គាត់​ទេ​។

ដោយសារ​បញ្ហា​នេះ គាត់​ក៍​ចេះ​តែ​អង្គុយ​ចាំ​ក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ​ដែរ​ទៅ លុះ​ចុង​ក្រោយ​វ័ណ្ឌក​ម្នាក់ឯង​។ ករណី​ខាងលើ​នេះ​បើ​ម្ចាស់​ហាង​នៅ​តែ​មិន​ព្រម​យោគយល់​ដល់​ម្ចាស់​ម៉ូតូឌុប​ដែល​ចាញ់បោក​គេ​ទេ​នោះ និង​មាន​មេធាវី​អង្គការ​ជួយ​រៀបចំ​ឯកសារ​ប្តឹង​ម្ចាស់​ហាង​ខាងលើ​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​រូប​គាត់រ​ត់រក​ខ្ចី​និង​ចងការ​ប្រាក់​គេ​ពេញ​ភូមិ​ហើយ​រក​លុយ​បាន​តែ​៣០០​ដុល្លា​ប៉ុណ្ណោះ​៕